ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើដំណើរ​ទៅដល់​រដ្ឋធានី​រី​យ៉ាត ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត ប្រកបដោយ​សុវត្ថិភាព

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់ របស់​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ធ្វើដំណើរ​ទៅដល់​រដ្ឋធានី​រី​យ៉ាត ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត ប្រកប​ដោយ​សុ​វត្តិភាព ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ១​សប្តាហ៍​ទៅកាន់​ប្រទេស​ចំនួន​៤ នៅ​តំបន់​មជ្ឈឹម​បូព៌ា និង​អឺរ៉ុប ក្នុងនោះ​រួមមាន​ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត រដ្ឋ​កាតា តួ​ក​គី​យេ និង​ប្រទស​អារ៉ាប​រួម​។​

​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ឃី​ង​ខា​លី​ដ កាលពី​វេលា​ម៉ោង​១២​និង​២៣​នាទី ម៉ោង​នៅ​រដ្ឋធានី​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ី​សា​អូឌិត ត្រូវ​និង​ម៉ោង​១៦​និង​២៣​នាទី ម៉ោង​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤​។ វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា ត្រូវបាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​ឯកឧត្តម​បណ្ឌិត អាប់​ឌុល​ឡា ម៉ូ​ហា​ម៉េដ អ៊ីប្រាហ៊ីម អាល់​-​សេ​ក្ខ (Abdullah Muhamad Ibrahim Al-Sheikh) ប្រធានសភា​ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប​។

​សូមបញ្ជាក់​ថា ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត គឺជា​ប្រទេស​ទី​១ នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​នៅ​តំបន់​មជ្ឈឹម​បូព៌ា និង​អឺរ៉ុប​។ ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា ទៅ​កាន់​តំបន់​មជ្ឈឹម​បូព៌ា និង​តំបន់​អឺរ៉ុប​នៅពេលនេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង ស្ថាប័ន​និតិ​បញ្ញាត្តិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ស្ថាប័ន​និតិ​បញ្ញាត្តិ​នៃ​ប្រទេស​ក្នុង​តំបន់ម​ជ្ឈឹម​បូ​ព៌ា និង​អឺរ៉ុប ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែម​ទៀត​៕

Leave a Reply

Your email address will not be published.