ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​គុយបា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ មី​ឡេន​ណា ការី​ដា​ដ ហ្សា​ឌី​វ៉ា ពា​ដ្រា​(Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​គុយបា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជាបឋម សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​អបអរសាទរ ជូន​ចំពោះ​លោកជំទាវ ឯកអគ្គរដ្ឋទូត ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​គុយបា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ បាន​សម្ដែង​នូវ​ក្ដីសង្ឃឹម​ថា​នៅក្នុង​អាណត្តិ​បេសកកម្ម​របស់ លោកជំទាវ ឯកអគ្គរដ្ឋទូត លោកជំទាវ​នឹង​ខិតខំ​រួមគ្នា​ជាមួយនឹង​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ដើម្បី​កសាង​និង​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

​លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ លោកជំទាវ បាន​ចូលជួប​សម្ដែង​ការគួរសម​នៅ​ថ្ងៃនេះ ហើយ​លោកជំទាវ បាន​សម្ដែង​ក្ដីសង្ឃឹម​ថា​ក្នុង ឋានៈ​ជា ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា លោកជំទាវ​នឹង​ខិតខំ​ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា​និង​គុយបា ដែល​ជា​សក្ខីភាព​នៃ​ភាពរឹងមាំ​រវាង​ប្រជាជន​និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​រាយការណ៍​ជូន សម្ដេច​តេជោ ថា សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបាន​ប្រជាជន​គុយបា គោរព​ស្រឡាញ់​រាប់អាន ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​គឺ​មាន​ភាពរឹងមាំ ដោយ​យើង​បាន​ជួយ​គ្នា​ក្នុង​ការអភិវឌ្ឍ និង​កិច្ចសហការ​ក្នុង​កម្មវិធី​ជា​ច្រើន​ដែល​ធ្វើឱ្យ​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​ជិតស្និទ្ធ​គ្នា​បន្ថែមទៀត​។

​នៅក្នុង​ពេល​ទស្សនកិច្ច​ផ្លូវការ​ចុងក្រោយ​របស់ សម្ដេច​តេជោ នៅ​ទីក្រុង​ហា​ឡា​វ៉ាន កាលពី​ខែ​កញ្ញា​ឆ្នាំ​២០២២ កន្លងទៅនេះ ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​និង​កិច្ចព្រមព្រៀង​មួយចំនួន ហើយ​លោកជំទាវ​ឯកអគ្គរដ្ឋទូត បានបញ្ជាក់​ថា​នឹង​ខិតខំ​ប្រឹងប្រែង តាមដាន និង អនុវត្ត​នូវ​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ទាំងនោះ​ប្រកបដោយ​ផ្លែផ្កា​។

​លោកជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​និង​សម្ដេច​តេជោ ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​គុយបា​នៅ​កម្ពុជា​កាលពី​ចុងឆ្នាំ​២០២២​កន្លងមកនេះ​។ លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​អបអរសាទរ​ជូន​ចំពោះ សម្ដេច​តេជោ ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ប្រធានាធិបតី ប្រធានសភា​និង​នាយករដ្ឋមន្ត្រី​គុយបា ជូន​ចំពោះ សម្ដេច​តេជោ​ផងដែរ​។

​ជាមួយគ្នានេះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ថ្លែង​ពី​ការ​ស្ញប់ស្ញែង និង កោតសរសើរ​របស់លោក​ជំទាវ ចំពោះ​កម្ពុជា​ដែល​ជោគជ័យ​នៅក្នុង​បញ្ហា​សន្តិសុខ​ស្បៀង និង​មាន​ការអភិវឌ្ឍ​កម្រិត​ខ្ពស់ ហើយ​ប្រទេស​គុយបា​ក៏​ចង់​រៀនសូត្រ​ពី​កម្ពុជា​ផង​ដែរ​។

​លោកជំទាវ​បាន​ចាត់ទុកថា​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​គម្រោង​ផលិត​ស្រូវ​ដែល​បាន​ចាប់ផ្តើម ដោយ​គណៈប្រតិភូ​កម្ពុជា​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​ហា​ឡា​វ៉ា​នៃ​ប្រទេស​គុយបា ហើយ​អនុរដ្ឋមន្ត្រី​កសិកម្ម​របស់​គុយបា ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ជំរុញ​វិស័យ​ផលិត​ស្រូវ​នៅក្នុង​ប្រទេស​គុយបា​ផងដែរ​។

