ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ លោកស្រី នាយក​ប្រតិបត្តិ IDP Education ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៨​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកស្រី Tennealle O’Shannessy នាយក​ប្រតិបត្តិ IDP Education ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​

​ក្នុងឱកាស​នៃ​ជំនួប លោកស្រី​នាយក​ប្រតិបត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​លោក​ស្រី និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្ដល់​នូវ​ការគាំទ្រ​ដល់​ដំណើរការ​អាជីវកម្មរ​បស់ IDP Education នៅ​កម្ពុជា ហើយ​លោក​ស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា IDP Education នឹង​បន្ត​នូវ​កិច្ច​សហការ​ល្អ​បន្ថែម​ទៀត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​។ ទន្ទឹមនឹងនោះ លោកស្រី​នាយក​ប្រតិបត្តិ បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​ប្រតិបត្តិកា​រអា​ជីវ​កមុ្ម​របស់ IDP Education ដែល​រួមមាន សាលា​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ACE នៅ​កម្ពុជា ដែល ជា​សាលា​ឈាន​មុខ​មួយ និង​មាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ។ ជាងនេះទៅទៀត លោកស្រី​នាយក​ប្រតិបត្តិ ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ផងដែរ​ថា IDP Education ក៏បាន​ផ្ដល់​នូវ​សេវាកម្ម​ប្រឹក្សា​យោបល់​សម្រាប់​សិស្ស និស្សិត ក្នុង​ការ​ដាក់​ពាក្យ​ចូលរៀន​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​នានា​នៅ​ក្រៅប្រទេស ដែល​រួមមាន​÷ អូស្ត្រាលី ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក នូវែល​ហ្សេ​ឡង់ ជាដើម​។ កន្លងមក IDP Education បាន​ផ្ដល់​នូវ​ការប្រឹក្សា​យោបល់ និង​សម្របសម្រួល​ចំពោះ​ការ​បន្ត​ការសិក្សា​របស់​សិស្ស និស្សិត នៅ​ក្រៅប្រទេស ចន្លោះ​ពី​១៥០០ ទៅ ២០០០ នាក់ ក្នុង​មួយ​ឆ្នាំៗ​។ ក្រៅពីនេះ IDP Education ក៏បាន​ផ្ដល់​នូវ​សេវាកម្ម​ក្នុង​ការរៀបចំ​ចងក្រង​សមាគម​អតីត​និស្សិត​(Alumni) ព្រមទាំង​បាន​សហការ​ជាមួយ​បណ្ដា​សាកលវិទ្យាល័យ​មួយចំនួន​ក្នុង​ការផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​កម្មវិធីសិក្សា​ផងដែរ​។ លោកស្រី​នាយក​ប្រតិបត្តិ ក៏​បាន​បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា ដោយ IDP Education មាន​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែមទៀត ដែល​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ IDP គ្រោង​នឹង​បើក​សាខា​ថ្មី​បន្ថែម​មួយទៀត​នៅ​ខេត្តសៀមរាប ហើយ​ក្រុមហ៊ុន​ក៏​មាន​ផែនការ​ពង្រីក​សាខា​ជា​បន្តបន្ទាប់​នាពេល​អនាគត​នៅតាម​បណ្ដា​ខេត្ត ក្រុង មួយចំនួន​នៅ​កម្ពុជា ដែល​រួមមាន​ខេត្ត​បាត់ដំបង កំពង់ចាម កំពត ព្រះសីហនុ និង​ក្រុង​ប៉ោយ​ប៉ែត នៃ​ខេត្ត​បន្ទាយមានជ័យ ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី​នាយក​ប្រតិបត្តិ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ប្រតិបត្តិការ​អាជីវកម្ម របស់ IDP Education និង​ការរួមចំណែក​ក្នុង​ការលើកកម្ពស់​គុណ​ភាព​អប់រំ និង​កសាង​ធនធានមនុស្ស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្ដេច​ធិបតី បាន​បញ្ជាក់​ផង​ដែរ​ថា ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ជាពិសេស​លើ​ជំនាញ​ផ្នែក​ភាសា​អង់គ្លេស​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម​នៃ​ពិភពលោក ដោយ​ភាសា​អង់គ្លេស​ជា​ស្ពាន​នៃ​ការផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​ទាំង​ក្នុង​បរិបទ​ការងារ ធុរកិច្ច និង​សង្គម ។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ នៃ​រដ្ឋសភា គឺ​ផ្តោតលើ​ការជំរុញ​កំណើន​សេដ្ឋកិច្ច ដោយ​ផ្អែក​លើ​ធនធានមនុស្ស ហើយ​រាជរដ្ឋាភិបាល​បាន​យក​ចិត្តខ្លាំង​លើ​ការពង្រឹង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះ​វា​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។ បន្ថែម​លើ​នេះ សម្ដេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ជា​ពិសេស​មន្ត្រី​រាជការ និង​អរគុណ​ចំពោះ​ការសម្របសម្រួល​ពី IDP Education នា​ពេលកន្លងមក​។

​សម្ដេច​ធិបតី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​ការទទួលបាន​នូវ​អាហារូបករណ៍​របស់​មន្ត្រីរាជការ​ស៊ីវិលនេះ ផ្នែក​កងទ័ព​ក៏មាន​ទំនាក់ទំនង​ជាមួយ IDP Education និង​បាន​ទទួល​នូវ​ការផ្ដល់​វគ្គ​បណ្តុះបណ្តាល អាហារូបករណ៍ និង កម្មវិធីសិក្សា​ផ្លាស់ប្ដូរ​បទពិសោធន៍ នៅក្នុង​វិស័យ​កងទ័ព​ផងដែរ​។ សម្ដេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ IDP Education បន្ត​គាំទ្រ និង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ដើម្បី​ពិនិត្យ​លទ្ធភាព​បណ្ដុះបណ្ដាល​លើ​កម្មវិធី​ផ្សេងៗ​បន្ថែមទៀត ដូចជា​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល សំដៅ​បន្ត​ចូលរួមចំណែក​ក្នុង​ការកសាង​ធនធានមនុស្ស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕

Leave a Reply

Your email address will not be published.