ខេត្តកំពង់ធំ៖ លោកសាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំបានបញ្ជាក់ឲ្យដឹងថា៖ ជនសង្ស័យ២នាក់ ទី១/ឈ្មោះតាក់ សំណាង ,ទី២/ឈ្មោះលន់ នា និងវត្ថុតាង ត្រាក់ទ័រ៣គ្រឿង នឹងត្រូវបញ្ជូនមកកាន់សាលាដំបូងខេត្តនៅថ្ងៃអាទិត្យទី ២៨ ខែមករា ឆ្នាំ២០២៤ នេះក្រោយបញ្ចប់ការសួរនាំនៅស្នងការនគរបាលខេត្តកំពង់ធំ។
គួររំលឹកថា បើទោះជាមានបទបញ្ជាពីឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឲ្យកងកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបជនខិលខូចដែលយកត្រាក់ទ័រទៅជាន់ភ្ជួរលើដីរបស់រដ្ឋនៅតំបន់ ៣ ដែលជាតំបន់ហាមឃាត់របស់រដ្ឋ ស្រាប់តែនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានត្រាក់ទ័រចំនួន៣គ្រឿង បានចុះធ្វើសកម្មភាពភ្ជួរនិងជាន់ដីរបស់រដ្ឋនៅចំណុចក្បាលកំពីង ,ចំណុចអន្លង់អានុប ,និងចំណុចសានស្រាត ស្ថិតនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចំរុះខេត្តកំពង់ធំ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ យកមកសាកសួរនៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំផងដែរ។
បន្ទាប់ពីការសាកសួររួច ខណៈនេះជនសង្ស័យទាំង២នាក់ ត្រូវបញ្ជូនខ្លួនមកសាលាតំបូងខេត្តកំពង់ធំដើម្បីចំណាត់ការបន្តតាមនិតិវិធី។