កំពង់ស្ពឺ÷ ឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ផ្អែកតាមប្រតិទិនកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ជាពេលវេលាមួយក្នុងការពិគ្រោះយោបល់ ដ៏មានប្រយោជន៍សម្រាប់កសាងផែនការខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ប្រកបដោយតម្លាភាព និងមានការចូលរួមពង្រឹងគោលការណ៍ទាំង ៩ ចំណុច។ ហើយលោក លោកស្រីមានវត្តមានក្នុងអង្គវេទិកានេះ ត្រូវចូលរួមលើគម្រោងសកម្មភាពអាទិភាព ក្រុង ស្រុក ឃុំសង្កាត់ ក្នុងការអភិវឌ្ឍន៍គោលដៅមូលដ្ឋាន និងមានការគៀងគរមូលនិធិ ដើម្បីឲ្យមានការចូលរួមគាំទ្រ និងរកប្រភពសម្រាប់កសាងមូលដ្ឋានមន្ថែមទៀត។
ឯកឧត្តមបានបន្តទៀតថា÷ កម្មវិធីសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក របស់ខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមនៅថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ អភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវដឹកនាំចាត់ចែងរៀបចំសិក្ខាសាលាសមាហរណកម្ម នៃ កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក រវាងមន្ទីរ អង្គភាព អង្គការជាតិ និងអន្តរជាតិ ជាមួយឃុំ សង្កាត់ និងត្រូវផ្តល់ព័ត៌មាន ព្រមទាំងធ្វើការរៀបចំទីកន្លែង លិខិតអញ្ជើញភ្ញៀវកិត្តិយស តាមបណ្តា មន្ទីរ អង្គភាពនានា អង្គការជាតិ និងអន្តរជាតិ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងជនបង្គោលទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារតាមកាលបរិច្ឆេទដែលបានកំណត់។
ការរៀបចំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ខេត្តបង្ហាញអំពីតម្រូវការ និងការអភិវឌ្ឍមូលដ្ឋានទូទាំងខេត្តសម្របសម្រួល និងតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយនឹងគម្រោងធនធានរបស់ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល វិស័យឯកជននិងអ្នកពាក់ព័ន្ធនានា ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាពផងដែរ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥- ២០២៧ ប្រារព្ធធ្វើឡើងនៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2024 ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងលោកលោកស្រី មកពីតាមមន្ទីរ អង្គភាពក្រុងស្រុកទាំង 9 របស់ខេត្តកំពង់ស្ពឺផងដែរ៕