ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​លោកស្រី នាយិកា​គ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ លោកស្រី ម៉ា​រី​យ៉ាម ចេ សឺរ​មែន (Mariam J. Sherman) នាយិកា​គ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ នា​ឱកាស​នៃ​ដំណើរ​បំពេញ​បេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងជំនួប លោកស្រី​នាយិកា​គ្រប់គ្រង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​លោកស្រី និង សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោកស្រី​នាយិកា​គ្រប់គ្រង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​ភាពល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ធនាគារពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​មាំមួន និង​យូរអង្វែង ហើយ​លោក​ស្រី​នាយិកា​មាន​ជំនឿ​ជា​ក់ថា ជំនួប​ជាមួយ​សម្ដេច​ធិបតី នា​ឱកាស​នេះ​នឹង​បន្ដ​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​។ ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោកស្រី​នាយិកា ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​ភាព​ប្រទាក់​ក្រឡា និង​ស្របគ្នា​នៃ​ឯកសារ​គោលនយោបាយ​អភិវឌ្ឍ ជា​ពិសេស​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​នឹង​ទិសដៅ​គោលនយោបាយ និង​ការងារ​សំខាន់ៗ របស់​ធនាគារ​ពិភពលោក ក្នុង​កម្រិត​សកល និង ក្នុង​កម្រិត​ប្រទេស​កម្ពុជា ផងដែរ​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ លោកស្រី​នាយិកា​គ្រប់គ្រង ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​សម្តែង​សេចក្តីសោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ពិភពលោក ចំពោះ​ការចូលរួម​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា នា​ពេលកន្លងមក​។ សម្ដេច​ធិបតី បាន​កោតសរសើរ និង​អរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត នៃ​ការបន្ត​កិច្ចសហប្រតិបត្តិកា​ររ​បស់​ធនាគារពិភពលោក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការបន្ត​កម្ម​វិធី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ធនាគារ​ពិភពលោក​សម្រាប់ ឆ្នាំ​២០២៥-២០២៩​។
​សម្តេច​ធិបតី ក៏​បាន​ជម្រាបជូន​លោកស្រី​នាយិកា​គ្រប់គ្រង ពី​ការ​ដាក់​ចេញ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង ៦ សម្រាប់​ចាប់ផ្តើម​អនុវត្ត​ភ្លាម​ក្នុង​ឆ្នាំ​២០២៣ និង​វិធានការ​ចំនួន​៥ សម្រាប់​ដោះស្រាយ​ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការកសាង​ភាព​ធន់ ការធានា​កំណើន ចីរភាព ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ក្នុងការ​ប្រែ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។ សម្តេច​ធិបតី និង​លោកស្រី​នាយិកា​គ្រប់គ្រង ក៏​បាន​បង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស​នៅ​កម្ពុជា និង នៅក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន រួមមាន​៖ វិស័យ​អប់រំ វិស័យ​សុខាភិបាល វិស័យ​កសិកម្ម វិស័យ​ឌីជីថល វិស័យ​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​៕

Leave a Reply

Your email address will not be published.