​ទាក់ទង​នឹង​វិស័យ​សុខាភិបាល លោកជំទាវ បានបញ្ជាក់​ថា គុយបា​មាន​បច្ចេកវិទ្យា​ផ្នែក​សុខាភិបាល និង​មាន​គោលបំណង​ចែករំលែក​ដល់​កម្ពុជា ។ ប្រទេស​យើង​ទាំង​ពីរ​គួរតែ​មាន​អនុស្សរណៈ​យោគយល់​គ្នា​នៅលើ​វិស័យ​សុខាភិបាល និង​វិស័យ​ផ្សេងទៀត​ដូចជា​វប្បធម៌​ជាដើម ។ លោកជំទាវ ក៏​បំណង​នឹង​ធ្វើការ​ជាមួយនឹង​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា​ដើម្បី​សិក្សា​ពីអ្វី​ដែល​អាច​ធ្វើ​បាន​បន្ថែ​ម​ទៀត ដែល​ជា​សក្ដានុពល​របស់​ប្រទេស​ទាំងពីរ​។

​លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏​បាន​រៀបរាប់​ផងដែរ​ពី​ការលំបាក​របស់​គុយបា​នាពេល​បច្ចុប្បន្ន​ដោយ​មាន​ការហ៊ុមព័ទ្ធ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ធ្វើឱ្យ​បាន​មាន​ការលំបាក​ក្នុងការ​នាំចូល​ស្បៀង​។ លោកជំទាវ បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​កម្ពុជា​ដែល​តែងតែ​បោះឆ្នោត​គាំទ្រ​ឱ្យ​មាន​ការដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​គុយបា នៅ​សន្និបាត​អង្គការសហប្រជាជាតិ​ជា​រៀងរាល់ឆ្នាំ​។

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ ដែល​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ការ​ជូនពរ​ពី​ប្រធានាធិបតី ប្រធានសភា និង​នាយករដ្ឋមន្ត្រី​គុយបា ជូន​ចំពោះ​សម្ដេច​តេជោ​។

​សម្ដេច​តេជោ បាន​រំព្ញ​កថា ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់ទំនង​យូរអង្វែង​ចាប់ពី​តាំងពី​បាន​ឯករាជ្យ​មក​រៀងៗ​ខ្លួន​មក ។ នៅ​ឆ្នាំ​១៩៧៩ សាធារណរដ្ឋ​គុយបា បាន​ទទួលស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ហើយ​បាន​ផ្ដល់​ជំនួយ​និង​ការជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅលើ​ឆាក​អន្តរជាតិ​ទៀតផង​។ ក្នុងឱកាស​នោះ​ដែរ សម្ដេច​តេ​ជោបាន​រំលឹក​ពី​អនុស្សាវរីយ៍​ដែល​មាន​ការ​ជ្រោមជ្រែង​ជួយ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី ហ្វី​ដែល កា​ស្ត្រូ ក្នុងការ​ធ្វើ​ឱ្យ​អាសនៈ​របស់​កម្ពុជា​នៅ​ក្នុង​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ នៅ​ទំនេរ ខណៈពេល​នោះ ខ្មែរក្រហម​កាន់កាប់​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​។

​សម្ដេច​តេជោ បាន​រំលឹក​អនុស្សាវរីយ៍​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​គុយបា ពិសេស ទស្សនកិច្ច​ឆ្នាំ​១៩៩៩ ឆ្នាំ ២០០០ និង ឆ្នាំ​២០២២​កន្លងមកនេះ ដែល​សម្ដេច​តេជោ បាន​ធ្វើការ​ចរចា និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ស្តីពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​សភាពការណ៍​ផ្លាស់ប្ដូរ​នៅលើ​សកលលោក ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​របស់​សាធារណរដ្ឋ​គុយបា​។

​ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​រំឭកថា​យើង​មាន​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ជាច្រើន​សម្រាប់​កិច្ចសហការ​របស់​យើង ។ យើង​ត្រូវ​ជំរុញ​អនុវត្ត​រាល់​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ដែល​មាន​ស្រាប់ និង​ស្វែងរក​អ្វី​ដែល​អាច​ធ្វើ​បាន​បន្ថែម​ទៀត ដោយសារ​ប្រទេស​យើង​ទាំង​ពីរ​មាន​សក្តានុពល​យ៉ាង​ច្រើន​។ សម្ដេច​ជោ ប្រធានព្រឹទ្ធសភា បាន​បញ្ជាក់​ពី​គម្រោង​ជួយ​សាធារណរដ្ឋ​គុយបា ក្នុង​ការផលិត​ស្រូវ​ដើម្បី​កាត់បន្ថយ​ការ​នាំចូល ហើយ​ទន្ទឹមនឹងនោះ សម្ដេច​តេជោ មានបំណង​ជំរុញ​ការនាំចេញ​និង​នាំចូល​នូវ​ផលិតផល​ទៅវិញទៅមក​។ ទន្ទឹមនឹងនេះ​ដែរ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ផ្ដល់​ជា​អនុសាសន៍​ដូចខាងក្រោម​៖
​ទី​១) វិស័យ​កសិកម្ម ជាពិសេស​ការផលិត​ស្រូវ កម្ពុជា​មាន​បទពិសោធន៍​ក្នុង​ការផលិត​ស្រូវ​ដោយ​ប្រើ រយៈពេល​ខ្លី ប្រើ​ទឹក​តិច ដែល​អាច​ជួយ​ដល់​គុយបា​ជម្នះ​ការលំបាក​ក្នុងពេល​ដែល​ប្រទេស​គុយបា​កំពុងតែ​ទទួលរង​នូវ​ការហ៊ុមព័ទ្ធ​។ គុយបា អាច​យក​បច្ចេកទេស​ផលិត​ស្រូវ​កម្ពុជា ដើម្បី​យកទៅ​អនុវត្ត​ជាក់ស្ដែង​នៅ​ប្រទេស​គុយបា ពីព្រោះ​ថា​សព្វថ្ងៃនេះ គុយបា​កំពុង​មាន​បញ្ហា​ខ្វះខាត​ស្បៀង​ដែល​ជា​បញ្ហា​សំខាន់​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​។
​ទី​២) ពាក់ព័ន្ធ​វិស័យ​វេជ្ជសាស្ត្រ សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​គុយបា ដែល​បាន​ផ្ដល់​ការគាំទ្រ និង​ជួយ​ដល់​កម្ពុជា​ក្នុងពេល​ដ៏​លំបាក ជាពិសេស​គឺ​នៅ​ពេលដែល​កម្ពុជា​ទើបតែ​រួចផុត​ពី​របប​ប៉ុលពត​។ កម្ពុជា​បាន​បញ្ជូន​និស្សិត​ជា​ច្រើន​ទៅ​សិក្សា​នៅ​ប្រទេស​គុយបា ដោយ​គុយបា​មាន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ សិក្សា និង​ផលិត​វ៉ាក់សាំង ដូចនេះ សម្ដេច​តេជោ បាន​ផ្ដល់​អនុសាសន៍​ឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូត បន្ត​ធ្វើការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា​។

​លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​សម្ដែង​នូវ​សេចក្តី​រីករាយ ដែល​បាន​ស្ដាប់​នូវ​អនុស្សាវរីយ៍​របស់​សម្ដេច​តេជោ នៅ​ក្នុង​សាធារណរដ្ឋ​គុយបា​កន្លងមក ដែល​ពេលនោះ សម្ដេច​តេជោ បាន​ពិភាក្សា​ជាមួយ អគ្គបញ្ជាការ​គុយបា ជុំវិញ​ការការពារ​ប្រទេស​របស់​សាធារណរដ្ឋ​គុយបា​ដែល​បាន​ខិតខំ​តស៊ូ​ដើម្បី​សង្គម​សមភាព​និង​យុត្តិធម៌ ហើយ​លោកជំទាវ ក៏​បាន​ចាត់ទុកថា មិត្តភាព​រវាង​កម្ពុជា​និង​គុយបា គឺ​ស្ថិត​លើ​ការកសាង​ជាតិ និង​សន្តិសុខ ដោយ​ប្រទេស​ទាំង​ពីរ​ក៏​ជា​សមាជិក​មិន​ចូល​បក្សសម្ព័ន្ធ​ដូចគ្នា​។ លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​គោរព​ជូនពរ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា សូម​ទទួលបាន​សុខភាព​ល្អ និង​អាយុ​វែង ដើម្បី​ស្ថិរភាព សន្តិសុខ និង​សន្តិភាព​យូរអង្វែង​របស់​កម្ពុជា និង​បាន​អរគុណ សម្ដេច​តេជោ ដែល​បាន​ចាត់ទុក សាធារណរដ្ឋ​គុយបា គឺជា​បងប្អូន​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ស្នើ​ឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​គុយបា ធ្វើការ​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ពរជ័យ​ជូន​ចំពោះ ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ប្រធាន​សភា សាធារណរដ្ឋ​គុយបា​ផងដែរ​៕

Leave a Reply

Your email address will not be published.