ព័ត៌មានជាតិ

រោងចក្រ​ចំនួន​បី​ទៅ​ផ្តល់​ឱកាស​ការងារ​ដល់​កម្មករនិយោជិត​ដល់​ទីតាំង​រោងចក្រ Y &W ផ្ទាល់​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៤​នេះ រោងចក្រ​ចំនួន​បី​ដែល​មានឈ្មោះ​ថា អាយ​អេ អឺ​ភែ​រឹល រោងចក្រ​អេដា​ប់បែល​យូ​ថិ​ច ហ្គា​ម៉ិន ឯ​.​ក និង​រោងចក្រ​ស៊ីផេក បាន​ចុះ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​នៅ​ខាង​មុខ​រោងចក្រ Y & W ដើម្បី​ផ្តល់​ពី​ឱកាស​ការងារ​ដល់​កម្ម​ករ​ផ្ទាល់​។ រោងចក្រ​ទាំង​៣​នេះ ត្រូវការ​កម្មករ​ប្រមាណ​៦៥០​នាក់​ដើម្បី​ចូល​បម្រើ​ការងារ​ជាច្រើន​ផ្នែក​។

​លោក សេង លី​រិទ្ធា មន្ត្រី​ផ្នែក​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន​IAIG I Apparel ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​បី ដែល​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​ខាង​មុខ​រោងចក្រ​Y & W​ផ្ទាល់ បាន​អះអាង​ថា រោងចក្រ​របស់​លោក កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ចំនួន​៤០០​កន្លែង​លើ​ផ្នែក​កាត់ដេរ និង​ផ្នែក​ផ្សេងៗ​ទៀត​។

​សម្រាប់​លោក​រោងចក្រ អាយ​អេ អឺ​ភែ​រឹល នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​លុយ​បាយ​ថ្ងៃត្រង់ លុយ​បាយ​ក្នុង​១​ខែ លុយ​ព្រីម ប្រាក់​សម្រាប់​ធ្វើដំណើរ លុយ​ជំនាញ ប្រាក់រង្វាន់ និង​ប្រាក់​ថែទាំ​កូន​ដែល​ជា​មធ្យម​កម្មករ​ម្នាក់​អាច​ទទួលបាន​ប្រាក់ខែ​ចន្លោះ​៣៨៧​ដុល្លារ ដល់​៥៤០​ដុល្លារ​។

​ទន្ទឹមនឹងនេះ លោក​អំពាវនាវ​ឱ្យ​កម្មករ​នៅ​រោងចក្រ​Y & W ដែល​កំពុង​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​ឱ្យ​ដាក់ពាក្យ​រក​ការងារ​ឱ្យបាន​គ្រប់ៗ​គ្នា​។

​សូមបញ្ជាក់​ថា ការផ្តល់​ឱកាស​ការងា​រ​ដល់​កម្មករ​និយោជិត​នេះ គឺជា​យន្តការ​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ​ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​កម្មករ​កម្មការិនី​នៅ​រោងចក្រ​Y & W​ក្នុង​គោលបំណង​បន្ត​និរន្តរភាព​ជីវភាព​តាមរយៈ​ការងារ​ថ្មី​៕

Leave a Reply

Your email address will not be published.