ព័ត៌មានជាតិ

មាតា​មនុស្សធម៌ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្រេច​សាងសង់​ផ្ទះ​មួយ​ខ្នង ដល់​កុមារ​កំព្រា ២​នាក់​បងប្អូន និង​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង​ដល់​បងប្រុស​ដែលមាន​ជំងឺ​មិន​ប្រក្រតី​ទ្វារធំ​ពី​កំណើត រស់នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង …!!

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ​២០២៤​នេះ បាន​ចាត់​ឱ្យ​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ ចុះ​ពិនិត្យ​ភ្លាមៗ​ទីតាំង​សាងសង់​ផ្ទះ​ថ្មី ១​ខ្នង ជូន​ដល់​កុមារកំព្រា ២​នាក់​បងប្អូន រស់នៅ​ភូមិ​ត្បែងខ្ពស់ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង និង​បញ្ជូន​កុមារ​ជា​បង មក​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។

​កុមារកំព្រា ២​នាក់​បងប្អូន មាន​បងប្រុស​ឈ្មោះ ពឹម សំណាង អាយុ ១៧​ឆ្នាំ មាន​ជំងឺ​មិន​ប្រក្រតី​ទ្វារធំ​ពី​កំណើត (​ធ្លាប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​) បច្ចុប្បន្ន​ធ្វេី​ជា​កម្មករ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​ប្អូនស្រី​ឈ្មោះ ពឹម ណេង អាយុ ១២​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៦​។

​តាម​ការបញ្ជាក់​របស់ លោកជំទាវ ម៉ែន នារី​សោ​ភ័គ បានឱ្យដឹងថា ៖ «​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​ភាព​ងាយ​រងគ្រោះ​បំផុត​របស់​កុមារ​ទាំង​ពីរ​ខាងលើ​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ចាត់​ឱ្យ​សហការី ចុះ​ពិនិត្យ​ទីតាំង​សមស្រប ដែល​អាច​សាងសង់​ផ្ទះ​បាន​សមរម្យ​។ ជាក់ស្តែង បេសកកម្ម​ក្នុង​ថ្ងៃនេះ គឺ​ក្រុមការងារ បាន​ចុះមក​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​រួចហើយ ហេ​ី​យ​ដែល​ក្រុម​ជាង​សាងសង់​ផ្ទះ​នឹង​ចុះ​មក​សាងសង់​ឱ្យ​បាន​ឆាប់ៗ ទៅតាម​អនុសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។​»

​លោកជំទាវ បាន​បញ្ជាក់បន្ថែម​ថា ៖ ការសម្រេច​សាងសង់​ផ្ទះ​ឱ្យបាន​សមរម្យ​នេះ គឺជា​ការ​បន្ថែម​នូវ​គុណ​តម្លៃ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ដល់​កុមារ និង​ជា​ការគិតគូរ​វែងឆ្ងាយ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​យកចិត្តទុកដាក់​ទៅលេី សុខភាព អនាម័យ មាន​បន្ទប់ទឹក​ត្រឹមត្រូវ និង​គិតគូរ​ពី​សុវត្ថិភាព​របស់​ក្មេងស្រី ដែល​ត្រូវ​សិក្សា​រៀនសូត្រ និង​រស់នៅ​បាន​យូរអង្វែង​ត​ទៅ​មុខ​ទៀត​។​

​ចំពោះ​ការគិតគូរ​ពី​ជំងឺ​របស់ ពឹម សំណាង វិញ​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​អនុសាសន៍​ឱ្យ​បញ្ជូន​មក​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដើម្បី​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ធ្វើការ​រក​រោគវិនិច្ឆ័យ និង​ព្យាបាល​ឱ្យបាន​ជា​សះស្បើយ​។

​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​នៅ​មន្ទីរពេទ្យ​, លោកជំទាវ អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​គិតគូរ​ពី​ជីវភាព​រស់នៅ ព្រមទាំង​បាន​ជម្រាប​ជូន​ពី​ការសាងសង់​ផ្ទះ​ថ្មី ១​ខ្នង រួម​ទាំង​ការគិតគូរ​ពី​សុខភាព បញ្ជូន​មក​ពិនិត្យ​ព្យាបាល​ភ្លាមៗ និង​រ៉ាប់រង​ថ្លៃ​ការចំណាយ​ទាំងស្រុង​លើ​ការព្យាបាល​នេះ​ផងដែរ​។ លោកជំទាវ បាន​ផ្តាំផ្ញើ​លើកទឹកចិត្ត​ឱ្យ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ និង​ជូនពរ​ឆាប់​បាន​ជាសះស្បើយ​ឡើងវិញ​។​

​ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥​លាន​រៀល ក្នុង​អំឡុង​ពេល​កំពុង​សម្រាក​ព្យាបាល​ផងដែរ​។ លោកជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ម្តាយធំ​ឪពុកធំ​របស់​កុមារ​ទាំង​ពីរ ដែល​បាន​ផ្តល់​ជម្រក​ស្នាក់នៅ​បណ្តោះអាសន្ន និង​នៅ​មើលថែទាំ​ក្មួយ​ក្នុងពេល​កំពុង​សម្រាល​ព្យាបាល​ជំងឺ​នេះ​ផងដែរ​។

​ជា​កិច្ច​ឆ្លើយតប កុមារ​ទាំង​២​នាក់​បងប្អូន រំភើប​រីករាយ​ឥតឧបមា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​គិតគូរ លើកទឹកចិត្ត និង​ផ្តល់​ការឧបត្ថម្ភ​ដ៏​ធំធេង​ក្នុង​ឆាកជីវិត ដែល​រំពឹង​ថា​នឹង​មាន​អនាគត​ភ្លឺស្វាង​ដូច​កុមារ​ដទៃ​ទៀត​ដែរ​។

​សូម​ជម្រាប​ជូន​ថា ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​ផ្ទះ​នោះ កាកបាទក្រហមកម្ពុជា ក៏​បាន​ឧបត្ថម្ភ​ជូន​ដល់​ចាស់ៗ​ដែល​រស់នៅ​ក្បែរ​ខាង​ចំនួន ៣៤​គ្រួសារ ក្នុង ១​គ្រួសារ ទទួលបាន អង្ករ​សុខភាព​ចំនួន ២​កញ្ចប់​ផងដែរ​៕

Leave a Reply

Your email address will not be published.