រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Chang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តម Chang Won Sam បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបផងដែរថា កម្ពុជាជាប្រទេសទីមួយ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី ចាប់តាំងពីឯកឧត្តមបំពេញតួនាទីជាប្រធាន KOICA កាលពីឆ្នាំ២០២៣។ ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ បន្ថែមពីនេះ ឯកឧត្តមប្រធាន បានគោរពជម្រាបជូនសម្តេចធិបតីថា ឯកឧត្តមធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាម្តងកាលពីឆ្នាំ២០០៦ ហើយតាមរយៈទស្សនកិច្ចលើកនេះ ឯកឧត្តមបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរ និងភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅកម្ពុជា ដែលនេះបង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយឯកឧត្តម មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ព្រះរាជាណាចក្រកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតផងដែរ។
ឯកឧត្តមប្រធាន ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា រដ្ឋាភិបាលកូរ៉េបានឈ្វេងយល់យ៉ាងច្បាស់អំពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយ KOICA បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ (១) ការប្តេជ្ញាបន្តផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា (២) ការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់កម្ពុជា និង (3) ការប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការ តាមរយៈការបន្ស៊ីគ្នារវាងកម្មវិធិអភិវឌ្ឍន៍ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមប្រធាន ក៏បានបង្ហាញពីការបន្តជួយគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងបានសម្តែងនូវការកោតសរសើរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាពេលខាងមុខនេះផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្ដម Chang Won Sam និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់ KOICA ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ បន្ថែមពីនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តការអភិវឌ្ឍនូវគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានគន្លឹះទាំង៥ និងគោលនយោបាយអាទិភាពទាំង៦ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។ ជាងនេះទៅទៀត សម្តេចធិបតី ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមទៀត ៕