ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នេត្រ ភ​ក្ត្រា ៖ អ្នកសារព័ត៌មាន​ត្រូវតែ​ចុះ​យក​ព័ត៌មាន​ពិត ហាម​!​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​យកទៅ​ផ្សព្វផ្សាយ និង​មិន​ចែករំលែខ​ព័ត៌មាន​ក្លែងក្លាយ​

ភ្នំពេញ​៖ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​ត្រូវតែ​ចុះ​យក​ព័ត៌មាន​ពិត មិនបង្កើត​ព័ត៌មាន​ក្លែងក្លាយ មិន​ផ្សព្វផ្សាយ និង​មិន​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​! ការផ្តល់​ព័ត៌មាន​ពិត​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​មូលដ្ឋាន​សម្រេចចិត្ត​ត្រឹមត្រូវ​។

​យោង​តាម​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ផ្នែក​ទី​៣ ទាក់ទង​នឹង​សុក្រឹតភាព​នៃ​ព័ត៌មាន​ចែងថា​៖
១-​អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ (​ទាំង​អ្នកសារព័ត៌មាន​អាជីព អ្នក​ផលិត​មាតិកា អ្នកសរសេរ​ប្លុក អ្នកសារព័ត៌មាន​គ្មាន​អង្គភាព អ្នកសារព័ត៌មាន​ពល​រដ្ឋ អ្នក​មាន​ប្រជាប្រិយ​លើ​បណ្តាញ​សង្គម​ជាដើម​) ត្រូវ​ឈរ​លើ​ការពិត និង​បង្ហាញ​ព័ត៌មាន​ពិត ចៀសវាង​ការ​ផ្សា​តយ​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ ព័ត៌មាន​ភាន់ច្រឡំ ព័ត៌មាន​មាន​លក្ខណៈខុស​ពី​ការពិត​។

២-​អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​ត្រូវ (​ក​) ចូលរួម​ទប់ស្កាត់ ប្រឆាំង​នឹង​ការផលិត និង​ផ្សព្វផ្សាយ​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ ព័ត៌មាន​ភាន់ច្រឡំ (​ខ​) ផ្សាយ​តែ​ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់ និង​បាន​ផ្ទៀងផ្ទាត់​ប្រភព​ត្រឹមត្រូវ (​គ​) ផ្ទៀងផ្ទាត់​ឡើងវិញ និង​កែតម្រូវ​ក្នុង​ករណី​បាន​ចុះផ្សាយ​ខុស ឬ​ផ្សាយ​ដោយ​ភាន់ច្រឡំ (​គ​) រក្សា​ការសម្ងាត់​នៃ​ប្រភព (​ឃ​) ធានា​តុល្យភាព​ព័ត៌មាន​ប្រកប​ដោយ​សច្ចភាព យុត្តិធម៌ និង​មិន​លម្អៀង​។

៣-​អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​ត្រូវ​ចៀសវាង (​ក​) ការចុះផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ឬ​ធ្វើ​ការចោទប្រកាន់​ដែល​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​ច្បាស់លាស់ (​ខ​)​កាឡៃ​ព័ត៌មាន​តាម​រូបភាព​ណាមួយ​ដែល​ធ្វើឱ្យ​ប្រាសចាក​ន័យ​ដើម (​គ​) បញ្ចេញមតិ​ផ្ទាល់ខ្លួន​ឈរ​លើ​បុរេវិនិច្ឆ័យ (​ឃ​) ច្របល់​គ្នា​រវាង ការពិត​ដែល​ជា​អង្គហេតុ និង​ការយល់ឃើញ​ដែល​ជា​ទស្សនៈ​ផ្ទាល់ខ្លួន (​ង​) កែប្រែ​ព័ត៌មាន រូបភាព ឬ​វីដេអូ លុបបំបាត់​ចោល​ផ្នែក​ព័ត៌មាន​សំខាន់ៗ ឬ​បន្លំ​ឯកសារ​ផ្សេងៗ​៕

 

Leave a Reply

Your email address will not be published.