ព័ត៌មានជាតិ

​តំលៃ​នៃ​សុខសន្តិភាព ផ្តល់ឱកាស​ឱ្យ​ខេត្ត​ដែល​ធ្លាប់​ប្រទាញប្រទង់​គ្នា​ដោយ​ចុង​អាវុធ​ទទួលបាន​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​-​សង្គម

​កំពង់ស្ពឺ​៖​អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​លើកឡើង​ថា​តំលៃ​នៃ​សុខសន្តិភាព បាន​ធ្វើឱ្យ​ខេត្ត​ដែល​ធ្លាប់តែ​ប្រទាញប្រទង​គ្នា​ដោយ​ចុង​អាវុធ រងគ្រោះ​ដោយ​ភ្លើងសង្គ្រាម​អូសបន្លាយ​យូរ​ឆ្នាំ មានឱកាស​ក្នុង​ការអភិវឌ្ឍន៍​លើ​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​ប្រជាពលរដ្ឋ​អាច​រស់នៅ​ដោយ​គ្មាន​ការភ័យខ្លាច មាន​អាហារ​ទទួលទាន​គ្រប់គ្រាន់ មាន​ជម្រក​ស្នាក់​នៅ​សមរម្យ មាន​លទ្ធភាព​ចូលរួម​រាល់​សកម្មភាព​សង្គម​ផ្សេងៗ​និង​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ឱកាស​ពិធី​បុណ្យ​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ការលើក​ឡើង​ដូច្នេះ គ្រា​ដែល​ដឹកនាំ​ក្រុម​ការងារ ប្រធាន​មន្ទីរ អង្គភាព ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​និង​ចាក់​បេតុង​ស្ពាន​ពីរ​កន្លែង​លើ​បណ្តោយ​ផ្លូវជាតិ​៤៦ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​ទៅកាន់​ឧទ្យាន​ជាតិ​គីរីរម្យ ស្ថិតនៅក្នុង​ឃុំ​ចំ​បក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៥​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​លើកឡើង​ដោយ​គូសបញ្ជាក់ថា សុខសន្តិភាព ស្ថិរភាព​នយោបាយ ជា​ឱកាស​មាស​ដើម្បី​ឱ្យ​ក្រសួង ស្ថាប័ន​មន្ទីរ មាន​ឱកាស​ក្នុង​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​ល្អ​។​ហើយ​បើ​គ្មាន សុខសន្តិភាព ស្ថិរភាព​នយោបាយ​នោះ​ទេ ក្រសួង ស្ថាប័ន មន្ទីរ ក៏​ដូច​អាជ្ញាធរ គ្មាន​ឱកាស​ក្នុង​ការស្ថាបនា​និង​អភិវឌ្ឍន៍​ឱ្យមាន​ការរីកចម្រើន​ឡើយ ហើយ​ប្រជាពលរដ្ឋ​ក៏​មាន​ពេលវេលា​ក្នុង​ការរកស៊ី​ទទួលទាន​នោះដែរ​។​

​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​​បន្ថែមថា បច្ចុប្បន្ន​ដោយ​កត្តា​សុខសន្តិភាព ប្រទេស​កម្ពុជា​ទទួលបាន​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន ពិសេស​ប្រទេស​ជា​មិត្ត​និង​ធនាគារ​ជា​ដៃគូ​បាន​ផ្តល់​ថវិកា​ឱ្យ​មក​កម្ពុជា ដើម្បី​មក​កសាង ហើយ​ក្នុងនោះ​ស្ពាន​ឬ​ថ្នល់​ដែលជា​វិស័យ​សាធារណការ​និង​ដឹកជញ្ជូន​ត្រូវបាន​ទទួល​អាទិភាព​។​ដូច្នេះ​សុខសន្តិភាព​នេះ បានផ្តល់ ឱកាស​ឱ្យ​កម្ពុជា​ទទួលបាន​ការអភិវឌ្ឍ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំងអស់ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​សំខាន់ៗ​ដូចជា ទឹក ភ្លើង ផ្លូវ​-​ស្ពាន សាលារៀន មន្ទីរពេទ្យ​ជា​ដើម ដែល​ត្រូវបាន​ស្ថាបនា​ឡើង យ៉ាង​ល្អប្រសើរ ដើម្បី​បម្រើ​ឱ្យ​ផលប្រយោជន៍​រួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័​សោភ័ណ ក៏​បាន​បញ្ជាក់បន្ថែម​ថា នៅក្នុង​ឃុំ​ចំប​ក់មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​គ្រួសារ​គឺជា​កសិករ ហើយក៏​មាន​រមណីយដ្ឋាន​ពីរ​កន្លែង​មាន​ឧទ្យាន​ជាតិ​គីរីរម្យ និង​ទឹកធ្លាក់​ចំបក់​គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ដែល​បាននិងកំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដូច្នេះ​រំពឹងថា​ការស្ថាបនា​ស្ពាន​ពីរ​កន្លែង​នៅលើ​ផ្លូវជាតិ​លេខ​៤៦​នេះ នឹង​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​កសិកម្ម​របស់​ពលរដ្ឋ​ទៅ​កាន់​ទីផ្សារ​និង​សម្រួល​ដល់​ដំណើរ​ភ្ញៀវ​ទេសចរណ៍​មកកាន់​រមណីយដ្ឋាន​នេះ​បាន​យ៉ាង​ល្អប្រសើរ មួយ​វិញ​ទៀត​ក៏​បង្ក​លក្ខណៈ​ងាយស្រួល​បន្ថែមទៀត​ដល់​បងប្អូន​និង​សិស្សានុសិស្ស​បាន​ទៅ​កាន់​មន្ទីរពេទ្យ​និង​ទៅ​សាលារៀន​បាន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​។​ដូច្នេះ​សុខ​សន្តិភាព​ជា​កត្តា​មួយ​មិន​អាច​កាត់ថ្លៃ​បានឡើយ​។

​គួរ​ជម្រាប​ផងដែរ​ថា ខេត្ត​កំពង់ស្ពឺ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​គឺ​បាននិងកំពុង​ផ្លាស់ប្តូរ​មុខមាត់​យ៉ាង​លឿន តាមរយៈ​វត្តមាន​រោងចក្រ សហគ្រាស​តូចធំ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ផ្លូវ ថ្នល់ ស្ពាន កាន់តែ​ច្រើន​និង​កើត​មាន​បន្តបន្ទាប់ ដែល​ទាំងអស់​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​ធំៗ​របស់​ខេត្ត​ដែល​សម្រេច​បាន​និង​មិន​ធ្លាប់​មាន​ពីមុនមក ក្នុងពេល​ដែល​កម្ពុជា កំពុង​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ​ទូទាំង​ប្រទេស​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ត​ដឹកនាំ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

Leave a Reply

Your email address will not be published.