ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម

​កំពង់ចាម​៖ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​កំពង់ចាម នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូល​រូ​ម​ពី​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក​អ្នកឧកញ៉ា មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ផងដែរ​។

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹង​ថា​យោង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តីពី​កំណែទម្រង់​កងកម្លាំង​ប្រដាប់ អាវុធ និង​យុទ្ធសាស្ត្រ​ធ្វើកំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ ៥​ឆ្នាំ កងរាជអាវុធហត្ថ​បាន​សម្រួច​ការធ្វើកំណែទម្រង់​ឆ្ពោះទៅ (​ប្រមូលផ្តុំ​, រៀបរយ​, ទំនើបកម្ម និង​ប្រសិទ្ធភាព​)​។​

​សម្រាប់​ពិធី​នាពេលនេះ ការតែងតាំង​ដំឡើង ផ្លាស់ប្តូរ​មុខតំណែង កន្លែងធ្វើការ នៅក្នុង​កងកម្លាំង​ប្រដាប់ អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន នោះ​គឺជា​ក្រឹត្យក្រម​នៃ​ការងារ​ចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បី​ភាព​រីកចម្រើន​ការងារ និង​ក៏​ជា​ឱកាស​នៃ​ការផ្លាស់ប្តូរ បរិយាកាស ទីកន្លែង​ធ្វើ​ការងារ ការផ្លាស់ប្តូរ​មុខ​តំណែង​គឺ​មាន​អត្ថប្រយោជន៍ ៤​ជា​គន្លឹះ (​នោះ​មិន​ទាន់​គិត​អំពី​ការអនុវត្ត​ច្បាប់ ចំពោះ​យោធិន​ដែល​ដល់​អាយុ ៦០​ឆ្នាំ ហើយ​ដាក់​ឱ្យ​ចូល​និវត្តន៍ ថែមទៀត​ផង​)៖
១- ដើម្បី​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នាយ​ទាហាន
២- រៀបចំ​ធនធានមនុស្ស​ឱ្យស្រប​និង​សមត្ថភាព​ជំនាញ និង​និស្ស័យ​
៣- ជា​ការផ្តល់​ឱកាស​សម្រាប់​អ្នក​បន្តវេន​
៤- ជា​ការផ្លាស់ប្តូរ​បរិយាកាស​ការងារ ចែករំលែក​បទពិសោធ​ន៍​ល្អ ក្នុង​បំណង​ធ្វើឱ្យ​ស្ថាប័ន អង្គភាព រីកចម្រើន​ព្រមៗ​គ្នា​។ ម្យ៉ាងទៀត មាន​ឱកាស​ទទួលបាន​ការសិក្សា រៀនសូត្រ ដើម្បី​បង្កើន​សមត្ថភាព តាម​ឱ្យទាន់​ការ​វិវឌ្ឍន៍​ថ្មីៗ​នៃ​សភាពការណ៍​។​

​លក្ខខណ្ឌ​ក្នុង​ការតែងតាំង​នាយទាហាន ដឹកនាំ​បញ្ជា ក៏​ដូចជា​ប្រធាន​បណ្តា​ស្ថាប័ន ក្នុង​កងរាជអាវុធហត្ថ​ទាមទារ​នូវ​លក្ខណសម្បត្តិ ៤​យ៉ាង​គឺ​៖
១- សុខភាព​ល្អ កាយ​សប្ប​ទា​មាំមួន​
២- មាន​សមត្ថភាព វិជ្ជាជីវៈ ជំនាញ​និង​បទពិសោធន៍ ក្នុង​ការដឹកនាំ បញ្ជា គ្រប់គ្រង និង​មាន​ភាព​ឆ្លាត​វៃ
៣- មាន​សីលធម៌ សុជីវធម៌ គុណធម៌ មាន​ភាពស្មោះត្រង់ មាន​ឆន្ទៈ ការ​លៈបង់ ឧស្សាហ​ព្យាយាម មាន​ភាពក្លាហាន និង​មាន​ស្មារតី​ទទួលខុសត្រូវ ចំពោះ​តួនាទី ភារកិច្ច ពុំ​ធ្លាប់​ទទួល​ទណ្ឌកម្ម​តាម​ច្បាប់​លក្ខន្តិក​នៃ​កងយោធពល​ខេមរភូមិន្ទ​ឬ​ការផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ ព្រមទាំង​ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី​មិត្តភក្តិ​ក្នុង​អង្គភាព និង​មហាជន​ប្រជាជន​
៤- ស្គាល់ ដឹង ចេះ​និង​ប្រើប្រាស់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​។​

