ព័ត៌មានជាតិ

​ខេត្ត​ដែល​ទទួលបាន​ការអភិវឌ្ឍ​ន៍​ច្រើន​គឺ​ទាមទារ​ឱ្យ​មាន​ការគ្រប់គ្រង​សំរាម សំណល់​រឹង​និង​ប្លា​ស្ទិក​ឱ្យបាន​ត្រឹមត្រូវ​ដើម្បីប​ញ្ចៀ​ស​ផលប៉ះពាល់​ដល់​បរិស្ថាន អនាម័យ សុខភាព​សាធារណៈ និង​សោភ័ណ្ឌភាព​

កំពង់ស្ពឺ​៖ ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៥–​ឯកឧត្តម អ៉ឹម សិទ្ធី​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ពិភាគ្សា​លើ​ការអនុវត្ត​ការងា​រលើ​ការដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ក្រោម​ហិរញ្ញប្បទាន​ធនាគារពិភពលោក​។ និង​មាន​ការ​អញ្ចើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​អភិបាល​ង​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូប​។​

​ក្រោយ​ពី​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត​ថ្លែង សុន្ទរកថា​រួចមក ឯកឧត្តម អ៉ឹម សិទ្ធី​រ៉ា បាន​មានប្រសាសន៍ថា ៖​ខេត្ត​ដែល​ទទួលបាន​ការអភិវឌ្ឍ​ន៍​ច្រើន​គឺ​ទាមទារ​ឱ្យ​មាន​ការគ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ​នូវ​សំរាម សំណល់​រឹង​និង​ប្លា​ស្ទិក ដើម្បី​បញ្ចៀស​នូវ​រាល់​ផលប៉ះពាល់​ដល់​បរិស្ថាន អនាម័យ សុខភាព​សាធារណៈ និង​សោភ័ណ្ឌភាព​ទីក្រុង​។​

​ឯកឧត្តម អ៉ឹម សិទ្ធី​រ៉ា បាន​លើកឡើង​ថា ដោយសារ​កំណើន​សេដ្ឋកិច្ច​សង្គម និង​តម្រូវការ​នគររូបនីយកម្ម​កើនឡើង បានធ្វើឱ្យ​បរិមាណ​សំរាម សំណល់​រឹង​នៅតាម ទីប្រជុំជន​នានា​តាម​បណ្តា​រាជធានី ខេត្ត​ទូទាំង​ប្រទេស ពិសេស​ខេត្ត​កំពង់ស្ពឺ​មាន​ការកើនឡើង​និង​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន អនាម័យ សុខភាព​សាធារណៈ និង​សោភ័ណភាព​ទីក្រុង ទីប្រជុំជន​។​ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​ធានា​ឱ្យ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​មាន​ប្រសិទ្ធភាព​ខ្ពស់ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ទេរ​មុខងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​នេះ មក​ឱ្យ​រដ្ឋបាល​រាជធានី និង​រដ្ឋបាល​ក្រុង ស្រុក​ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​ជា​អ្នកអនុវត្ត តាមរយៈ​អនុក្រឹត្យ​លេខ​១១៣ ដែល​បាន​ដាក់ចេញ​កាលពី​ឆ្នាំ​២០១៥​។​

​ទន្ទឹម​នោះ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ក៏បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​បាន​ដាក់ចេញ​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ដើម្បី​ធានា​ថា ចាប់ពី​ឆ្នាំ​២០៣០​ខាងមុខ សំរាម សំណល់​រឹង​ទីប្រជុំជន​គ្រប់​ប្រភេទ​នឹង​ត្រូវ​បាន​ញែក វេច​ខ្ចប់ ទុកដាក់ សំអាត ប្រមូល ដឹកជញ្ជូន ប្រើប្រាស់​និង​កែច្នៃ ព្រមទាំង​ធ្វើ​ប្រព្រឹត្តិកម្ម​តាម​បច្ចេកវិទ្យា​ប្រកបដោយ​អនាម័យ និង​សុវត្ថិភាព​បរិស្ថាន​។​

