ព័ត៌មានជាតិ

សម្តេច​ម​ហាវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងតិ៍ ទី​២ របស់​ក្រុមហ៊ុន ខន​ស៍ ខេ​ធី ស៊ី​មេន (​ភ្នំពេញ​) ឯ​.​ក

​កំពង់ស្ពឺ​÷ នា​ថ្ងៃ​អង្គារ ៩​រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ សម្តេច​ម​ហាវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងតិ៍ ទី​២ របស់​ក្រុមហ៊ុន ខន​ស៍ ខេ​ធី ស៊ី​មេន (​ភ្នំពេញ​) ឯ​.​ក នៅ​ភូមិ​មនោ​រម្យ ឃុំ​ហោង​សំ​ណំ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ។​

​រោងចក្រ​ផលិត​ស៊ីម៉ងតិ៍ ទី​២ របស់​ក្រុមហ៊ុន ខន​ស៍ ខេ​ធី ស៊ី​មេន (​ភ្នំពេញ​) ឯ​.​ក មាន​សមត្ថភាព​ផលិតកម្ម​ស៊ីម៉ងត៍​ចំនួន ២,២​លាន​តោន​ក្នុង​មួយ​ឆ្នាំ និង​បង្កើត​ការងារ​ផ្ទាល់ និង​ប្រយោល​ចំនួន​ជាង​១០០០​កន្លែង ។​

​កា​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងតិ៍​នៅ​កម្ពុជា ជា​ការឆ្លើយតប​ទៅ​និង​តម្រូវការ​កើនឡើង​នៃ​ការកសាង​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ពី​មុន​យើង​តែងតែ​ពឹងផ្អែក​លើ​ការនាំ​ស៊ីម៉ងតិ៍​ចូល​ពី​ក្រៅ​ប្រទេស ។ គិត​ត្រឹម​ឆ្នាំ​២០២៥​នេះ កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​៦ ដែល​អាច​ផលិត​ស៊ីម៉ងត៍​បាន​ជាង ១១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។​

​ក្រុមហ៊ុន ខន​ស៍ ខេ​ធី ស៊ី​មេន (​ភ្នំពេញ​) ឯ​.​ក ដែល​ត្រូវបាន​បង្កើត​ក្រោម​ទុនវិនិយោគ​រួម​គ្នា​រវាង​វិនិយោគិចិន និង​ក្រុមហ៊ុន KT Pacific Group របស់​កម្ពុជា​ដែល​មាន​លោក​អ្នកឧកញ៉ា ហុង ស៊ួន អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ព្រមទាំង​អ្នក​ឧកញ៉ា​បណ្ឌិត វិញ ហ៊ួ​រ ជា​សហ​ស្ថាបនិក និង​អ្នកឧកញ៉ា ទី​វ ម៉េង​ហ៊ុយ ជា​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​។​

​សូមបញ្ជាក់​ថា ៖ រោងចក្រ ខន​ស៍ ស៊ីម៉ងតិ៍ ទី​១ មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង និង​ត្រូវបាន​សម្ពោធ​ជា​ផ្លូវកា​លពី​ឆ្នាំ​២០១៨ ។

​ចំណែកឯ​រោងចក្រ​ទី​២ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​មនោ​រម្យ ឃុំ​ហោង​សំ​ណំ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​លើ​ផ្ទៃដី​សរុប ៤០៧​ហិកតា រោងចក្រ​ទាំង​២​នេះ​មាន​សមត្ថភាព​ផលិត​សរុប​ប្រមាណ ៤.២​លាន​តោន​ក្នុង​ឆ្នាំ និង​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ ហើយ​ត្រូវបាន​ចាត់​ចូល​ជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ធំ​ជាង​គេ​នៅ​អាស៊ី និង​លេខ​២ នៅលើ​ពិភពលោក​ផងដែរ ៕

Leave a Reply

Your email address will not be published.