ព័ត៌មានជាតិ

ឆ្នាំ​នេះ​ជួប​ឧបសគ្គ​ដង្កូវ​ហ្វូង​ចុះ​ស៊ី​បំផ្លាញ​ស្រែ​ក្នុងស្រុក​មួយ​ចំនួន ក៏​ទិន្នផល​ស្រូវ​ឆ្នាំនេះ​ទទួលបាន​គូ​ជាទី​គាប់ចិត្ត​

​កំពង់ស្ពឺ​៖ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បាន​មានប្រសាសន៍ថា​៖ វិស័យ​កសិកម្ម​ផ្ដោតទៅលើ​ស្រូវ​អង្ករ​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់ និង​បាន​ផ្តល់​ការលើកទឹកចិត្ត​គ្រប់​ប្រភេទ​ផ្នែក​ពន្ធដារ​ដល់​សហគម​ន៍​កសិកម្ម រោង​ម៉ាស៊ីនកិនស្រូវ និង​ការនាំចេញ​អង្ករ​។ ទន្ទឹម​នេះ​ការនាំ​ចូល​បរិក្ខា​កសិកម្ម និង​គ្រឿងចក្រ​សម្រាប់​ដំណើរការ​ម៉ាស៊ីនកិនស្រូវ​ក៏​ត្រូវបាន​លើកលែង សម្តេច​ក៏​បាន នឹង​កំពុង​ពង្រីក​វិសាលភាព និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ស្រូវ​អង្ករ​របស់​កម្ពុជា ដោយ​បាន​បន្ត​ចែកចាយ និង​នាំចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​។ ក្នុងន័យ​នេះ​ឯកឧត្តម​បណ្ឌិត​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ទាំងអស់​ឱ្យ​នាំគ្នា​ងាគ​មក​ដាំ​ដុះ​ស្រូវពូជ​សែន​ក្រអូប​ឡើងវិញ ព្រោះ​ពូជស្រូវ​នេះ​មាន​ទីផ្សារ​ល្អ និង​មាន​តំលៃ​ខ្ពស់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័​សោភ័ណ អភិបាលខេត្ត ក៏​បាន​ក្រើនរំឭក​បន្ថែម​ផងដែរ ដោយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ថែម​ការដាំដុះ​បន្លែ​សុវត្ថិភាព បច្ចុប្បន្ន​ទីផ្សារ​បន្លែ​បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍ និង​ទទួលទាន​ច្រើន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​នៅ​ទីផ្សារ​ទំនើប​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀម​រាម​។ ហើយ​បាន​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ បាន​មួយកម្រិត​ថែម​ទៀត​។ ការបង្កបង្កើន​ផល​ស្រូវ​ស្រាល ស្រូវកណ្តាល​ឆ្នាំនេះ គឺ​បាន​ទទួល​បាន​ទិន្នផល​ល្អប្រសើរ​ទោះបីជា​ប្រជាកសិករ​ជួបប្រទះ​នូវ​ឧបសគ្គ​ដង្កូវ​ហ្វូង​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ និង​គ្រោះរាំងស្ងួត​ខ្លះ​ក៏ដោយ ដែល​ការដាំដុះ​ស្រូវវស្សា​នៅ​ទូទាំង​ខេត្ត​បាន​ចំនួន​ជាង​១២​ម៉ឺន​ហិកតា កើន​ជាង​បណ្តា​ឆ្នាំ​មុនៗ ហើយ​គិត​មក​ទល់​ថ្ងៃ​នេះ​ប្រមូល​ផល​បាន​ជាង​៥០%​ហើយ​។ ចំពោះ​ទិន្នផល​ស្រូវ គឺ​ក្នុង​មួយ​ហិកតា ទទួល​បាន​ជាង​៣​តោន និង​តំលៃ​ស្រូវ ដែល​ឈ្មួញកណ្តាល​ប្រមូល​ទិញ​នៅលើ​វាលស្រែ គឺ​ជិត​១៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​គូ​បញ្ជាក់​ផង​ដែរ​ថា ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័​សោភ័ណ​  អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​សំណេះសំណាល និង​សាកសួរ​ទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ចុះ​ពិនិត្យមើល​ការប្រមូល​ផល​ស្រូវស្រាល និង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុត​ក្ដាម ជំងឺសារ​ទឹក និង​ជំងឺ​ដុំ​ពក លើ​សត្វ​គោ ក្របី ជូន​បងប្អូន​ប្រជាកសិករ​ស្ថិតនៅ​ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​រៀបចំ​ធ្វើឡើង​ដោយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ស្ពឺ​។ ក្នុងឱកាស​នោះ​ផង​ដែរ​មាន​ការអញ្ជើញ​ចូលរួម​ពី គណៈ​អភិបាលរ​ស្រុក​ភ្នំស្រួច​- ស្រុក​បសេដ្ឋ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​  ប្រធាន​មន្ទីរ​ពាក់ព័ន្ធ មន្ត្រីរាជការ​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាកសិករ​ជាច្រើនរូប​ទៀត​ផង​ដែរ​៕​

Leave a Reply

Your email address will not be published.