ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចាត់ទុក​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ថ្ងៃកំណើត​នគរបាលជាតិ ជាការ​រំលឹក​គំរូ​វីរភាព​វីរ​យុទ្ធជន យុទ្ធ​នារី​រៀមច្បង​!

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​រៀបចំ​កម្មវិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ថ្ងៃ​បង្កើត​នគរបាល​ជាតិ​កម្ពុជា ប្រព្រឹត្តទៅ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ថ្ងៃ​បង្កើត​នគរបាល​ជាតិ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​យ៉ាង​ធំធេង និង​ជា​ការ​រំលឹក​នូវ​គំរូ​វីរភាព​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​យុទ្ធជន វីរ​យុទ្ធ​នារី​ជា​រៀមច្បង នៃ​នគរបាលជាតិ​គ្រប់​សម័យកាល​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានចាត់ទុក​វីរភាព​របស់​ចាស់ទុំ និង​រៀមច្បង​នគរបាលជាតិ​ទាំងអស់​ថា ជា​មរតក​នៃ​គំរូ​វីរភាព និង​ស្នាដៃ បទពិសោធ​យ៉ាង​សម្បូរ​បែប​សម្រាប់​កងកម្លាំង​នគរបាល​ជាតិ​របស់​យើង នាពេល​បច្ចុប្បន្ន ប្រើប្រាស់​ជា​វិធានការ​ដ៏​ស័ក្ដិសិទ្ធិ​ដើម្បី​បំពេញ​ប្រតិបត្តិការ ប្រកបដោយ​ជោគជ័យ​ក្នុង​ភារកិច្ច​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រួមចំណែក​ធ្វើឱ្យ​សម្រេច​ជោគជ័យ​នូវ​បេសកកម្ម​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍ថា ការរៀបចំ​រម្លឹក​ខួប​អនុស្សាវរីយ៍ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា នាពេល​ខាងមុខ​នេះ ក៏​បាន​បង្ហាញ​ឱ្យឃើញ​ពី​ការប្តេជ្ញា​ថែរក្សា​នូវ​មរតក​រៀមច្បង​កងកម្លាំង​នគរបាល​ជាតិ បង្ហាញ​ពី​ការឯកភាព​ជា​ធ្លុង​មួយ​ក្នុង​ការបំពេញ​ភារកិច្ច​សំខាន់ៗ និង​បង្ហាញ​ពី​សមិទ្ធផល​នានា ដែល​ផ្តើម​ចេញពី​ការតស៊ូ លះបង់ ពុះពារ​ការលំបាក​គ្រប់បែប​យ៉ាង​របស់​កង​កម្លាំង​នគរបាល​ជាតិ ដើម្បី​បុព្វហេតុ សន្តិសុខ​ជាតិ​មាតុភូមិ និង​ការរស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​របស់​ពលរដ្ឋ​ទូទាំង​ប្រទេស ដើម្បី​ទាក់ទាញ​ការគាំទ្រ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​ពី​គ្រប់​អ្នកពាក់ព័ន្ធ ទាំង​ផ្ទៃក្នុង​ជាតិ និង​លើ​ឆាក​អន្តរជាតិ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា ក្រសួងមហាផ្ទៃ គ្រោង​នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៨០ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥ ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេនោះ ពិធី​នេះ​នឹង​រៀបចំ​ឡើង​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្ថិតនៅ​ឃុំ​ដី​ឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​៕

Leave a Reply

Your email address will not be published.