ក្រចេះ÷ នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខេត្តក្រចេះរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមអធីបតីភាពឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ។ ដោយមានការចូលរួមពី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ៖ ការបោះផ្សាយក្រដាសប្រាក់ដែលមានតម្លៃចារឹកខុសគ្នា ក្នុងទំហំខុសគ្នា គឺដើម្បីផ្តល់ភាពងាយស្រួលក្នុងការបែងចែកប្រភេទក្រដាសប្រាក់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការចំណាំ និងបញ្ចៀសការភាន់ច្រឡំពេល ចាយវាយ ។ មិនត្រឹមតែប៉ុណ្ណោះ បន្ថែមលើសញ្ញាសម្គាល់លើក្រដាសប្រាក់ ទំហំ ផ្សេងគ្នានេះក៏ផ្តល់ភាពងាយស្រួល ដល់អ្នកពិការភ្នែកផងដែរ ដោយឱ្យពួកគាត់អាច សម្គាល់ក្រដាសប្រាក់នីមួយៗតាមរយៈការស្ទាបផងដែរ ។ ការជ្រើសរើសយកពណ៌ដើម្បីរចនាក្រដាសប្រាក់ត្រូវបានគិតគូរ យ៉ាងយកចិត្តទុក ដាក់អំពីធាតុផ្សំនៃសុវត្ថិភាព និងផ្តោតលើទឹកថ្នាំដែលមានគុណភាព ដើម្បីបង្ការ ការថតចម្លង ។ បច្ចុប្បន្នដោយសារ បច្ចេកវិទ្យាទំនើប ក្រដាសប្រាក់នីមួយៗត្រូវមានពណ៌ស្នូលគោលមួយ ហើយលាយ ជាមួយពណ៌ផ្សេងៗទៀត (មានតែ៥ពណ៌) ហើយការលាយហ្នឹងទៀតសោត ត្រូវធ្វើឱ្យមានពណ៌លាយគ្នាច្រើន ដែលមើលទៅមិនច្បាស់ និងមិនមានតែមួយពណ៌។
ឯកឧត្តមទេសាភិបាលរង ៖ ការចេញផ្សាយក្រដាសប្រាក់ប្រភេទថ្មី ធ្វើឡើងគឺស្របទៅតាមស្ថានភាពតម្រូវការ និងការពង្រឹងសុវត្ថិភាព ។ ការបោះផ្សាយក្រដាសប្រាក់ថ្មីធ្វើឡើងដោយផ្អែកលើការរីកចម្រើននៃទំហំសេដ្ឋកិច្ច ឬដើម្បីប្តូរជំនួសក្រដាសប្រាក់ចាស់ ទក់ និងរហែកនៅលើទីផ្សារ ដែលត្រូវប្រមូល យកទៅកំទេចចោលដោយមិនបញ្ចេញឱ្យចរាចរវិញនោះទេ ។ តាមរយៈការប្តូរក្រដាស ថ្មីនេះ ក៏ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ និងការរក្សាទុកប្រាក់រៀលសម្រាប់សន្សំ ជាដើម ។
ឯកឧត្តមទេសាភិបាលរង បន្តទៀតថា ៖ ប្រព័ន្ធបាគង គឺជាប្រព័ន្ធទូទាត់ដែលអាច ឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់ បានយ៉ាងឆាប់រហ័ស និងមាន ភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់ ។ លើសពីនេះ ការដាក់ ឱ្យប្រើប្រាស់ស្តង់ដា KHQR កាលពីខែកក្កដា ឆ្នាំ២០២២ បានសម្រួលដល់ការស្កេនទូទាត់ឆ្លង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានយ៉ាងពិលាស ព្រមទាំងបានពង្រឹងការតភ្ជាប់ការទូទាត់ឆ្លងដែន នៅក្នុងតំបន់ផងដែរ ។ បច្ចុប្បន្ន យើងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេស ថៃ វៀតណាម ឡាវ និងម៉ាឡេស៊ី តាមរយៈការស្កេន QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរទៅ ជាដុល្លារអាមេរិកសិននោះទេ ៕ រាយការណ៍ដោយ លោក ម៉ែន បូរិទ្ធ