កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី១ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ពិធីនេះក៏មានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ អាជ្ញាធរស្រុក មេឃុំ និងប្រជាពលរដ្ឋសរុបប្រមាណជា២០០នាក់។
ថ្លែងក្នុងវេទិការនេះឯកឧត្តម ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា÷ វត្តមានអស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកឡើងអំពីសំណើ និងសំណូមពរ សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋានរបស់ខេត្តយើង ឱ្យកាន់តែល្អប្រសើរឡើង ព្រោះយើងទាំងអស់គ្នាចូលរួមថែរក្សា និងការពារសន្តិភាព សណ្តាប់ធ្នាប់សង្គម ព្រមទាំងការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ឲ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋ។
ឯកឧត្តម បានបញ្ចាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងអង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ផ្តល់ប្រឹក្សាយោបល់អំពីអាទិភាពនៃការអភិវឌ្ឍន៍ខេត្តសំដៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីទុកលទ្ធភាពឲ្យក្រុមប្រឹក្សាខេត្តធ្វើការប្រមូល នូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំដៅឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសសូមអោយលោកអភិបាលស្រុកអញ្ជើញដល់ក្រុមហ៊ុនដែលពាក់ព័ន្ធអោយពួកគាត់បានចូលរួមស្តាប់ អំពីបញ្ហាទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋនិងបញ្ហារប្រឈមនានា នៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា ក្នុងវេទិកានេះ បានទទួលសំណើ និងសំណូមពរក្នុងនោះពាក់ព័ន្ធនិងដីរដ្ឋបាលព្រៃឈើ ដែលប្រជាពលរដ្ឋអាស្រ័យផល សុំជួយធ្វើប្លង់រឹងជូនពួកគាត់ -ថវិកាថ្នាក់ជាតិធ្លាក់មកស្រុក តើមានការទ្រទ្រង់សម្រាប់ព្រៃសហគមន៍ដែរឬទេ? -ស្នើរសុំធុងសម្រាប់ដុតសំរាម -ទីតាំងដីជាប់សាលាស្រុក ស្នើសុំអោយមានលិខិតស្នាម សម្រាប់គ្រប់គ្រង និងកំណត់ទីតាំងច្បាស់លាស់ -បញ្ហារខ្សែរភ្លើងធាក់រញ៉េរញ៉ៃសំណើរសុំអោយអគ្គិសនីជួយបន្ថែមបង្គោលភ្លើង – ខ្វះអគ្គិសនីប្រើប្រាស់ចំនួន១០គ្រួសារ -សាលារៀននៅ ឃុំតាំងហោង សាងសង់ដោយអង្គការ LWS មានការទ្រុឌទ្រោមជាខ្លាំង សូមជួយកែលម្អ និងសាងសង់ឡើងវិញ -បញ្ហារដីហុយ និងផ្លូវធ្វើអោយប្រជាពលរដ្ឋពិបាកធ្វើដំណើរ សូមអោយធ្វើការជួសជុល – ករណីធ្វើរបងបិទផ្លូវធ្វើអោយប្រជាលរដ្ឋពិបាកធ្វើស្រែប្រហែលចំនួន២០គ្រួសារ – ក្រុមហ៊ុនឈូសឆាយដីប្រជាពលរដ្ឋធ្វើអោយប៉ះពាល់ទៅដល់២៧គ្រួសារ គិតជាហិចតាចំនួន៦០ហិចតា ព្រមទាំងសំណើ និងសំណូមពរមួយចំនួនទៀតដែលពាក់ព័ន្ធការអភិវឌ្ឍន៍មូលដ្ឋានក្នុងស្រុក ឃុំ ហើយបញ្ហាទាំងនេះត្រូវបាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ធ្វើការឡើងបកស្រាយបំភ្លឺ និងទទួលយក និងបានជំរុញឱ្យអាជ្ញាធរ និងមន្ទីរអង្គភាពត្រូវពន្លឿនក្នុងការដោះស្រាយ ឱ្យបានទាន់ពេលវេលា និងបញ្ហារប្រឈម និងសំណូមពរដែលមានមិនទាន់បានដោះស្រាយ និងកង្វល់ទាំងអស់នេះ និងទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបជម្រាបជូនដំណឹងទៅវិញ ដល់ម្ចាស់សំណួរបងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ដើម្បីធ្វើការដោះស្រាយជូនអោយបានទាន់់ពេលវេលា និងឆាប់រហ័សផងដែរ៕