ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា វាយតម្លៃ​ខ្ពស់​ចំពោះ «​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​» រវាង​កម្ពុជា និង​ចិន​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ «​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​» រវាង​កម្ពុជា និង​ចិន ក្នុងឱកាស​អនុញ្ញាតឱ្យ​ឯកឧត្តម Jonh Lee នាយក​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ចូលជួប​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ទៅកាន់​ឯកឧត្តម Jonh Lee នាយក​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ថា ផ្អែក​តាម​ទំនាក់ទំនង​នយោបាយ​ការទូត​ដ៏​យូរអង្វែង​រាប់ពាន់​ឆ្នាំ​ជា​ប្រវត្តិសាស្ត្រ កម្ពុជា និង​ចិន បាន​ប្រែក្លាយ​ជា​មិត្ត​ដែក​ថែប ក្រោម​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដែល​ជួយ​ជំរុញ​ឱ្យមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​គឺ​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម វេយនភ័ណ្ឌ​និង​សំលៀក​បំពាក់ ក​សិ​-​ឧស្សាហកម្ម សេវាកម្ម​ហិរញ្ញវត្ថុ ការដឹកជញ្ជូន ភស្តុភារ នវានុវត្តន៍ បច្ចេកវិទ្យា និង​ទេសចរណ៍ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង​សនិ្ត​សុខ សណ្តាប់ធ្នាប់​សាធារណៈ ការប្រយុទ្ធ​ប្រឆាំង​ភេ​វរ​កម្ម និង​បទល្មើស​ព្រហ្មទណ្ឌ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ចាត់ទុកថា ការសម្រេចបាន​នូវ​សមិទ្ធផល​ដ៏​គួរ​ជាទី​មោទនៈ​ទាំងនេះ ពិតជា​មិន​អាច​កាត់ផ្តាច់​បាន​ពី​គោល​នយោបាយ​រវាង​រដ្ឋ​និង​រដ្ឋ ទំនាក់ទំនង​ដ៏​ល្អ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​បង្កើត​នូវ​លក្ខខណ្ឌ និង​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ បម្រើ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​ភាគី​ទាំងពីរ​។ ជាក់ស្តែង បន្ទាប់​ពី​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ២​លើក ដែល​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ទាំងនេះ រដ្ឋាភិបាល នៃ​ភាគី​ទាំងពីរ ក៏​បាន​ចុះហត្ថលេខា​ឯកសារ​សហប្រតិបត្តិកា​រលើ​វិស័យ​សំខាន់ៗ​នានា រួមមាន​៖ ការវិនិយោគ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ការអភិវឌ្ឍ​បៃតង ព្រមទាំង​បាន​កំណត់ យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​។​

​ដើម្បី​ជំរុញ​ការវិនិយោគ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសណ៍ថា ក្នុង​ក្របខណ្ឌ​គតិយុត្ត រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​រួចរាល់​នូវ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​សំខាន់ៗ ដែល​មាន​ជាអាទិ៍ ច្បាប់​ស្តីពី​វិនិយោគ ច្បាប់​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ព្រមទាំង​បាន​បន្ត​អនុវត្ត​គោលនយោបាយ​អនុគ្រោះ​ពន្ធ​លើ​ផ្នែក​មួយ​ចំនួន ការសាងសង់​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​វិស័យ​សំណង់​អគារ ដែល​បង្ក​បរិយាកាស​សន្តិសុខ​ល្អប្រសើរ ដើម្បី​បង្កើន​ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ មកលើ​រាជរដ្ឋាភិបាល ក្រោម​ដំបូល​នៃ​សុខសន្តិភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជឿជាក់​យ៉ាង​មុតមាំ​ថា ឯកឧត្តម Jonh Lee នឹង​ជំរុញ​ការបណ្តាក់ទុន​វិយោគ និង​សេដ្ឋកិច្ច​លើ​វិស័យ​អាទិភាព​នានា​នៅ​កម្ពុជា​បន្ថែម​ទៀត ស្រប​ពេល​កម្ពុជា កំពុង​ខិតខំ​ពង្រឹង​ខ្លួនឯង ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ចក្ខុវិស័យ​២០២៤ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ជាមួយនេះ ឯកឧត្តម Jonh Lee នាយក​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​អភិ​សនិ្ត​បណ្ឌិត ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម​។ ឯកឧត្តម បាន​មានប្រសាសន៍​លើកឡើងថា ឯកឧត្តម និង​គណៈប្រតិភូ នឹង​បន្ត​ពិនិត្យ​លទ្ធភាព​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា ព្រមទាំង​ចូលរួម​ជួយ​ផ្សព្វផ្សាយ និង​កៀរគរ​វិនិយោគិន​ដៃគូ​ដទៃទៀត ឱ្យ​មក​ស្វែងរក​ឱកាស សក្តានុពល និង​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែម​ទៀត​៕

Leave a Reply

Your email address will not be published.