ព័ត៌មានជាតិ

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ប្ដេជ្ញាចិត្ត​បន្ត​ការវិនិយោគ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ កញ្ញា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត លោក Jacco Van Der Linden អគ្គនាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (Heineken) ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប លោក Jacco Van Der Linden អគ្គនាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (Heineken) បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៣០​ឆ្នាំ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដែល​បាន​ផ្តល់​កិច្ចសហការ និង​ការយកចិត្តទុកដាក់​ដល់​ក្រុមហ៊ុន កន្លងមក​។

ទន្ទឹមនឹងនេះ លោក​អគ្គនាយក​ប្រចាំ​តំបន់​បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ការវិនិយោគ​នៅ​កម្ពុជា ដោយ​អនុវត្ត​តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ចូលរួម​ការពារ​អ្នកប្រើប្រាស់ និង​រួមចំណែក​លើកកម្ពស់​ការ​ទទួលខុសត្រូវ​ក្នុង​សង្គម រួមទាំង​កិច្ច​ការពារ​បរិស្ថាន​។

​សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ទំនុកចិត្ត និង​ការជឿជាក់​របស់​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែ​ន ដែល​បាន​សម្រេចចិត្ត​ធ្វើ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច រួម​ទាំង​ការបង្កើត​ការងារ​ដោយ​ផ្ទាល់​និង​ប្រយោល នៅ​កម្ពុជា ក្នុង​រយៈពេល​៣​ទសវត្សរ៍ មកនេះ​។

សម្តេច​ធិបតី​បាន​គូស​រំលេច​អំពី​ការ​បន្ត​យកចិត្តទុកដាក់ និង​កិច្ច​ខំ​ខិត​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការធានា​នូវ​បរិយាកាស​វិនិយោគ​ល្អប្រសើរ​ប្រកបដោយ​ភាព​ទាក់ទាញ តាមរយៈ​ការដាក់ចេញ​នូវ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ និង​កញ្ចប់​វិធានការ​នានា ដើម្បី​ធានា​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា ជំរុញ​ភាពជោគជ័យ​របស់​វិនិយោគិន​ដែល​មាន​ស្រាប់ និង​ទាក់ទាញ​វិនិយោគិន​ថ្មី​បន្ថែមទៀត​៕

Leave a Reply

Your email address will not be published.