ព័ត៌មានជាតិ

សម្តេច​ម​ហាវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងតិ៍ ទី​២ របស់​ក្រុមហ៊ុន ខន​ស៍ ខេ​ធី ស៊ី​មេន (​ភ្នំពេញ​) ឯ​.​ក

កំពង់ស្ពឺ​÷ នា​ថ្ងៃ​អង្គារ ៩​រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ អញ្ជើញ​ចូលរួម​ជា​កិត្តិយស ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងតិ៍ ទី​២ របស់​ក្រុមហ៊ុន ខន​ស៍ ខេ​ធី ស៊ី​មេន (​ភ្នំពេញ​) ឯ​.​ក​  ក្នុងភូមិ​មនោ​រម្យ ឃុំ​ហោង​សំ​ណំ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្រុមហ៊ុន ខន​ស៍ ខេ​ធី ស៊ី​មេន (​ភ្នំពេញ​) ឯ​.​ក ដែល​ត្រូវបាន​បង្កើត​ក្រោម​ទុនវិនិយោគ​រួម​គ្នា​រវាង​វិនិយោគិចិន និង​ក្រុមហ៊ុន KT Pacific Group របស់​កម្ពុជា​ដែល​មាន​លោក​អ្នកឧកញ៉ា ហុង ស៊ួន អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ព្រមទាំង​អ្នក​ឧកញ៉ា​បណ្ឌិត វិញ ហ៊ួ​រ ជា​សហ​ស្ថាបនិក និង​អ្នកឧកញ៉ា ទី​វ ម៉េង​ហ៊ុយ ជា​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​។​
​រោងចក្រ ខន​ស៍ ស៊ីម៉ងតិ៍ ទី​១ មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង និង​ត្រូវបាន​សម្ពោធ​ជា​ផ្លូវកា​លពី​ឆ្នាំ​២០១៨ ចំណែកឯ​រោងចក្រ​ទី​២ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​មនោ​រម្យ ឃុំ​ហោង​សំ​ណំ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​លើ​ផ្ទៃដី​សរុប ៤០៧​ហិច​តា រោងចក្រ​ទាំង​២​នេះ​មាន​សមត្ថភាព​ផលិត​សរុប​ប្រមាណ ៤.២​លាន​តោន​ក្នុង​ឆ្នាំ និង​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ ហើយ​ត្រូវបាន​ចាត់​ចូល​ជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ធំ​ជាង​គេ​នៅ​អាស៊ី និង​លេខ​២ នៅលើ​ពិភពលោក​ផងដែរ​៕​

 

Leave a Reply

Your email address will not be published.