ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ច្រាន​ចោល​បណ្តឹង​ថា​មន្ត្រី​ទីចាត់ការ​អន្តរ​វិស័យ​ម្នាក់​បាន​ឃុបឃិត​គ្នា​និង​ក្លែងបន្លំ​ឯកសារ​ជា​សាធារណៈ​

កំពង់ស្ពឺ ៖ មន្ត្រី​ការិយាល័យ​គ្រប់គ្រង​ការអភិវឌ្ឍ​និង​សំណង់ ចំណុះ​ឱ្យ​ទីចាត់ការ​អន្តរ​វិស័យ​នៃ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​លោកស្រី ហ៊ឹម សុខ បាន​រង​បណ្តឹង​ថា​បាន​ឃុបឃិត​គ្នា​និង​ក្លែងបន្លំ​ឯកសារ​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ភូមិ​សប់​ង៉ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង អាជ្ញាធរ​បាន​ច្រាន​ចោល​ការប្តឹង​នេះ​ដោយ​អះអាង​ថា​ការប្តឹង​មិនមាន​ភ័ស្តុតាង ឬ​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ណាមួយ ឱ្យស្រប​តាម​ខ្លឹម សារ​នៃ​បណ្ដឹង​ចោទ​នោះឡើយ​។​

​យោងតាម​លិខិត​របស់​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ដែល​ចុះហត្ថលេខា​ដោយ​លោក ជាម ចន្ទ័​សោភ័ណ ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៥​បានឱ្យដឹងថា រដ្ឋបាល​ខេត្ត​បាន​ទទួល​រួច​ហើយ​នូវ​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៤ របស់លោក ខុង ស៊ា​ង​ហ៊ី មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​ប្តឹង​ចោទ​ទៅ​លើ​លោកស្រី ហ៊ឹម សុខ មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​ការអភិវឌ្ឍ​និង​សំណង់ ចំណុះ​ឱ្យ​ទីចាត់ការ​អន្តរ​វិស័យ នៃ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ពី​បទ​ឃុបឃិត​គ្នា​និង​ក្លែងបន្លំ​ឯកសារ​ជា​សាធារណៈ​ប្រព្រឹត្ត​នៅ​ភូមិ​សប់​ង៉ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង និង​ពាក្យស្នើសុំ​ប្តូរ​ប្រធាន​អង្គប្រជុំ​ចុះ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៥​។ តាមរយៈ​ពាក្យបណ្ដឹង និង​លិខិត​ស្នើ​សុំ​ទាំងពីរ​ខាងលើ​នេះ រដ្ឋបាលខេត្ត បាន​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​និង​ហ្មត់ចត់​បំផុត​បាន​ស្រាវជ្រាវ​ប្រមូល​នូវ​ព័ត៌មាន​នានា​និង​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​បាន​អញ្ជើញ​លោក​ស្រី ហ៊ឹម សុខ បំភ្លឺ​ចំនួន​៣​លើក រួចមកហើយ ជាមួយគ្នា​នេះ​រដ្ឋបាល​ខេត្ត​ក៏​បាន​អនុញ្ញាត និង​អញ្ជើញ​លោក ខុង ស៊ា​ង​ហ៊ី មក​ចូលរួម​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ និង​ស្នើសុំ​ឱ្យ​លោក​ផ្តល់​នូវ​ឯកសារ​ដែល​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ សម្រាប់​ចោទ​ទៅលើ​លោក​ស្រី ហ៊ឹម សុខ ដើម្បី​រដ្ឋបាលខេត្ត មាន​វិធានការ ព្រមទាំង​អនុវត្ត​វិធានការ​វិន័យ​រដ្ឋបាល ស្របតាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ក៏ដូចជា​វិធាន​នានា​ផ្សេងៗ​ទៀត សម្រាប់​ឱ្យ​ស្ថាប័ន​ច្បាប់​បន្ត​ចាត់ចែង​អនុវត្ត​នីតិវិធី​។ ក៏​ប៉ុន្តែ​លោក​នៅតែ​មិន​មាន​ភ័ស្តុតាង ឬ​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ណាមួយ ឱ្យស្រប​តាម​ខ្លឹម សារ​នៃ​បណ្ដឹង​ចោទ​នោះឡើយ ហើយ​តាមរយៈ​នេះ​រដ្ឋបាល​ខេត្ត​បាន​រកឃើញ និង​សម្រេច​ដូចខាងក្រោម​៖
១-​រកឃើញថា ករណី​វិវាទ​ដីធ្លី​នៅ​ទីតាំង​ខាងលើ​ត្រូវបាន​ដោះស្រាយ​ចប់​សព្វគ្រប់​តាមរយៈ ខ្លឹមសារ នៃ​លិខិត​លេខ​៨៤៤/២០ ៦ អ​.​ប​.​ខ អ​.​ប​. ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ភាគី​វិវាទ​ក៏​ទទួលបាន វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​រៀងៗ​ខ្លួន​រួច​ហើយ​។​

២-​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ក្នុង​មាត្រា​៤១ ក្រមនីតិវិធី​ព្រហ្មទណ្ឌ ក្រមនីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ករណី​នេះ​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​និង​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ចេញ​សេចក្តីជូនដំណឹង ស្តីពី​ការលើកលែង​ការចោទប្រកាន់​តាមរយៈ​ខ្លឹមសារ​លិខិត​លេខ​១៧៧៦ ចុះ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៥, ដីកា​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ លេខ​៣៦៣ ចុះ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២៤ និង​ដីកា សម្រេច លើកចោល​ពាក្យបណ្តឹង​លេខ​២៨ “​ខ​”​ចុះ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២៥ តាម ទម្រង់​ច្បាប់​ចប់សព្វគ្រប់​រួចរាល់​អស់ហើយ​។​

៣-​តាម​ស្មារតី​នៃ​កំណត់ហេតុ​សាកសួរ​ក្នុង​កិច្ចប្រជុំ​ចំនួន​៣​លើក និង​ពិនិត្យ​លើ​សំណុំ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត មិន​មាន​ឯកសារ​ណាមួយ​ជា​តម្រុយ ឬ​បញ្ជាក់បាន​ថា​លោកស្រី ហ៊ឹម សុខ បាន​ក្លែងបន្លំ ឯកសារ​ក្នុង​ការដោះស្រាយ​វិវាទ​ដីធ្លី​នា​ពេល​កន្លងមក​នោះ​ឡើយ​។​

៤-​ច្រានចោល​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ របស់​ឈ្មោះ ខុង ស៊ា​ង​ហ៊ី និង​បណ្តឹង​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​និង​វិវាទ​ដីធ្លី​លើ​ទីតាំង​ខាងលើ​។​

​អត្ថបទ​៖​ប៊ុត សារុន​

 

Leave a Reply

Your email address will not be published.