ព័ត៌មានជាតិ

ប្រធាន​សភា​តំណាងរាស្ត្រ​ហ្វីលីពីន កោត​សរសើរ​ពីភាព​រីកចម្រើនរបស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី​

នា​រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម Ferdinand Martin G. Romualdez ប្រធាន​សភា​តំណាងរាស្ត្រ​ហ្វីលីពីន ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI-IDC Executive Committee) នៅ​ខេត្ត​សៀមរាប​។

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​សភា​តំណាងរាស្ត្រ​ហ្វីលីពីន បាន​អបអរសាទរ​ប្រទេស​កម្ពុជា ដែល​បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI-IDC Executive Committee) បាន​យ៉ាង​ល្អប្រសើរ និង​កោត​សរសេីរ​ភាព​រីកចម្រើនរបស់​ក​ម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី​។ ឯកឧត្តម​ប្រធានសភា បានបង្ហា​ញក្តី​សោមនស្ស​រីករាយ​ចំពោះ​ការលូតលាស់​នៃ​ទំនាក់ទំនង​ហ្វីលីពីន​-​កម្ពុជា និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ស្វាគមន៍ និង​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ហ្វីលីពីន ដែល​ជ្រើសរើស​មក​ធ្វើការ និង​មក​ទស្សនា​ប្រទេស​កម្ពុជា​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ជាច្រើន​។ សម្ដេច​បវរ​ធិបតី បាន​គូសបញ្ជាក់​អំពី​សក្តានុពល​ជាច្រើន​ទៀត ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយគ្នា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ថែមទៀត​។ ក្នុងន័យនេះ តប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. សម្តេច​បវរ​ធិបតី​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ហ្វីលីពីន នា​ដើមឆ្នាំ​២០២៥ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត​។

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រធានសភា បាន​ពិភាក្សា​អំពី​ការ​បន្ត​លើកកម្ពស់​កិច្ចសហការ​ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន មាន​ជាអាទិ៍​៖ វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង​, វិស័យ​ទេសចរណ៍ និង​លទ្ធភាព​នៃ​ការភ្ជាប់​ជើងហោះហើរ​ត្រង់​បន្ថែម​, ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​, វិស័យ​សុខាភិបាល​, វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​។ សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រធានសភា ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន ដែល​ជា​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕

Leave a Reply

Your email address will not be published.