ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្តួចផ្តើម​គំនិត និង​ស្នើ​រដ្ឋបាល​រាជធានី​ខេត្ត តាមរយៈ​ការសម្របសម្រួល​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ទៅកាន់​មូលដ្ឋាន​ក្រុង​ស្រុក​ខណ្ឌ​ដើម្បី​ឈ្វេងយល់​ពី​ការអភិវឌ្ឍ​រីកចម្រើន​និង​បញ្ហា​ប្រឈម​នានា​របស់​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្តួចផ្តើម​គំនិត និង​ស្នើ​រដ្ឋបាល​រាជធានី​ខេត្ត​តាមរយៈ​ការសម្របសម្រួល​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ទៅកាន់​មូលដ្ឋាន​ក្រុង​ស្រុក​ខណ្ឌ​ដើម្បី​ឈ្វេងយល់​ពី​ការអភិវឌ្ឍ​រីកចម្រើន​និង​បញ្ហា​ប្រឈម​នានា​របស់​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យបាន​យល់ដឹង និង​ចូលរួម​សហការ​។

​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង និង​បងប្អូន​អ្នកសារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​លើកទឹកចិត្ត​មន្ត្រី​ទាំងអស់​តាមរយៈ​ការទទួលស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ផ្តល់​បណ្ណ​សរសើរ​ដល់ មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង​ទាំង​អស់​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា​៖ «​ក្នុង​ស្មារតី​បុរេ​សកម្ម និង​សកម្ម​, ខ្ញុំ​ស្នើសុំ​រដ្ឋបាល​ខេត្ត​ព្រៃវែង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជូន​បងប្អូន​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្ត​ដើម្បី​ពួកគាត់​បាន​ដឹង​និង​យល់​ពី​សក្តានុពល គម្រោង​អភិវឌ្ឍ សមិទ្ធផល​សម្រេច​ដែល​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត​សម្រេច​បាន​សម្រាប់​ខេត្ត​ខ្លួន និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​បន្ថែម​ទៀត​ពីអ្វី​ដែល​ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ខេត្ត​មាន​»​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​រដ្ឋបាល​ខេត្ត​ក្រុង​ស្រុក ខិតខំ​បម្រើ​ពលរដ្ឋ​យ៉ាងសកម្ម ហើយ​សមិទ្ធផល​ជាច្រើន​ត្រូវ​បាន​សម្រេច​។ ដូច្នេះ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត​ដើម្បី​បងប្អូន​ប្រជា​ពលរដ្ឋ​កាន់តែ​ទទួលបាន​ព័ត៌មាន និង​យល់ដឹង​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ដំណើរការ​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើកទឹកចិត្ត​និង​ជំរុញ​ឱ្យមាន​កិច្ចសហការ​កាន់តែខ្លាំង​ឡើង​ថែមទៀត​រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ជា​ប្រភព​ព័ត៌មាន​និង​បងប្អូន​អ្នកសារព័ត៌មាន​ព្រោះ​អាជ្ញាធរ​និង​អ្នកសារព័ត៌មាន​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ព័ត៌មាន​។ ឯកឧត្តម​បាន​លើកឡើង​ថា​អ្នកសារព័ត៌មាន​ត្រូវការ​ប្រភព​ព័ត៌មាន​ដើម្បី​ជា​មូលដ្ឋាន​នៃ​ការសរសេរ​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន ចំណែក​អាជ្ញាធរ​ត្រូវការ​អ្នក​សារ​
​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​អាជ្ញាធរ​ទៅកាន់​ប្រជាពលរដ្ឋ និង​ទទួលបាន​នូវ​មតិយោបល់​ត្រឡប់​មក​វិញ​ដើម្បី​ឆ្លើយតប​នឹង​ការចង់បាន​របស់​ប្រជាពលរដ្ឋ បន្ត​បម្រើ​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្លាំង និង​បង្កើន​ប្រសិទ្ធភាព​ការងារ​។​

«​អាជ្ញាធរ​និង​អ្នកសារព័ត៌មាន​ជា​តួអង្គ​យ៉ាងសំខាន់​ក្នុង​ការធានាបាន​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​។ យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ការ​ពិ​ត្យំ​បាន​ច្រើន​ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​»​។ នេះ​ជា​ការគូសបញ្ជាក់​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា ជូន​ចំពោះ​មន្ត្រី​និង​អ្នកសារព័ត៌មាន​នៅ​ខេត្ត​ព្រៃវែង មុន​នឹង​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​និង​អ្នកសារព័ត៌មាន​បន្ត​ពង្រឹង​សមត្ថភាព​ខ្លួន​ជាប្រចាំ និង​អនុវត្ត​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែល​ជា​អាវ​ក្រោះ​ការងារ​បងប្អូន​អ្នកសារព័ត៌មាន​៕

Leave a Reply

Your email address will not be published.