កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(ហៅវត្តកោដូនតី) ដែលស្ថិតនៅ ភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ និមន្ត/អញ្ជើញរួមាន ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្ត គណៈមហានិកាយ ព្រះ មុនីតាលវ័ន មួង ចក្រី ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីរាជការបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន ៩៩៣ អង្គ/នាក់។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ជាមួយព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅទីអារាមវត្តនេះ ជាពិសេសព្រះតេជគុណ វរច្ឆន្ទោ ប៉ោ ហំ ព្រះចៅអធិការវត្តកោដូនតី។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរ បច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានរួមចំណែកចាប់មគ្គផលកសាងសមិទ្ធផលនានាក្នុងវត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ បន្ថែមថាក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចប្ដេជ្ញាចិត្តបន្តដឹកនាំអភិវឌ្ឍប្រទេសក្រោមបេសកកម្មរបស់អ្នកដឹកនាំជំនាន់មុន គឺការថែរក្សាសុខសន្តិភាព និងបានគិតគូរលើកកម្ពស់ជីវភាពប្រជាជន ខិតខំលើកស្ទួយវិស័យអប់រំ បណ្ដុះបណ្ដាល ដោយសម្រួចមុមសំខាន់ៗ សំដៅផ្ដល់ការអប់រំនិងវិជ្ជាជីវៈ ជូនដល់កូនចៅប្រជាជនប្រកបដោយគុណភាព និងការលើកកម្ពស់ការផ្ដល់សេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា។
សូមជម្រាបជូនផងដែរថា វត្តឧត្តមគិរីប្រឹក្សា (ហៅវត្តកោដូនតី) ត្រូវបានកសាងឡើងនៅ ឆ្នាំ២០០០ មានអាយុកាល ២៥ឆ្នាំមកហើយ ចំណែកព្រះវិហារថ្មីដែលត្រូវកាត់ឫសសីមាបានប្រើពេលសាងសង់រយៈពេល ១១ឆ្នាំ ទើបបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ និងមានសមិទ្ធផលថ្មីៗជាច្រើនទៀតដែលត្រូវសម្ពោធឆ្លងផងដែររួមមាន៖ ព្រះពុទ្ធបដិមាព្រះពុទ្ធត្រាស់ដឹងចំនួន១ព្រះអង្គ ព្រះពុទ្ធទ្រង់បិណ្ឌបាត្រចំនួន ២ព្រះអង្គ ព្រះពុទ្ធបរិនិព្វានចំនួន ១ ព្រះអង្គ ដងទង់ ១គូរ កម្ពស់ ២៤.៦ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធដទៃជាច្រើនទៀតផងដែរ។