កំពង់ស្ពឺ÷ រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស និងពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់គ្រូពេទ្យ រួមទាំងសេវារដ្ឋ និង ឯកជន -បន្តគ្រោងរៀបចំ ទិវាបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្ត្របន្តសម្រាប់ឆ្នាំ២០២៥ -ជម្រុញការចុះបញ្ជីទាំងគណៈគ្រូពេទ្យទាំងថ្មី និងបន្តសម្រាប់ឆ្នាំ២០២៥ ឲ្យបានគ្រប់ៗគ្នា -ចុះអភិបាលការងារ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការចុះបញ្ជីគណៈគ្រូពេទ្យ នៅតាមមន្ទីរសម្រាក ព្យាបាលជំងឺ និងបន្ទប់ពិគ្រោះព្យាបាលជំងឺ រួមទាំងសេវាសាធារណៈ -បន្តកិច្ចប្រជុំទៀងទាត់រៀងរាល់ ០៣ខែម្តង លោកវេជ្ជបណ្ឌិត ហុង គ្រី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ដូច្នេះគ្រាដែលលោកអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្ត្រ ខេត្តកំពង់ស្ពឺ លើកទី៥ ឆ្នាំ២០២៤ ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ប្រព្រឹត្តធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាស្ត្រាចារ្យ
ស្រួ យីណា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ លោកសាស្ត្រាចារ្យ នី ចន្ទី អនុប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន- លោកសាស្ត្រាចារ្យ អ៊ុច ឃុយ អនុប្រធានអគារវះកាត់ជំងឺឆ្អឹង និងបាក់បែកនៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺជាច្រើនរូបទៀតផងដែរ។
លោកវេជ្ជបណ្ឌិតក៏បានបន្តឲ្យដឹងផងដែរថា គណៈគ្រូពេទ្យ ត្រូវការផ្តល់ជូនពិន្ទុ CPD ឲ្យបានជាក់ លាក់។ ត្រូវជួយកែសម្រួលការចេញអាជ្ញាបណ្ណវេជ្ជសាស្ត្រពីថ្នាក់ជាតិសម្រាប់សមាជិកចុះបញ្ជីថ្មីឲ្យបានលឿន។ សមាជិកមួយចំនួន ត្រូវមកបន្តសុពលភាពអាជ្ញាបណ្ណវេជ្ជសាស្ត្រឱ្យបានទាន់ពេលវេលា។ពេលបញ្ជូនទិន្នន័យទៅថ្នាក់ជាតិ មានសញ្ញាបត្រមួយចំនួន ដែលមិនអាច បន្តសុពលភាពបាន ក្នុងនោះ (សញ្ញាបត្រយោធា) ឬ សញ្ញាបត្រមិនប្រក្រតី។
លោកវេជ្ជបណ្ឌិត ហុង គ្រី ប្រធានគណៈគ្រូពេទ្យ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានលើកទើងថា ទិវានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីខិតខំបំពេញការងារផ្តល់សេវា ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ បន្ថែមទៀត គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ និងសាមគ្គីល្អ។ ជាពិសេសសូមកោតសរសើរចំពោះគ្រូ ពេទ្យទាំងអស់នៅទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុ វត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ដើម្បីកាត់បន្ថយអត្រាស្លាប់ គ្រោះថ្នាក់ និងពិការភាព ដល់ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ ។
សូមបញ្ជាក់ផងដែរ នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី០៥នេះ ក៏មានការធ្វើបទ បង្ហាញពី លោកវេជ្ជបណ្ឌិតជំនាញៗ មកពីផ្នែកជំងឺកុមារ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសល្យសាស្ត្រ ហើយក៏ បានផ្តល់ឱកាស ឲ្យក្រុមគ្រូពេទ្យឡើងសួរជាសំនួរពាក់ព័ន្ធ ទៅនឹងជំងឺកុមារ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសល្យសាស្ត្រ ដើម្បីឲ្យវាគ្មិនដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីធ្វើការឆ្លើយបំភ្លឺ ព្រមទាំងមានការធ្វើបទបង្ហាញ ពីក្រុមហ៊ុនឱសថមួយចំនួនផងដែរ៕