ព័ត៌មានជាតិ

ព្រឹត្តិការណ៍​អង្គរវត្ត​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ មិន​ត្រឹមតែ​រួមចំណែក​ដល់​សកម្មភាព​មនុស្សធម៌ ប៉ុន្តែ​ក៏​បង្ហាញថា កម្ពុជា​មាន​សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ពេញ​បរិបូរណ៌​

នា​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Philip Witherington ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Manulife ប្រចាំ​អាស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សៀមរាប​-​អង្គរ​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​អង្គរវត្ត​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ លើក​ទី ២៩ ហើយ​ក្រុមហ៊ុន​Manulife បាន​ចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​នេះ ដើម្បី​រ៉ៃ​អង្គាស​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​ដំណើរការ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន នៅ​ជុំវិញ​ពិភពលោក ជាពិសេស​នៅ​តំបន់​អាស៊ី និង​ដែល​មាន​មូលដ្ឋាន​ធំ​នៅ​ប្រទេស​កាណាដា​។ ក្រុមហ៊ុន​បាន​ផ្ដល់​សេវា​ធានារ៉ាប់រង​ជីវិត​មុនដំបូង​គេ នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១២ ក្នុង​គោលដៅ​ជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ និង​ធានាបាន​នូវ​សន្ដិសុខ​ហិរញ្ញវត្ថុ​សម្រាប់​គ្រួសារ​នៃ​ប្រជាជន​កម្ពុជា​។ ជាមួយគ្នា​នោះ លោក​ប្រធាន​ក្រុមហ៊ុន​បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ពង្រីក​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត និង​បន្ត​ចូលរួម​ច​ណែ​ក​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ក៏ដូចជា​ការគាំទ្រ និង​ធានា​ដល់​សន្តិសុខ​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​របស់​ប្រជាជន​កម្ពុជា សម្រាប់​រយៈពេល​វែង​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ក្រុមហ៊ុន​ដែល​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​នា​ពេលកន្លងមក ហើយ​ឆ្នាំ​នេះ មាន​អ្នកចូលរួម​ច្រើន​កុះករ​ជាង​១៤,០០០​នាក់ ដែល​ចំនួន​នេះ​កើន​លើស​ឆ្នាំ​កន្លងទៅ​។ ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​បាន​ចូល​រួមចំណែក​ដល់​សកម្មភាព​មនុស្សធម៌ នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​កម្ពុជា ដែល​ជា​ប្រទេស​មួយ​មាន​សុខសន្ដិភាព ស្ថិរភាព សុវត្ថិភាព​ពេញបរិបូរណ៍​។ ទន្ទឹមនឹងនោះ សម្ដេច​បវរ​ធិបតី​បាន បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​គោលនយោបាយ​គាំពារ​សង្គម ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការផ្ដល់ជូន​នូវ​សេវា​ធានា​រ៉ាប់​រ៉ង​ផ្នែក​ថែទាំ​សុខភាព សម្រាប់​មន្ត្រីរាជការ និង​ក្រុមគ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ និង​បាន​ដាក់ឱ្យ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​។ សម្ដេច​បវរ​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពង្រឹង និង​ពង្រីក​ការវិនិយោគ និង​បង្កើត​ផលិតផល​ថ្មីៗ​បន្ថែមទៀត ដើម្បី​ជា​ជម្រើស​សម្រាប់​សេវា​ធានារ៉ាប់រង​ជូន​ប្រជាជន​កម្ពុជា​។​

Leave a Reply

Your email address will not be published.