ព័ត៌មានជាតិ

បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា ១.២៥០​នាក់ មក​ពី​វិទ្យាល័យ​២៥​ទូទាំង​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៥ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ បាន​រៀបចំ​ពិធី​បំពាក់​កន្សែង ជូន​យុវជន​កាកបាទក្រហម​កម្ពុជា មក​ពី​វិទ្យាល័យ​ទាំង ២៥ ក្នុង​ខេត្ត​កំពង់ស្ពឺ​  ចំនួន​១.២៥០​នាក់​
​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​កិត្តិ​យ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​  លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា​។ ពិធី​នេះ​ក៏​មាន​ការ​អ​ញ្ញើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ក្នុង​ជួរ​គណៈ​កិត្តិ​យ​សាខា លោក លោកស្រី ក្នុង​ជួរ​គណៈកម្មាធិការ​សាខា ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ទីប្រឹក្សា​យុវជន ក្មួយៗ​យុវជន​កាកបាទក្រហម​សរុប​ប្រមាណ​ជា​១.៣០០​នាក់​។

​របាយការណ៍​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បានឱ្យដឹងថា ពិធី​បំពាក់​កន្សែង​នា​ព្រឹក​នេះ ជា​ពិធី​បំពាក់​ទ្រង់ទ្រាយ​ធំ​លើក​ទី​១​ហើយ រាប់​ចាប់តាំងពី​ខែកក្កដា​  ឆ្នាំ​២០២៤ នៅពេល​កាកបាទក្រហមកម្ពុជា សម្រេច​បាន​ការចាប់ផ្តើម​ពង្រីក​បណ្តាញ​យុវជន​ដល់​កម្រិត​វិទ្យាល័យ​។ ឯកឧត្តម​បណ្ឌិត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «​ក្នុងនាម​គណៈ​គ្រប់គ្រង សង្ឃឹម​យ៉ាង​មុតមាំ​ថា ការបំពាក់​កន្សែង​ជូន យុវជន​កាកបាទក្រហម​កម្ពុជា​ថ្មី ចំនួន​១.២៥០​នាក់ នា​ឱកាស​នេះ គឺជា​ចំណែក​ថ្មី​មួយទៀត ក្នុង​ការពង្រឹង និង​ពង្រីក​បណ្ដាញ​យុវជន ដើម្បី​លើកកម្ពស់​គោលការណ៍​គ្រឹះ​ទាំង​៧ និង​គុណ​តម្លៃ​មនុស្សធម៌​របស់​ចលនា ស្រប​តាម​វិស័យ​ស្នូល​ទាំង​៤ របស់​កាកបាទក្រហម​កម្ពុជា​» ក៏​ជា​ការបំពេញបន្ថែម​នៅតាម​វិទ្យាល័យ​គោលដៅ របស់​សាខា​ផងដែរ​។

​បន្ទាប់ពី​ត្រូវ​បាន​បំពាក់​កន្សែង​រួចហើយ​តំណាង​យុវជន​កាកបាទក្រហម​កម្ពុជា មក​ពី​វិទ្យាល័យ​ទាំង ២៥​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ប្តេជ្ញាចិត្ត ដូចខាងក្រោម​៖
-​ប្រកាន់​ភ្ជាប់​នៃ​វប្បធម៌​ចែករំលែក ដោយ​ដើរ​ស្រប​តាម​គំនិត​ដ៏​ខ្ពង់ខ្ពស់​ប្រកប ដោយ​ព្រហ្ម​វិហារធម៌ បេះដូង​មនុស្សធម៌​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​
-​ខិតខំ​បំពេញ​កាតព្វកិច្ច និង​អនុវត្ត​ការងារ​មនុស្សធម៌​បន្ត​ពី​យុវជន​ជំនាន់​មុន ដោយ​គោរព​តាម​គោលការណ៍​គ្រឹះ​ទាំង​៧ និង​ចក្ខុវិស័យ​ទាំង​៤ របស់​កាកបាទក្រហម​កម្ពុជា​
-​ពង្រឹង​ចំណង​សាមគ្គីភាព​រវាង​ក្លឹប​យុវជន​កាកបាទក្រហម​កម្ពុជា ក្នុង​សាលា​។

​មានប្រសាសន៍​សំណេះសំណាល​​ជាមួយ​ក្មួយៗ យុវជន​កាកបាទក្រហម​កម្ពុជា និង​ទីប្រឹក្សា​យុវជន​នា​ឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​កិត្តិ​យ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ដោយ​ក្តី​នឹករលឹក​បំផុ​ត​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់ អង្គពិធី​ទាំងមូល និង​បាន​ពាំនាំ​អនុសាសន៍​ទាំង ៧​ចំណុច របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន ជូន​គណ​:​អធិបតី និង​អង្គពិធី ពិសេស ក្រើនរំលឹក​ដល់​ក្មួយៗ ជា​យុវជន​កាកបាទក្រហម​ថ្មី ទាំងអស់ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ លត់​ដំ​ខ្លួន ក្លាយជា កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ ហើយ ពង្រឹង និង ពង្រីក​សមត្ថភាព អោយ​ក្លាយជា ធនធានមនុស្ស ដែល​មាន​គុណភាព ប្រកបដោយ​ទឹកចិត្ត​មនុស្សធម៌ ស្ម័គ្រចិត្ត​លះបង់​កម្លាំងកាយ ចិត្ត និង ពេលវេលា ដើម្បី​ធ្វើ​ជា​កម្លាំងចលករ និង​ជា​ប្រតិបត្តិ​ករ​ដ៏​ពិតប្រាកដ របស់​កាកបាទក្រហម​កម្ពុជា ក្នុង​ការជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​ទិស​ស្លោក ” ទីណា​មាន​ទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា ” និង “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​”៕​

 

      x

Leave a Reply

Your email address will not be published.