ក្រចេះ÷ នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត ប្រធានក្រុមការងារថ្នាក់ខេត្តចុះស្រុកឆ្លូង តំណាងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតី “វេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា” នៅបរិវេណវត្តប្រម៉ា ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ជាកិច្ចចាប់ផ្តើមឯកឧត្តមប្រធានក្រុមការងារបានរំលេចពីព្រឹត្តិការណ៍អន្តរជាតិសង្គ្រាមរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលយើងត្រូវការពារសន្តិភាពដែលប្រមុខរដ្ឋាភិបាលយកជីវិតមកធ្វើដើមទុនមកអោយយើងគ្រប់គ្នា។ ឯកឧត្តមក៏បានរំលឹកបងប្អូនប្រជាពលរដ្ឋអោយទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពជីវមាត្រផងដែរ។ ឯកឧត្តមប្រធានបានពាំនាំការសួរសុខ្ខទុកពីសំណាក់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះផងដែរ។ ប្រជាពលរដ្ឋបានចូលរួមសរុបប្រមាណ៣២២នាក់ (ស្រី១៤៣នាក់) និងបានសំណូមពរ៖
១- បង្គោល និងបណ្តាញអគ្គីសនី
២-ប័ណ្ណក្រីក្រ
៣-ដីសហគមន៍ត្រូវអាជ្ញាធរអោយទៅ ៩៩៨ ស្នើសុំដីសហគមន៍
៤-អត្តសញ្ញាណប័ណ្ណបាត់ស្នើសុំថ្មី
៥-សុំអគ្គីសនី ដោយភូមិសងខាងមានភ្លើងហើយ អត់តែភូមិនៅកណ្តាលប្រវែងប្រហែល២០០ម៉ែត្រ
៦-អណ្តូងទឹកស្អាត
៧-ផ្លូវភូមិ១គីឡូម៉ែត្រ និងជួសជុលផ្លូវក្នុងភូមិមិនទាន់ចាក់គ្រួសក្រហម គ្រុនឈាម
ជាការឆ្លើយតបឯកឧត្តមប្រធានក្រុមការងារបានដោះស្រាយភ្លាមៗ និងដាក់ផែនការសិក្សា ដោះស្រាយនៅពេលខាងមុខដោយលឿនបំផុត៖
១-បង្គោលភ្លើងបានសាងសង់ទៅជិតដល់ហើយ ដោយនឹងចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ឯកឧត្តម ភឹម ភារ៉ា នឹងរាយការណ៍បន្ថែមជូនឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ
២-បានចុះទៅជាប្រចាំ តែដោយសារភាគច្រើនគឺប្រជាពលរដ្ឋចំណាកស្រុកដែលជាហេតុមិនបានទិន្នន័យ និងមិនបានទទួលប័ណ្ណ។ ពេលចប់កម្មវិធីសូមប្រជាពលរដ្ឋដែលស្នើសុំ(ចំណាក់ស្រុក) មកជួបសាលាឃុំដើម្បីរៀបចំកិច្ចការនឹង។ លោកគង់ សុជាតិ ប្រធានមន្ទីរសង្គមកិច្ចបានលើកទឹកចិត្តបងប្អូនប្រជា
៣-សូមដាក់ពាក្យមកឃុំដើម្បីថ្នាក់ស្រុកជួយរៀបចំគោលការណ៍ស្នើសុំដីសហគមន៍ជូនតំណាងជាង២៣គ្រួសារ។ ការស្នើសុំ និងការវាយតម្លៃគឺតាមនិតិវិធី។
៤-ត្រូវការឯកសារពាក់ព័ន្ធភ្ជាប់មកជាមួយ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីចាត់ការនិតិវិធី។ មេប៉ុស្តិ៍នឹងចាត់ចែងជូនដោយផ្ទាល់ពេលចប់កម្មវិធី
៥-ដោយមូលហេតុផ្ទះនៅទីនោះរង្វើលពេក សរុបប្រហែល១០គ្រួសារតំបន់នោះប្រហែលជិត២០០០ម៉ែត្រ មិនមែន២០០ម៉ែត្រទេ។ អគ្គីសនីខេត្តនឹងជំរុញអោយប្រតិបត្តិករអោយសិក្សាបន្តពីលិទ្ធភាព
៦-មន្ទីរអភិវឌ្ឍន៍ជនបទគោលការណ៍១០គ្រួសារ នឹងផ្តល់ជូនអណ្តូង ក្រុមការងារនឹងចុះសិក្សា
៧-មន្ទីរសុខាភិបាលបានមានវិធានការចុះចែកមុងបានជាង៥០គ្រួសារ ចែកថ្នាំអាបែត និងបាញ់ថ្នាំ។ មន្ទីរចុះទាល់តែភូមិឃុំបញ្ជូនព័ត៌មានមកមន្ទីរទើបដឹង និងចុះអន្តរាគមន៍។
*វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនឦសាន សូមជូនដំណឹង ការចូលរៀនវគ្គជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ១២ជំនាញ ដោយថែមទាំងផ្តល់ប្រាក់ឧបត្ថមបន្ថែម២៨ម៉ឺនរៀលក្នុង១ខែរាល់សិស្សដែលបានមកចូលរៀន (0883899991/0977523346/078350530) ភូមិអូឫស្សី២ សង្កាត់អូឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ឯកឧត្តម ភឹម ភីរ៉ា បានលើកទឹកចិត្តបន្ថែមបងប្អូនប្រជាពលរដ្ឋ យុវជនយុវនារីដែលមិនមានការងារ មិនមានជំនាញសូមចុះឈ្មោះចូលរៀនជំនាញនានាដើម្បីមានជំនាញ មានការងារ មានចំណូល ជៀសផុតពីភាពក្រក្រ ដែលជាការគិតគូររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង បានណែនាំបន្ថែមពាក់ព័ន្ធនឹងជម្ងឺគ្រុនចាញ់ និងសូមរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។ មុននឹងបញ្ចប់កម្មវិធីឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង បានជូនលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម នេត្រ ភក្ត្រាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះជូនដល់ក្រុមហ៊ុនចន្ទសុភា អភិវឌ្ឍ ដែលបានធ្វើផ្លូវគ្រួសក្រហមប្រវែង១៣០០ម៉ែត្រជាប្រយោជន៍រួមផងដែរ។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមប្រធានបានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុឆ្លូង និងក្រុមការងារថ្នាក់ខេត្ត មន្ត្រីមូលដ្ឋាននៃរដ្ឋបាលស្រុកឆ្លូងទាំងអស់ដែលបានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