កំពង់ស្ពឺ៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលស្ដីទីសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី ប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក ពិធីនេះប្រារព្ធធ្វើនៅអគាររដ្ឋបាលខេត្តសារប្រជុំ យឹម សុខុម។
របាយការណ៍របស់ទីចាត់ការរដ្ឋបាលបានបញ្ជាក់ឲ្យដឹងផងដែរថា- ដោយសារសេវាវិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីមានចំនួនច្រើនក្នុងខែនីមួយៗ ទើបការផ្តល់លទ្ធផលសម្រេចលើវិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីមិនសូវបានឆ្លើយតប ទាន់ពេលវេលាដែលបានកំណត់ក្នុងបង្កាន់ដៃទទួលពាក្យ។
– ការងារដោះស្រាយផលប៉ះពាល់ ក្នុងការអនុវត្តគម្រោង ជួសជុលស្តារឡើងវិញ និងធ្វើទំនើបកម្មលើ ប្រព័ន្ធដោះទឹក និង បង្វែរទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ស្ថិត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មិន ទាន់បានបញ្ចប់។
– ការកំណត់ព្រំអាងទឹក និងរៀបចំឯកសារស្នើសុំចុះបញ្ជីដីអាងទឹក មិនទាន់បានគ្រប់ទីតាំងតាមបណ្តាក្រុង ស្រុកទាំង៩។
– ករណីទន្ទ្រានយកដីចំណី អាងទឹក ដីចំណីប្រឡាយការចាក់ដីលុបបឹងធម្មជាតិធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននៅ តែរកើតមានឡើង។
– កំណើនយានយន្ត ការដឹកលើសទម្ងន់កម្រិតកំណត់ ធ្វើឱ្យផ្លូវជនបទឆាប់ខូច ខ្វះការចូលរួមថែទាំ ផ្លូវជនបទ ពីអ្នកប្រើប្រាស់ផ្លូវ និងសហគមន៍ (ចាក់ដីបិទផ្លូវទឹក និងចាក់ដីខ្ពស់ជាងផ្លូវ ការទន្ទ្រានយកចំណីផ្លូវ)។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា÷ ត្រៀមរៀបចំពិធីវិសាខបូជា និងព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ជំរុញដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ២០២៥-២០២៩ និង ជំរុញការកសាងកម្ម វិធីវិនិយោគខេត្ត ក្រុង ស្រុក ឃុំ សង្កាត់២០២៦-២០២៨
បង្កើនការអភិវឌ្ឍន៍ និងបន្តចុះតាមដានវឌ្ឍនភាពការសាងសង់សំណង់នានាតាមបណ្តាក្រុងស្រុកក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺ
-បន្តជំរុញការផ្តល់សេវារដ្ឋបាល ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត ឱ្យកាន់តែល្អប្រសើរ។
– សហការជាមួយមន្ទីរអង្គភាពជំនាញក្នុងការពិនិត្យបច្ចេកទេសលើសេវាដែលស្នើសុំរបស់ប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលាកំណត់ និងចុះពិនិត្យដល់ទីតាំងជាក់ស្តែង
-អប់រំផ្សព្វផ្សាយការបង្ការជំងឺឆ្លងដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ អុតស្វា ផ្តាសាយបក្សី និងពង្រីកសេវា ជំងឺមិនឆ្លងដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម នៅតាមមណ្ឌលសុខភាព។
-បង្កើនកម្មវិធីវារីប្បកម្ម ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមអាង/ទំនប់ ស្ទឹង បឹង ព្រែក និងតាមសហគមន៍ស្រះជម្រកត្រីធម្មជាតិ
-ផ្សព្វផ្សាយបង្គា បន្តចុះស្រាវជ្រាវ និងទប់ស្កាត់ការកាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធដីព្រៃឈើយកធ្វើជាកម្ម សិទ្ធិ និងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទផងដែរ៕