ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ចេញ​កម្លាំង​បើក​យុទ្ធនាការ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​

ពោធិ៍សាត់​៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​មីនា ឆ្នាំ​២០២៤​នេះ បាន​ចេញ​បទបញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ស សំបូ​រធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​បញ្ជា មធ្យោបាយ គ្រឿងចក្រ និង​កម្លាំង​កង​អន្តរាគមន៍​កងរាជអាវុធហត្ថ ប្រមាណ​៣០០​នាក់ ចុះ​ជួយ​គាំទ្រ​ដល់​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ពោធិ៍សាត់ ដើម្បី​បើក​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ចំពោះ​គោលដៅ​ទីតាំង​ភូមិសាស្ត្រ​ដែល​ត្រូវ​ប្រតិបត្តិការ​ជា​អាទិភាព​មាន ០៤​ឃុំ និង ១៤​ចំណុច​ធំៗ ក្នុងនោះ ទី​១​នៅ​ឃុំ​ថ្ម​ដា (​ចំណុច​ខ្នង ១៦ ភូមិ​អូរ​សួស្តី ឃុំ​ថ្មដា ស្រុក​វាលវែង​)​។

​ទី​២​នៅ​ឃុំ​អន្លង់​រាប​(​ចំណុច​ជើងភ្នំ​១៥០០ និង​ចំណុច​៨០ ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង​/​ចំណុច​ជើងភ្នំ​ក្រឡឹង និង​ជួរ​ភ្នំ ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង​/​ចំណុច​ជើងភ្នំ​ខ្មោច ភូមិ​អូរ​១៧ ឃុំ​អន្លង់​រាប ស្រុក​វាលវែង​/​ចំណុច​ដី​សហគម​ន៏​ក្រាំងរ​ងៀង ឃុំ​អន្លង់​រាប​/​ចំណុច​អូរ​១ អូរ​២ ចំណុច​ក្បាល​ស្ទឹង​ទួល​ល្ងៀង ភូមិ​អូរ​ដី​ខ្មៅ ឃុំ​អន្លង់​រាប​។ ទី​៣​នៅ​ឃុំ​ក្រពើ​ពីរ​(​ចំណុច​ច្រក​ចង្អៀត ភូមិ​ក្រពើ​ពីរ​លើ ឃុំ​ក្រពើ​ពីរ ព្រំប្រទល់​ស្រុក​វាលវែង និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​/​ចំណុច​ជើងភ្នំ​ប្រើស​ដល់​ទឹកធ្លាក់​ថ្ម​ចាំង ភូមិ​ក្រពើ​ពីរ​លើ ឃុំ​ក្រពើ​ពីរ​/​ចំណុច​ភ្នំ​តា​ងិល នៅ​ចំណុចប្រសព្វ​រវាង​ភូមិ​អូរ​តា​ទិន ភូមិ​សំឡាញ និង​ភូមិ​កុំ​ប៉ង ឃុំ​ក្រពើ​ពីរ​/​ចំណុច​ស្រែ​យក្ស ភូមិ​កុំ​ប៉ង ឃុំ​ក្រពើ​ពីរ​/​ចំណុច​ខ្នងភ្នំ​ព្រះអាទិត្យ ភូមិ​បឹង​រំ​លេច ឃុំ​ក្រពើ​ពីរ ព្រំប្រទល់​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង​។ និង​ទី​៤​នៅ​ឃុំ​ប្រ​ម៉ោយ​(​ចំណុច​អូរ​ទី​២ ចំណុច​ជើងភ្នំ​សុគន្ធ ចំណុច​អូរ​តា​សូ ចំណុច​អូរ​ក្បាល​ខ្ទីង និង​ចំណុច​អូរ​បេង ឃុំ​ប្រ​ម៉ោយ​(​ជា​ចំណុចប្រសព្វ​៤​ភូមិ : ភូមិ​ស្ទឹង​ថ្មី ភូមិ​មន្ទីរពេទ្យ​ចាស់ ភូមិ​ផ្ចឹក​ជ្រុំ និង​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ប្រ​ម៉ោយ​)/​ចំណុច​ខាង​មុខ និង​ខាងក្រោយ​ភ្នំ​លោក​តាគ្រី ភូមិ​ដូន​នាគ ឃុំ​ប្រ​ម៉ោយ​/​ចំណុច​ម៉ុង​រី ភូមិ​ដូង​ឃ្លៀង ឃុំ​ប្រ​ម៉ោយ ព្រំប្រទល់​ជាមួយ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​។​

​បេសកកម្ម​នេះ​មាន​រយៈពេល​មួយខែ និង​បន្ត​ដូច​ភ្លៀងរលឹម​នៅក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ សំដៅ​ធានាឲ្យបាន​នូវ​និរន្តរភាព​ប្រព័​ន្ធ​អេកូ​ឡូ​សុ​ី ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិឲ្យបាន​សមស្រ​ប​។ និង​ដើម្បី​ទប់ស្កាត់ និង​ធ្វើ​ការបង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​នូវ​បទល្មើ​ស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ជាពិសេស​ស្រុក​វាលវែង​។

​ទន្ទឹម​នឹង​នោះ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ នឹង​ធ្វើ​ការស្រាវជ្រាវរ​ក​ជន​ដែល​ប្រព្រឹត្តិ​បទល្មើស និង​ជន​ដែល​មាន​ការពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​រានទន្ទ្រាន និង​កាន់កាប់​ដី​របស់​រដ្ឋ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ និង​ប្រមូលផ្តុំ​រាល់​វត្ថុតាង​ដែល​ទាក់ទង​ជាមួយ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ និង​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​តុលាការ​ស្រប​តាម​នីតិវិធី​នៃ​ច្បាប់​ដែល​ចូល​ជា​ធរមាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

Leave a Reply

Your email address will not be published.