ព័ត៌មានជាតិ

​ខេត្តក្រចេះ​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី​ប្រាក់​រៀល​ប្រព័ន្ធ​បាគង និង​ប្រព័ន្ធ​ខេ​អេច​ឃ្យូ​អរ (KHQR) ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​៤៥ នៃ​ការដាក់​ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ

​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥ ខេត្តក្រចេះ​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី​ប្រាក់​រៀល​ប្រព័ន្ធ​បាគង និង​ប្រព័ន្ធ​ខេ​អេច​ឃ្យូ​អរ (KHQR) ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​៤៥ នៃ​ការដាក់​ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ ក្រោម​អ​ធីបតី​ភាព​ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា និង​ឯកឧត្តម ទុយ ប៊ុន​សេរី​រ័ត្ន​មុនី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ។ ដោយ​មាន​ការចូលរួម​ពី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស យ៉ាងច្រើន​កុះករ ។​

​ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា បាន​គូសបញ្ជាក់ថា ៖ ការបោះ​ផ្សាយ​ក្រដាសប្រាក់​ដែល​មាន​តម្លៃ​ចារឹក​ខុសគ្នា ក្នុង​ទំហំ​ខុសគ្នា គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការ​បែងចែក​ប្រភេទ​ក្រដាសប្រាក់ ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ចំណាំ និង​បញ្ចៀស​ការភាន់ច្រឡំ​ពេល ចាយវាយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បន្ថែម​លើ​សញ្ញា​សម្គាល់​លើ​ក្រដាសប្រាក់ ទំហំ ផ្សេង​គ្នា​នេះ​ក៏​ផ្តល់​ភាពងាយស្រួល ដល់​អ្នក​ពិការភ្នែក​ផងដែរ ដោយ​ឱ្យ​ពួក​គាត់​អាច សម្គាល់​ក្រដាសប្រាក់​នីមួយៗ​តាមរយៈ​ការ​ស្ទាប​ផងដែរ ។ ការជ្រើសរើស​យក​ពណ៌​ដើម្បី​រចនា​ក្រដាសប្រាក់​ត្រូវ​បាន​គិតគូរ យ៉ាង​យកចិត្ត​ទុក ដាក់​អំពី​ធាតុ​ផ្សំ​នៃ​សុវត្ថិភាព និង​ផ្តោត​លើ​ទឹក​ថ្នាំ​ដែល​មាន​គុណភាព ដើម្បី​បង្ការ ការ​ថតចម្លង ។ បច្ចុប្បន្ន​ដោយ​សារ បច្ចេកវិទ្យា​ទំនើប ក្រដាសប្រាក់​នីមួយៗ​ត្រូវ​មាន​ពណ៌​ស្នូល​គោល​មួយ ហើយ​លាយ ជាមួយ​ពណ៌​ផ្សេងៗ​ទៀត (​មានតែ​៥​ពណ៌​) ហើយ​ការ​លាយ​ហ្នឹង​ទៀតសោត ត្រូវ​ធ្វើឱ្យ​មាន​ពណ៌​លាយ​គ្នាច្រើន ដែល​មើល​ទៅ​មិន​ច្បាស់ និង​មិន​មាន​តែ​មួយ​ពណ៌​។​

​ឯកឧត្តម​ទេសាភិបាលរង ៖ ការចេញផ្សាយ​ក្រដាសប្រាក់​ប្រភេទ​ថ្មី ធ្វើ​ឡើង​គឺ​ស្របទៅតាម​ស្ថានភាព​តម្រូវការ និង​ការពង្រឹង​សុវត្ថិភាព ។ ការបោះ​ផ្សាយ​ក្រដាសប្រាក់​ថ្មី​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការរីកចម្រើន​នៃ​ទំហំ​សេដ្ឋកិច្ច ឬ​ដើម្បី​ប្តូរ​ជំនួស​ក្រដាសប្រាក់​ចាស់ ទ​ក់ និងរ​ហែក​នៅលើ​ទីផ្សារ ដែល​ត្រូវ​ប្រមូល យក​ទៅ​កំទេចចោល​ដោយ​មិន​បញ្ចេញ​ឱ្យ​ចរាចរ​វិញ​នោះទេ ។ តាមរយៈ​ការប្តូរ​ក្រដាស ថ្មី​នេះ ក៏​ដើម្បី​លើកទឹកចិត្ត​ដល់​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ការទូទាត់ និង​ការរក្សា​ទុក​ប្រាក់​រៀល​សម្រាប់​សន្សំ ជាដើម ។​

​ឯកឧត្តម​ទេសាភិបាលរង បន្តទៀតថា ៖ ប្រព័ន្ធ​បាគង គឺជា​ប្រព័ន្ធ​ទូទាត់​ដែល​អាច ឱ្យ​អ្នកប្រើប្រាស់​ធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូចជា​៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់​ប្រាក់ និង​ដក​ប្រាក់​ទាំង​ក្នុងស្រុក និង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ បាន​យ៉ាង​ឆាប់រហ័ស និង​មាន ភាពងាយស្រួល កាត់បន្ថយ​ចំណាយ​ថ្លៃ​ប្រតិបត្តិការ និង​មាន​សុវត្ថិភាព​ខ្ពស់ ។ លើសពីនេះ ការដាក់ ឱ្យ​ប្រើប្រាស់​ស្តង់ដា KHQR កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ បាន​សម្រួល​ដល់​ការ​ស្កេន​ទូទាត់​ឆ្លង គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​យ៉ាង​ពិ​លាស ព្រមទាំង​បាន​ពង្រឹង​ការតភ្ជាប់​ការទូទាត់​ឆ្លងដែន នៅក្នុង​តំបន់​ផងដែរ ។ បច្ចុប្បន្ន យើង​អាច​ធ្វើ​ការទូទាត់​ប្រាក់​ឆ្លងដែន​ជាមួយ ប្រទេស ថៃ វៀតណាម ឡាវ និង​ម៉ាឡេស៊ី តាមរយៈ​ការ​ស្កេន QR Code ជា​ប្រាក់​រៀល​តែម្តង ដោយ​មិន​ចាំបាច់​ដូរ​ទៅ ជា​ដុល្លារ​អាមេរិក​សិន​នោះ​ទេ ៕ រាយការណ៍​ដោយ លោក ម៉ែន បូរិទ្ធ​

 

 

Leave a Reply

Your email address will not be published.