ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម សាយ សំ​អាល់ ឯកភាព​ជំរុញ​ការរៀបចំ​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​ដី​នៅ​កម្ពុជា​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​សហប្រធាន​គណៈកម្មាធិកា​រ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ បាន​ឯកភាព​ជំរុញ​ការរៀបចំ​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​កម្ពុជា ដើម្បី​ធានាបាន​នូវ​ការ​កំណត់​តំបន់​អភិវឌ្ឍន៍​ទីក្រុង តំបន់​ទីប្រជុំជន និង​តំបន់​ជនបទ ប្រកប​ដោយ​ផាសុកភាព ទីធ្លារ​បៃតង និង​ចីរភាព​ជូន​ប្រជាជន​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការងារ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម នា​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម សាយ សំ​អាល់ សហប្រធាន​គណៈកម្មាធិកា​រ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ បាន​វាយតម្លៃ​ខ្ពស​ចំពោះ​ការរៀបចំ​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​ដី​ដែល​បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​ដី ចំនួន ៣១ កន្លងទៅ ព្រមទាំង​បាននិងកំពុង​ធ្វើ​បច្ចុប្បន្នភាព​រៀបចំ​ស្នើ​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល បន្ថែម ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ពេល​បន្តបន្ទាប់​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម សាយ សំ​អាល់ បានចាត់ទុក​ការរៀបចំ​ដែនដី និង​ប្លង់​គោល​នេះ ពិតជា​រួមចំណែក​ក្នុង​ការពារ​ការទន្ទ្រាន​ដី​កម្មសិទ្ធិសាធារណៈ និង​ឯកជន​របស់​រដ្ឋ ទប់ស្កាត់​ទំនាស់​ដីធ្លី ពិសេស​គឺ​រួមចំណែក​ដ៏​សំខាន់​ក្នុង​សកម្មភាព​សេដ្ឋកិច្ច ការវិនិយោគ កសិកម្ម និង​ទីផ្សារ​អចល​វត្ថុ ដែល​ប្រភព​ចំណូល​ដ៏​សំខាន់​នៃ​ខឿន​សេដ្ឋកិច្ច​ជាតិ ដើម្បី​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម សាយ សំ​អាល់ ក៏​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​ទាំងពីរ ឱ្យ​បន្ត​សហការ​គាំទ្រ ចូលរួម​សហការ​បណ្តុះ​បណ្តាល ប្រមូល​ធាតុ​ចូល និង​បង្កើន​សមត្ថភាព​ជំនាញ​សម្រាប់​ការងារ​រៀបចំ​ផែនការ អនុវត្ត​ផែនការ និង​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​ដី​នៅ​ថ្នាក់ក្រោម​ជាតិ​ផងដែរ​៕

Leave a Reply

Your email address will not be published.