ព័ត៌មានជាតិ

កិច្ចប្រជុំ​ស្ដីពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់​

​កំពង់ស្ពឺ​÷ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​មាន​ប្រសាសន៍ថា​÷ មន្ទីរ​ព័ត៌មាន​ខេត្ត ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ និង​សូម​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខេត្ត កង​រាជវុ​ធ​ហត្ថ កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​តាម​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ការសម្រេច​ឲ្យបាន​ជា​ដា​ច់​ខាត ស្តីពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ នា​ពេល​ថ្មីៗ​នេះ ដែល​ក្រសួង​មហាផ្ទៃ​បាន​សង្កេតឃើញថា បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ មួយចំនួន បាន​ផលិត​រូបភាព វីដេអូ និង​មាតិកា ល្បែងស៊ីសង​ខុសច្បាប់ ព្រមទាំង​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ទាំងនេះ ដើម្បី​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​ចូល​លេង​ល្បែងស៊ីសង​ខុសច្បាប់​ដោយផ្ទាល់ ឬ​តាម​ប្រព័ន្ធ​អន​ឡា​ញ (Online)​។ នៅក្នុង​សកម្មភាព​ផ្សព្វផ្សាយ និង​ចែករំលែក​បន្ត​(Share) អំពី​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងនេះ ក៏​មាន​ការចូលរួម ពី​បុគ្គល​មាន​ប្រជាប្រិយភាព និង​អ្នក​ផលិត​មាតិកា​សង្គម​មួយចំនួន​ផង​ដែរ ដែល​ជាហេតុ​ធ្វើឱ្យ​សាធារណ​ជន​មាន ការភាន់ច្រឡំ ហើយ​បន្ត​ចែកចាយ​រូបភាព វីដេអូ និង​មាតិកា​ទាំងនោះ ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។​

​ឯកឧត្តម​បណ្ឌិត បាន​បន្តទៀតថា​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ធានា​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្រសួងមហាផ្ទៃ បាន​ធ្វើ​ការណែនាំ មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក​កងកម្លាំង​ទាំង​បី ត្រូវ​ចូលរួម​ទប់ស្កាត់ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការផលិត​រូបភាព វីដេអូ និង​មាតិកា ដែលមាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទោះ​ល្បែងស៊ីសង​លេង​ដោយ​ផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្តី​។ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការបង្កើត​គេហទំព័រ គណនី ឬ​ទំព័រ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​មាន​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទោះ​ល្បែងស៊ីសង​លេង ដោយ​ផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្តី​។​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការផ្សព្វផ្សាយ និង​/​ឬ​ចែករំលែក​បន្ត​អំពី​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ចាត់វិធានការ​តឹងរ៉ឹង​តាម​ដែន សមត្ថកិច្ច​របស់​ខ្លួន​ក្នុង​ការតាមដាន និង​ហាមឃាត់​ការផ្សព្វផ្សាយ និង​ការចែករំលែក​បន្ត​នូវ​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ជំរុញ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​ផលប៉ះពាល់ នៃ​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​ចូលរួម​ទប់ស្កាត់​ការលេង​ល្បែងស៊ីសង ខុសច្បាប់​ដែល​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” របស់ រាជរដ្ឋាភិបាល​។​

​គូ​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី ០៩ ខែ​ធ្នូ ឆ្នាំ ២០២៤ អគារ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ សាលប្រជុំ កង ហ៊ាង​បើ​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី តំណាង​ក្រុង ស្រុក​ទាំង​ប្រាំបួន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ​សរុប​ប្រមាណ​ជា ១០០ នាក់​។​

Leave a Reply

Your email address will not be published.