​ឯកឧត្តម​បន្ដថា សម្រាប់​នីតិកាល​ទី​៧​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​បន្ត​ចាត់ទុក​ការកែលម្អ​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ ជា​ការងារ​អាទិភាព​មួយ​ដែល​ត្រូវ​សម្រេច​ឱ្យបាន​។ បញ្ច​កោណ​ទី​៤ ផ្តោត​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន ដែល​ក្នុងនោះ ការធានា​ចីរភាព​បរិស្ថាន និង​ការរៀបចំ​ខ្លួន ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ការលើកកម្ពស់​សេដ្ឋកិច្ច​បៃតង គឺជា​កិច្ចការ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ស្របគ្នា​នេះ កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ បាន​កំណត់​ថា ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺជា​ការអនុវត្ត​មុខងារ​ជា​កាតព្វកិច្ច​មួយ​ដែល​បាន​កំណត់​នៅក្នុង​សមាសភាគ​ទី​៥ ដោយ​ផ្តោត​លើ​ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​។​ផ្អែក​លើ​ក្របខណ្ឌ​គោលនយោបាយ​ខាងលើនេះ ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​បរិស្ថាន និង​ក្រុមការងារ​ធនាគារពិភពលោក​បាន​ធ្វើ​ការសិក្សា​លើ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​សំណល់​ប្លា​ស្ទិកនៅ​ប្រទេស​កម្ពុជា ក្រោម​ក្របខណ្ឌ​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក ដែល​មាន​ទឹកប្រាក់ ៦៧.៣​លាន​ដុល្លារ សម្រាប់​រយៈពេល​៦​ឆ្នាំ ដោយ​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​តំណាង​រាជរដ្ឋាភិបាល​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារពិភពលោក​។​

​ពាក់ព័ន្ធ​និង​គ្រប់គ្រង​សំរាម សំណល់​រឹង​និង​ប្លា​ស្ទិកក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់​ឱ្យដឹងថា​ខេត្ត​កំពង់ស្ពឺ បាន​ក្លាយ​ជា​គោលដៅ​វិនិយោគ​ឈានមុខ​គេ​នៅ​កម្ពុជា ដោយ​ទទួលបាន​ចំនួន​គម្រោង​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ ២០២៤​កន្លងទៅ​។ ក្នុង​ចំណោម​គម្រោង​វិនិយោគ​សរុប​ចំនួន​៤១៤ ដែល​ត្រូវបាន​អនុម័ត​ទូទាំង​ប្រទេស ខេត្ត​កំពង់ស្ពឺ​បាន​ទាក់ទាញ​គម្រោង​ចំនួន​៩៣ ដែល​ឈរ​នៅ​លំដាប់​កំពូល និង​បង្ហាញ​ពី​សារៈសំខាន់​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង​។​ជាមួយ​នោះ​ដោយ​ចក្ខុវិស័យ​និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការបង្កើត​បរិយាកាស​អំណោយផល​សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​ជា​វិធីសាស្ត្រ​«​ទាក់​ម៉ូយ​វិនិយោគ​» របស់​សម្តេច​បាន​ធ្វើឱ្យ​ខេត្ត​កំពង់ស្ពឺ​ក្លាយ​ជា​បណ្តុំ​រោងចក្រ​សហគ្រាស​ដែល​គិត​មកដល់​បច្ចុប្បន្ន​ខេត្ត​នេះ​មាន​រោងចក្រ​សហគ្រាស​ប្រមាណ​១៣៩២​កន្លែង​និង​មាន​កម្មករ កម្មការិនី​ជិត​២៥​ម៉ឺន​កំពុង​បម្រើការ ដែល​ចំនួន​នេះ​ក៏​បាន​និង​កំពុង​ធ្វើឱ្យ​ខេត្ត​កំពង់ស្ពឺ​ប្រឈម​និង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការអភិវឌ្ឍន៍​នេះ​ផង​ដែរ​។​ដើម្បី​ដោះស្រាយ​កង្វល់​ខាងលើ រដ្ឋបាល​ខេត្ត​ក៏​បាន​បម្រុង​ទុក​ដី​ប្រមាណ​១៥​ហិកតា សម្រាប់​ជា​ទីលាន​ចាក់​សម្រាម​។​

Leave a Reply

Your email address will not be published.