​ឆ្លៀត​ឱកាស​នេះ ក្នុងនាម​មេបញ្ជាការ​កងរាជអាវុធហត្ថ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន ដែល​បាន​ជួយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ការដឹកនាំ បញ្ជា គ្រប់គ្រង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម សម្រេចបាន​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន​ក្នុង​អាណត្តិ ហើយ​ត្រូវបាន​ផ្លាស់​ចេញ​ប្រកបដោយ កិត្តិយស ទៅតាម​ក្រឹត្យក្រម​ការងារ​ចាត់តាំង ដោយ​ពុំ​មាន​កំហុស​ខុសឆ្គង ឬ​ទទួល​វិន័យ​ទណ្ឌកម្ម និង​សូម​ជូនពរ​លោក​ឧត្តមសេនីយ៍ ទទួល​តួនាទី ភារកិច្ច​នៅ​កន្លែង​ថ្មី បន្ត​ទទួល​បាន​ជោគជ័យ​។​
​គណៈអធិបតី ភ្ញៀវកិត្តិយស ជាទីគោរព !
​អង្គពិធី​ទាំងមូល ជាទី​មេត្រី !

​ចំពោះ​មេបញ្ជាការ ដែល​ត្រូវ​ទទួលបាន​នូវ​ការតែងតាំង​នា​ថ្ងៃនេះ គឺ​លោក​ឧត្តមសេនីយ៍ត្រី ថេង ឆេង​លីម គម្បី​ត្រូវ​យកចិត្តទុកដាក់​នូវ​ភារកិច្ច​ស្នូល ចំនួន ៣​គឺ​៖
១- ការងារ​គ្រប់គ្រង​
​ការគ្រប់គ្រង​មនុស្ស ត្រូវ​យល់​ដឹង​និង​អនុវត្ត ៧​ចំណុច ដូចខាងក្រោម​៖
​ក​- ហូប​
​ខ​- ស្លៀកពាក់​
​គ​- ស្នាក់នៅ​
​ឃ​- សុខភាព​
​ង​- អប់រំ រៀនសូត្រ​
​ច​- មធ្យោបាយ​ធ្វើដំណើរ​
​ឆ​- កំសាន្ត​សប្បាយ និង​ដោះស្រាយ​ទុក្ខលំបាក​
​ការងារ ថែទាំ​មធ្យោបាយ បរិក្ខារ និង​គ្រឿង​បំពាក់​
​ការងារ គ្រប់គ្រង​អចលនទ្រព្យ​
​ដំណើរការ ការងារ​តាម​បែបបទ​រដ្ឋបាល និង​ឋានានុក្រម​កងទ័ព​
២- ការងារ​កសាង​អង្គភាព​
​ទីកន្លែង​ធ្វើ​ការងារ (​អគារ​,​ការិយាល័យ និង​កន្លែង​ធ្វើ​ការងារ​)
​ទី​កន្លែង​អប់រំ ហ្វឹកហ្វឺន រៀនសូត្រ​
​ទីកន្លែង​សម្រាប់​ការ​ស្នាក់នៅ ហូបចុក​របស់​កងទ័ព​ក្នុង​អង្គភាព​
៣- ការងារ​ដឹកនាំ គ្រប់គ្រង បញ្ជា​
​អង្គភាព​មាន​សណ្តាប់ធ្នាប់ កងទ័ព​មាន​វិន័យ​ល្អ ផ្ទៃក្នុង​មាន​សាមគ្គី​ឯកភាព មាន​ស្មារតី​ឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាច​ក្លាហាន ឧស្សាហ៍​ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរព​ច្បាប់ វិន័យ​កងទ័ព ក្រមសីលធម៌​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ សហការ​សម្រេច​ភារកិច្ច​។ ដើម្បី​សម្រេចបាន​នូវ​តួនាទី ភារកិច្ច​ខាងលើ ត្រូវ​ក្តាប់ជាប់​នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​ទិស​ស្លោក​ទាំង ៤​ឃ្លា ដូចខាងក្រោម​៖
​ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ​
​ចំពោះ​ប្រជា ត្រូវតែ​បម្រើ​
​ច្បាប់ ត្រូវតែ​គោរព​
​បទល្មើស ត្រូវតែ​បង្ក្រាប​
