ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤១៧​នាក់ នៅ​ឃុំ​កាត់​ភ្លុក និង​ឃុំ​ភក្តី​

កំពង់ស្ពឺ​៖ ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​០២ ខែ​មីនា ឆ្នាំ​២០២៥ អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ចំនួន​៣៩៧​នាក់​  ស្ថិតនៅ​ភូមិ​ត្រពាំង​ពើក ឃុំ​កាត់​ភ្លុក ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។​

​ពិធី​នេះ​មាន​ការចូលរួម​ឯកឧត្តម យឹម សុខុម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ្ឌ​អភិបាលនៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​-​ស្រុក​-​ឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក ឃុំ ជាច្រើនរូប​ទៀត​។​

​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ស្ពឺ សូម​ចូលរួម​អបអរសាទរ និង​គោរព​ស្រឡាញ់​ចំពោះ​វត្តមាន​របស់​បងប្អូន ដែល​បានភ្ញាក់រលឹក​ចូល​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​នាពេលនេះ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លងទៅ មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូតដល់​៨២% ដែល​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ បាន​បង្ហាញ​អំពី​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ការផ្តល់​ឱកាស​ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​បន្តវេន​ដឹកនាំ ជា​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​។​

​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា នេះ​បង្ហាញឲ្យឃើញថា យើង​បាន​រួបរួម​គ្នា​ស្រលាញ់​គ្នា ដើម្បី​កសាង​ជាតិ​មាតុភូមិ​របស់​យើង​ឲ្យបាន​រុងរឿង​មាន​ការអភិវឌ្ឍ​ន៍ ជាង​នេះ​យើង​បន្ត​សហការ​គ្នា​កសាង​ជាតិ​ដោយ​មិន​មាន​ការរើសអើង​ឬ​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ​។​ទោះបីជា​បងប្អូន​នៅក្នុង​បក្ស​ណា​ឬ​ក្រុម​ណា​បើ​មាន​បំណង​ចង់​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន ក្នុងនាម​លោក​សូម​ស្វាគមន៍​ជានិច្ច​មិន​ថា​នៅ​តំបន់​ណា​ទីណា​នោះ​ទេ​សូម​អញ្ជើញ​ចូលរួម​ដោយ​ភាពជឿជាក់ និង​កក់ក្តៅ​មិន​មាន​ការភ័យខ្លាច​និង​គោរព​ស្រឡាញ់​រាប់អាន​គ្នា​ឲ្យបាន​ច្រើន​ទើប​ប្រទេស​ជាតិ​យើង​មាន​ការរីកចម្រើន​ជា​លំដាប់​។​

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ឱ្យ​ក្រុមការងារ​គណបក្ស និង​គណៈកម្មាធិកា​រគ​ណ​បក្ស​គ្រប់​ជាន់ថ្នាក់​ត្រូវ​បន្ត​សហការ​គ្នា​ឱ្យបាន​ស្អិតរ​មួ​ត ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ពង្រីក​សមាជិក​គណបក្ស​ឆ្ពោះទៅ​រក​ជ័យជំនះ​ជា​បន្តបន្ទាប់​ក្នុង​ការបោះឆ្នោត ខាង​មុខ​តទៅទៀត​។ ជា​ពិសេស​បាន​ណែនាំ​ដល់​ក្រុមការងារ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការតាមដាន​ការងារ​នយោបាយ សតិអារម្មណ៍​សមាជិក​បក្ស និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕​

   

Leave a Reply

Your email address will not be published.