កំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល នៅខេត្តកំពង់ស្ពឺ។
ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣,០០០នាក់ នៅបរិវេណអគារសាលាខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឡី សុភាព សមាជិកជាគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគមសហព័ន្ធយវជនសេដ្ឋកិច្ចកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំយ៉ាងល្អ មានប្រសិទ្ធភាព និងបានខិតខំបង្កើតឱ្យទទួល បានជាផ្លែផ្កានូវមធ្យោបាយគន្លឹះបង្កើតបានផ្ទាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបង្កើតវិញ្ញាបនបត្រ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអនុក្រឹត្យស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយតបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ប្រកបដោយគុណតម្លៃ និងកញ្ចប់អត្ថ ប្រយោជន៍ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរ និង និងរៀបចំជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុង គោលដៅលើកស្ទួយជីវភាពរស់នៅដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋនៅទូទាំងប្រទេស។
ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹ មនឹងនេះ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។ ការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិកើតឡើង។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការចុះឈ្មោះនឹងបើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ពីក្រសួងស្ថាប័នក្នុងការអភិវឌ្ឍបណ្តុះបណ្តាលជំនាញបន្ថែម ការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការការអនុគ្រោះ និងលើក លែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម។ ឯកឧត្តមបានស្នើឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត បន្តជំរុញផ្សព្វផ្សាយ និងរៀបចំយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន ទូលំទូលាយដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការចុះឈ្មោះឱ្យបានកាន់តែជ្រួតជ្រៀប។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការរៀបចំឱ្យមានការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ជាយន្តការដែលរាជរដ្ឋាភិបាលបានរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយដល់អ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេលស្របពេលខេត្តបាត់ដំបង បានខិតខំក្នុងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ដែលរដ្ឋបាលខេត្តខិតខំអភិវឌ្ឍលើផ្នែកពាក់ព័ន្ធ ដើម្បីជួយបង្កើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្តក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមចុះឈ្មោះ ក្នុងថ្នាលឌីជីថល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានកាន់តែច្រើន ដើម្បីអនាគត មុខរបរ ការងារ និងប្រាក់ចំណូលគ្រួសាររបស់ខ្លួនផងដែរ៕