​សូមបញ្ជាក់​ថា​៖ បុគ្គលិក​គឺមាន​ចំនួន​ដដែល ថវិកា​ក៏មាន​ចំនួន​ដដែល ឱកាស​គឺ ៥​ឆ្នាំ បើ​ធ្វើ​បាន​ល្អ បន្ថែម ៥​ឆ្នាំ​បន្ត ប៉ុន្តែ រយៈពេល ២​ឆ្នាំ​កន្លះ នឹង​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​-​វាយតម្លៃ បើ​គ្មាន​ការវិវឌ្ឍ​ជឿនលឿន​ថ្មី តាម​ការចង្អុលបង្ហាញ​ដូចដែល​បាន​រៀបរាប់​ខាងលើ​ទេ ត្រូវធ្វើ​ការពិនិត្យ​-​វាយតម្លៃ ដើម្បី​ផ្លាស់ប្តូរ រក​អ្នក​មាន​សមត្ថភាព និង​លក្ខណសម្បត្តិ​ដូច​បាន​លើកឡើង​ខាងលើ​។ ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច ត្រូវ​ប្រកាន់ខ្ជាប់​ការគោរព​សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស រីឯ​ការអនុវត្ត​តួនាទី ភារកិច្ច​ផ្នែក​នគរបាល​យុត្តិធម៌ ត្រូវ​យកចិត្តទុកដាក់​លើ​ផ្នែក​នីតិវិធី​។​
​ខ្ញុំ​សង្ឃឹម​ជឿជាក់ លើ​ស្មារតី​ទទួលខុសត្រូវ​របស់​អស់លោក តាម​តួនាទី ភារកិច្ច រៀងៗ​ខ្លួន​។
១- ខ្ញុំ​សូម​ប្រគល់ជូន​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត ជួយ​គាំទ្រ ដឹកនាំ​ចង្អុល​ការ​តាម​ភារកិច្ច​ជាក់ស្តែង
២- ខ្ញុំ​សូម​ប្រគល់ជូន​ឯកឧត្តម ប្រធាន​តុលាការ ចៅក្រម ព្រះរាជអាជ្ញា ដឹកនាំ​សម្របសម្រួល​កិច្ចការ​នគរបាល​យុត្តិធម៌ ដោយ​មាន​ការទទួលខុសត្រូវ​
៣- ខ្ញុំ​សូម​ប្រគល់​ជូន​ប្រជាជន តាមដាន​នូវ​ការអនុវត្ត​ការអនុវត្តន៍​តួនាទី ភារកិច្ច និង​វិន័យ​កងរាជអាវុធហត្ថ និង​រួម​គ្នា​គោរព​ច្បាប់ ដើម្បី​កសាង​កម្ពុជា​ជា ព្រះរាជាណាចក្រ​នីតិរដ្ឋ​
៤- ខ្ញុំ​សូម​អំពាវនាវ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​តាមដាន​ការអនុវត្តន៍​តួនាទី ភារកិច្ច ក៏ដូចជា​វិន័យ​កងរាជអាវុធហត្ថ ផ្តល់​នូវ​រាល់​ព័ត៌មាន​ពិត ដើម្បី​ចូលរួម​កសាង កងរាជអាវុធហត្ថ​មួយ​ឱ្យ​ក្លាយទៅជា​កម្លាំង​របស់​ជាតិ ដែល​បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេសជាតិ ។

​សារជាថ្មី​ម្តងទៀត ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន ឯកឧត្តម ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ ស្ថាប័ន អង្គភាព ស្នងការ មេបញ្ជាការ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ ដែល​ញ៉ាំង​ធ្វើ​ឱ្យ​ពិធី​នេះ មាន​អត្ថន័យ និង​កិត្តិយស​ក្រៃលែង​។​

​សូម​ជូនពរ​ឯកឧត្តម អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ប្រធាន​ស្ថាប័ន អង្គភាព នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ និង​អង្គពិធី​ទាំងមូល ប្រកប​ទៅ​ដោយ​ពុទ្ធពរ និង​ពរ​ទាំង​ឡាយ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង​រួម​ទាំង​ការធ្វើដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព​៕

Leave a Reply

Your email address will not be published.