ក្រចេះ÷ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិគ្រោះយោបល់ឆ្លងសេចក្តីព្រាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ ។
ដោយមានការចូលរួមពី ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ អភិបាល អភិបាលរងក្រុងស្រុក នាយកសាខាកាកបាទក្រហមខេត្ត អង្គការដៃគូពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ។
លោក ទីវ សុផែន បានធ្វើបទបង្ហាញអំពីសេចក្ដីព្រាងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ដែលទម្រង់នៃការផែនការទាំងពីរនោះ គឺរៀបចំឡើងស្របគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានប្រមូលធាតុចូលពីគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក និងអង្គការពាក់ព័ន្ធក្នុងខេត្ត។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក អង្គការដៃគូ និងមន្ត្រីលេខាធិការដ្ឋានខេត្ត ដែលបានផ្ដល់ធាតុចូលយ៉ាងមានសារៈសំខាន់ទៅក្នុងផែនការ សំដៅរួមគ្នាកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ សូមជួយពិនិត្យ និងផ្ដល់យោបល់បន្ថែមទៅលើសេចក្ដីព្រាងផែនការបន្ថែមទៀត មុននឹងខេត្តដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការ។ ការពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការនេះ ត្រូវធានាថាមុនពេល និងក្នុងពេលគ្រោះមហន្តរាយ គឺយើងមានធនធាន និងមធ្យោបាយគ្រប់គ្រាន់ ឆ្លើយតបសង្គ្រោះបន្ទាន់បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ដោយ លោក ម៉ែន បូរិទ្ធ