ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ដឹកនាំ​គណៈប្រតិភូ​ហោះ​ដល់​ប្រទេស​បារាំង ប្រកបដោយ​សុវត្ថិភាព​

បន្ទាប់​ពី​ចំណាយ​ពេល​ធ្វើដំណើរ​រយៈ​ពេល​ប្រមាណ​ជា​១៧​ម៉ោង តាម​ជើងហោះហើរ​ពិសេស​របស់​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ហើយ​នៅ​វេលា​ម៉ោង​២៖៤០​ទៀបភ្លឺ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ម៉ោង​នៅ​កម្ពុជា ត្រូវ​នឹង​វេលា​ម៉ោង ម៉ោង​២០៖៤០​យប់​ថ្ងៃ​ទី​១៣ ខែ​មករា ម៉ោង​នៅ​ទីក្រុង​ប៉ារីស​។ ដំណើរ​អញ្ជើញ​ដល់​របស់​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​គណៈប្រតិភូ​ទ​ទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ឯកអគ្គរាជទូត និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង​។​

​ដំណើរ​អញ្ជើញ​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​មាន​កម្មវិធី​មួយចំនួន​ដូចជា​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង និង​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​ទ្វីប​អឺរ៉ុប​, អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ធុរកិច្ច​អឺរ៉ុប​-​កម្ពុជា ដែល​រៀបចំ​ដោយ​សមាគមន៍​ធុរកិច្ច​បារាំង​, ជួប​ជាមួយ​លោកស្រី លូ​អី​ស ម៊ូ​ស៊ីគី វ៉ា​បូ អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូ​នី និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ទៀត​របស់​បារាំង​៕​

Leave a Reply

Your email address will not be published.