ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ក្នុង​ពិធី​ហែ និង​បូជាសព សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល​

​ភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃ​សុក្រ ៤​កើត ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធី​ហែ និង​បូជាសព សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ដែល​ធ្វើឡើង​នៅ​វត្ត​ជម្ពូ​វ័ន​។

​ក្នុង​វេលា​ដែល​ពោរពេញ​ដោយ​ស​មានទុក្ខ និង​សេចក្តី​សោកសង្រេង​ស្រណោះ​អាឡោះអាល័យ​រក​ទីបំផុត​គ្មាន​នេះ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាទីបំផុត និង​សូម​សម្តែង​នូវ​ការសោកស្តាយ​ប្រកបដោយ​ក្តី សង្វេគ ចំពោះ​មរណភាព សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ដែល​ជា​ស្វាមី ឪពុក ជីតា ជីតា​ទួត និង​ជា គ្រូបាធ្យាយ​គម្រូ​ដ៏​ប្រសើរ​មួយ​រូប ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ សង្គហ​ធម៌ សេចក្តី​ស្មោះសរ និង​អធ្យាស្រ័យ​ខ្ពស់ ចំពោះ ក្រុមគ្រួសារ ដែល​កន្លងមក សម្តេច​តែង​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី​ខិតខំ​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​បុត្រី​ធិតា និង​ចៅៗ​រហូត​បាន​ក្លាយ​ជា​បញ្ញវន្ត និង​ជា​ធនធានមនុស្ស​ដ៏​មាន​តម្លៃ​សម្រាប់ សង្គមជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មរណភាព​សម្តេចចៅហ្វា​វាំង ជា​ការបាត់បង់​នូវ​ឥស្សរជន និង​ថ្នាក់ដឹកនាំ​គម្រូ​ដ៏ ឆ្នើម​មួយរូប ប្រកប​ដោយ​បញ្ញាញាណ ឆន្ទៈ មនសិការ​ជាតិ គតិបណ្ឌិត និង​បទពិសោធន៍​ខ្ពស់ ដែល​ក្នុង​មួយជីវិត សម្តេច បាន​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ជាតិ និង​ប្រជាជន ពិសេស​ក្នុង​ការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុង​គ្រប់​កាលៈទេសៈ ជាពិសេស​ដង្ហែ​តាម អង្គ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​ជា​អម្ចាស់​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ បំផុត ទទួលបាន​ជោគជ័យ​ជាច្រើន​លើ​កិច្ចការ​ជាតិ និង​អន្តរជាតិ​ដើម្បី​ជា​ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ជាតិ មាតុភូមិ និង​ប្រជាជន​រហូតមក ព្រមទាំង​បាន​ចូលរួម​ចំណែក​ដ៏​ធំធេង និង​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​មនុស្សធម៌ តាមរយៈ​ការបំពេញ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ជាមួយ​សមាគម​កាកបាទ​ក្រហម​កម្ពុជា​។​

​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​តេជៈ​បារ​មីនៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​ជួយ​បីបាច់​ថែរក្សា​ដួង​វិញ្ញាណក្ខន្ធ សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល បាន​ទៅ​កាន់ សុគតិភព​គ្រប់​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Leave a Reply

Your email address will not be published.