ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​៖ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​

កំពង់ស្ពឺ​៖ ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៥–​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ (​អ​.​ជ​.​ក​.) ជាមួយ​រដ្ឋបាល​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្ដម ជិន ម៉ា​លីន អនុប្រធាន​ប្រចាំការ នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​គូភាគី សំដៅ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស​នៃ​ការដោះស្រាយ​វិវាទ​តាមរយៈ​ការសម្រុះសម្រួល​ផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែង​អំណ​គុណ​លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និត​ជាមួយ​រដ្ឋបាល​ខេត្ត​ដើម្បី​ជា​ដៃគូ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ ប្រព័ន្ធតុលាការ និង​ដើម្បី​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ តាមរយៈ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ជា​ការចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សំដៅ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស​នៃ​ការ ដោះស្រាយ​វិវាទ​តាមរយៈ​ការសម្រុះសម្រួល ផ្សះផ្សា​ក្រៅ​ប្រព័ន្ធតុលាការ​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បន្ថែមទៀតថា បណ្តឹង​ភាគច្រើន​ដែល​រដ្ឋបាល​ខេត្ត​ទទួលបាន​ពី​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក គឺពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី ដែល​រដ្ឋបាល​ខេត្ត​ទទួល​បាន​ក្នុង​ឆ្នាំ​២០២៤ ទទួល​ពាក្យបណ្តឹង​បាន ១៣៩​ករណី ដោះស្រាយ​ចប់ ៣២​ករណី កំពុង​ដោះស្រាយ ៥៧​ករណី បញ្ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ១៦​ករណី ម្ចាស់​ដក​ពាក្យបណ្តឹង ៥ មិន​ទាន់​ដោះស្រាយ ២៩​ករណី​។ ដោយឡែក​ក្នុរ​រយៈពេល ៣​ខែ ឆ្នាំ​២០២៥ ពាក្យបណ្តឹង​ទទួលបាន ៨០​ករណី បណ្តឹង​ដោះស្រាយ​ចប់ ៤​ករណី បញ្ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ៤៥​ករណី ម្ចាស់​ដក​ពាក្យបណ្តឹង ២​ករណី និង​មិន​ទាន់​ដោះស្រាយ​ចំនួន ១០​ករណី​។​រដ្ឋបាល​ខេត្ត​ជំរុញ​ពន្លឿន​ការដោះស្រា​យករណី​វិវាទ​ដីធ្លី និង បាន​បង្កើត​គណៈកម្មកា​រ​សម្របសម្រួល និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​កំពង់ស្ពឺ​ផងដែរ​។​

​ឯកឧត្តម ជិន ម៉ា​លីន បាន​លើកឡើង​ថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការសម្រុះសម្រួល​ផ្សះផ្សា​វិវាទ រវាង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ និង​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ នាពេលនេះ គឺជា​ការបើក​ទំព័រ​ថ្មី​បន្ថែម​ទៀត នៃ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និត​រវាង​វិស័យ​យុត្តិធម៌ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស​នៃ​ការដោះស្រាយ​វិវាទ​តាម​ការសម្រុះសម្រួល ផ្សះផ្សា ក្រៅ​ប្រព័ន្ធ​តុលាការ​។​

​ឯកឧត្តម​បន្តថា តាមរយៈ​អនុស្សរណៈ​នេះ​នឹង​បង្កើន​ប្រសិទ្ធភាព​នៃ​កិច្ចព្រមព្រៀង​ព្រោះថា​សំណុំរឿង​ដែល​បាន​សម្រុះសម្រួល​ផ្សះផ្សា​បញ្ចប់​, រដ្ឋបាល​ខេត្ត​អាច​យក​សំណុំរឿង​នោះ​មក​ឱ្យ​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ទទួល​ស្គាល់ និង​រៀបចំ​ចេញ​ជា​កំណត់ហេតុ​ព្រមព្រៀង​បញ្ចប់​វិវាទ​ក្នុង​ក្របខ័ណ្ឌ​នៃ អ​.​ដ​.​ក​។​

​លើសពីនេះ​ទៀត រដ្ឋបាល​ខេត្ត​ក៏​អាច​បញ្ជូន​សំណុំរឿង​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ខេត្ត មក​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​ជួយ​ធ្វើការ​ពិនិត្យ និង​ដោះស្រាយ​។ ជាពិសេស កំណត់ហេតុ​កិច្ចព្រមព្រៀង​បញ្ចប់​វិវាទ​ក្នុង​ក្របខណ្ឌ អ​.​ដ​.​ក នឹង​មាន​អនុភាព​ស្មើ​នឹង​សាលក្រម​តុលាការ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការព្រមព្រៀង​បញ្ចប់​វិវាទ​គូភាគី​ក្រៅ​ប្រព័ន្ធតុលាការ​៕

Leave a Reply

Your email address will not be published.