កំពង់ស្ពឺ៖ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សួនឧស្សាហកម្មវាយនភណ្ឌនៅខេត្តកំពង់ស្ពឺបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋប្រមាណពី៥ម៉ឺនទៅ៦ម៉ឺននាក់ឯកឧត្តមបានថ្លែងបែបនេះគ្រាដែលឯកឧត្តម អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អរសាទរក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌ នៃកម្ពុជា ស្ថិតនៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងពិធីនេះដែរមានការអញ្ចើញចូលរួមពីឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម ប្រធានសភាពាណិជ្ជកម្មខេត្ត លោកអភិបាលស្រុក លោក លោកស្រីអគ្គនាយកក្រុមហ៊ុន New Golden Integrity ព្រមទាំងលោក លោកស្រីតំណាងសមាគមសហគ្រាសដើម្បីការពារបរិស្ថាននៅកម្ពុជា(EPIAC) ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមបណ្ឌិត ជាម ច័ន សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានសហការជាមួយក្រុមហ៊ុន
ធ្វើការសម្រេចចិត្ត បង្កើតក្រុមហ៊ុននេះឡើង។ ការបោះទីតាំងវិនិយោគរបស់ក្រុមហ៊ុនសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺ គឺជាការសម្រេចយុទ្ធសាស្ត្រមួយក្នុងការវិនិយោគលើគម្រោងឧស្សាហកម្មដោយផ្តោតលើការបង្កើតឱ្យបានសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិ និងការអភិវឌ្ឍន៍ ដែលផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងអេឡិច ប្លាតីងស្បែក ក្នុងតំបន់អាស៊ាន សួនឧស្សាហកម្មនេះ នឹងបង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ប្រមាណពី៥ម៉ឺនទៅ៦ម៉ឺននាក់។
ឯកឧត្តមបានបន្តថា ការបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ដែលផ្តើមចេញតាំងពីដើមអាណត្តិរបស់រាជរដ្ឋាភិបាលមក ដែលបានស្តែងចេញតាមរយៈសកម្មភាពរបស់សម្តេចធិបតីក្នុងអញ្ជើញជួបកម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបនៅតាមបណ្តាខេត្តបន្តបន្ទាប់ និងការដាក់ចេញនូវអនុសាសន៍ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញវិស័យនេះឱ្យមានការរីកចម្រើនដោយផ្តោតការយកចិត្តទុកដាក់លើកំណើនការងារនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ស្របគ្នានេះដែរ ក្រសួងការងារក្រោមការគិតគូពីរាជរដ្ឋាភិបាលក៏បាន នឹងកំពុងបណ្តុះបណ្តាលកម្មករជំនាញបន្ថែមដើម្បីបំពេញតម្រូវការនេះ ដែលតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិ បាលគឺឱ្យបាន១លាន៥សែននាក់។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា៖ បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រសរុបចំនួន៤៤៣កន្លែង មានកម្មករ កម្មការិនីសរុបជាង១៧ម៉ឺននាក់កំពុងធ្វើការ។ជាមួយនិងកំណើនរោងចក្រ សហគ្រាសនេះ ខេត្តក៏បាននិងកំពុងជួបនូវកង្វះកម្លាំងពលកម្មប្រមាណជាងមួយម៉ឺននាក់ផងដែរ ឯកឧត្តមបានកោតសរសើរចំពោះក្រុមហ៊ុន New Golden Intergrity ដែលបានមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺនេះផងដែរ៕