ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ Church Of Jesus Christ ប្ដេជ្ញាចិត្ត​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល នៅ​កម្ពុជា​ 

ភ្នំពេញ​៖ វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ជាមួយ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ Church of Jesus Christ នា​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​មក​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ លោក Elder Dale G.Renlund បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី​ដោយ​សង្ខេប​នូវ​សកម្មភាព​ការងារ​របស់ Church of Jesus Christ ដែល​ផ្ដោតជាសំខាន់​ការ​កិច្ចការ​មនុស្សធម៌ ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការអភិវឌ្ឍន៍​វិស័យ​សាសនា អប់រំ សុខាភិបាល និង​អនាម័យ​ទឹកស្អាត​តាម​មូលដ្ឋាន​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​ដែរ លោក​Elder Dale G. Renlund ក៍​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​គម្រោង​កសាង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​បេះដូង​មួយកន្លែង នៅក្នុង​ខេត្ត​សៀមរាប សំដៅ​ជួយ​ដល់​ការព្យាបាល និង​លេីក​កម្ពស់​សុខមាភាព​ប្រជាជ​នក​ម្ពជា ព្រមទាំង​បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ Church of Jesus Christ ក្នុង​ការបន្ត​ចូល​រួមចំណែក​លើកកម្ពស់​និង​គាំទ្រ​វិស័យ​សុខាភិបាល និង​លើ​ការបណ្ដុះបណ្ដាល​កសាង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍ នៅតាម​មូលដ្ឋាន​ផងដែរ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​លទ្ធផល​ដែល​សម្រេច​បានរ​បស់​  Church  of Jesus Christ ក្នុង​ការគាំទ្រ​លេ​ី​គម្រោង​ជា​ច្រេី​ន ដែល​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ និង​គម្រោង​ថ្មីៗ​របស់ Church of Jesus Christ ដែល​បាន​រួមចំណែក​លើកកម្ពស់​វិស័យ​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​ជំនួប​នេះ សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការធានា​ឱ្យ​មាន​សេរី​ភាព​ខាង​ជំនឿ​សាសនា និង​ការធានា​នូវ​សុខដុម​នីយកម្ម​ខាង​សាសនា​នៅក្នុង​សង្គម​កម្ពុជា​។

​សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ដែល​ធ្លាប់​បាន​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​នៅ​ពេល​នោះ របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម បាន​លុបបំបាត់ចោល​ទាំងស្រុង​រាល់​ជំនឿ​សាសនា​របស់​ប្រជាពលរដ្ឋ​។​

​តាមរយៈ​បទពិសោធន៍​ដ៏​ជូរចត់​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​មុនៗ ក៏ដូចជា​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នេះ បាន​ផ្ដោត​យកចិត្តទុកដាក់​លើ​ការរក្សា​នូវ​សុខដុម​នីយកម្ម​ផ្នែក​សាសនា ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការទទួលបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​ពេញលេញ​នៅ​កម្ពុជា​៕​

Leave a Reply

Your email address will not be published.