ព័ត៌មានជាតិ

ខេត្ត​កំពង់ឆ្នាំង ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ឆ្នាំង​

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ មេសា ឆ្នាំ​២០២៤ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ឯកឧត្តម ស៊ីវ រុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​  អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង ។ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ប្រតិភូ​អមដំណើរ​របស់​ក្រសួងមហាផ្ទៃ គណៈ​អភិបាលខេត្ត ស្ថាប័ន​តុលាការ ស្នងការ ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ប្រធាន​ពន្ធនាគារ​ខេត្ត ថ្នាក់ដឹកនាំ​រដ្ឋបាល​សាលាខេត្ត ក្រុង ស្រុក មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត អធិការ​ក្រុង ស្រុក កងកម្លាំង​ទាំង​៣ និង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ឧត្តមសេនីយ៍ទោ តេង ច័ន្ទ​ណាត ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ចំណែក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ។​

​បន្ទាប់​ពី​ប្រគល់​ប្រកាស និង​ប្រគល់​ត្រា តែងតាំង​ជូន​លោក​ឧត្តមសេនីយ៍ទោ តេង ច័ន្ទ​ណាត ហួត ស្នងការ​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ថ្មី​  បាន​ឡើង​ធ្វើការ​ប្ដេជ្ញាចិត្ត សន្យា ថា​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ គោរព និង​អនុវត្ត​ដោយ​ស្មោះត្រង់ តាម​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ គោរព និង​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​សច្ចៈ​យុត្តិធម៌​ចំពោះ​ច្បាប់ បទ​បញ្ញា​តិ និង​បទបញ្ជា​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ទៅតាម​បទ​វិន័យ របស់​មន្ត្រី​នគរ​ជាតិ រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​ការិយាល័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​អោយបាន​ល្អ​ប្រសើរ​។​

​ឯកឧត្ដម អភិបាលខេត្ត​  បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ ឧត្តមសេនីយ៍ទោ ខូវ​លី អតីត​ស្នងការ​ខេត្ត និង​បងប្អូន​កងកម្លាំង​នគរបាល​ទាំងអស់ ខិតខំ​បំពេញ​ភារកិច្ច​បាន​យ៉ាង​ល្អប្រសើរ ដោយ​បាន​ផ្តល់​សេវា​ឆាប់រហ័ស និង​ការពា​រសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​តាម​បណ្តា​មូលដ្ឋាន​បាន​យ៉ាង​ល្អប្រសើរ​នា​ពេលកន្លងមក ក៏ដូចជា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កន្លងមកនេះ​  ព្រមទាំង​ជម្រុញ​ឱ្យ​បន្ត​លើ​កិច្ច​ការងារ​នេះ ឱ្យ​កាន់តែ​ល្អ​ទ្វេរ​ឡើង​បន្ថែមទៀត ។​  ក្នុងនោះ​ឯកឧត្តម អភិបាលខេត្ត ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ដាក់​នូវ​វិធានការ​សំខាន់ៗ​មួយចំនួន ដល់​កងកម្លាំង​សមត្ថកិច្ច ក្នុង​ការអនុវត្តឲ្យ​មានប្រ​សិទ្ធ​ភាព និង ធានា​បាន​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ អន្តរជាតិ និង​ភ្ញៀវ​ទេសចរណ៍​។​

​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ សម្រាប់​លោក​ស្នងកា​រន​គរ​បាល​ថ្មី ធ្វើ​ការដឹកនាំ​កងកម្លាំង ដោយ​បាន​លើក​នូវ​គោលដៅ​សំខាន់ៗ​ចំពោះមុខ សម្រាប់​កងកម្លាំង​ទាំងអស់ យកទៅ​អនុវត្ត​នៅក្នុង​មូលដ្ឋាន ព្រមទាំង​សូម​ឱ្យ​មន្ត្រី​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ធ្វើ​ការកែប្រែ​នូវ​ឥរិយាបថ​របស់​ខ្លួន គោរព​នូវ​ក្រមសីលធម៌​ជា​មន្ត្រី​នគរបាល​ជាតិ ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង ត្រូវ​អនុវត្ត​ឱ្យ​ខាងតែបាន​នូវ​ខ្លឹមសារ​៩​ចំណុច នៃ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ បាន​សង្កត់​ទៅលើ​ការងារ​គ្រប់គ្រង​ធនធានមនុស្ស ,​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ការងារ​បង្ក្រាប​ចរាចរ​គ្រឿងញៀន​  និង ក្រុម​ក្មេង​ទំនើ​ង ដោយ​ខេត្ត សៀមរាប​ជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍ ដែល​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់​ជាតិ ក៏​ដូច​ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប​ផងដែរ ។​

​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​លោក​ស្នងការ​ថ្មី ត្រូវ​អនុវត្ត​ឱ្យបាន ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន ដែល​ជា​សេនាធិការ​ឲ្យ​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​សម្រាប់​បម្រើ​ប្រយោជន៍ និង​ក្តី​សុខជូន​ប្រជាពលរដ្ឋ ជាពិសេស​កត្តា​សំខាន់​ចំពោះមុខ លើ​ការងារ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពង្រឹង​វិន័យ និង​លើកកម្ពស់​សមត្ថភាព​ដល់​កងកម្លាំង​របស់ខ្លួន ដើម្បី​អនុវត្ត​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕​

Leave a Reply

Your email address will not be published.