ព័ត៌មានជាតិ

​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លងមកនេះ​។ នេះ​បើ​តាម​កិច្ចសន្ទនា​រវាង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី និង​លោក​សាស្ត្រាចារ្យ ក្នុង​ជំនួប​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤​។​

​ក្នុងជំនួប​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) ដែល​បាន​លះបង់​កម្លាំងកាយ និង​ស្មារតី ដោយ​បាន​បំពេញ​តួនាទី​យ៉ាង​សកម្ម ព្រមទាំង​បាន​រួមចំណែក​ដ៏​សំខាន់​ដល់​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ និង​អង្គការ​សហប្រជាជាតិ​។

​ជា​ការឆ្លើយតប លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សហការ​ជា​ដៃគូ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​អង្គការសហប្រជាជាតិ ព្រមទាំង​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​របស់​ក្រសួងមហាផ្ទៃ លើ​កិច្ចការ​នានា ជាពិសេស​កិច្ចការ​សិទ្ធិមនុស្ស​។

​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា ក៏​បាន​ថ្លែងអំណរគុណ​អង្គការសហប្រជាជាតិ ដែល​ជួយ​ជ្រោមជ្រែង​កម្ពុជា និង​បន្ត​ផ្តល់​ការគាំទ្រ តាមរយៈ​ការ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ក្នុង​ដំណើរការ​កសាង និង​អភិវឌ្ឍ​ប្រទេស ការពង្រឹង​សមត្ថភាព​ជាតិ ជាពិសេស​ការជួយ​គាំទ្រ​កម្ពុជា​ក្នុង​ការធ្វើ​មូលដ្ឋាន​នីយកម្ម​គោលដៅ​សកល​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឱ្យស្រប​ទៅ​នឹង​បរិការណ៍​កម្ពុជា ដើម្បី​ជំរុញ​ការសម្រេចបាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕

Leave a Reply

Your email address will not be published.