ព័ត៌មានជាតិ

អភិបាលខេត្ត​ប៉ៃលិន ជម្រុញ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវ​រួមគ្នា​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្ពស់​

ខេត្ត​ប៉ៃលិន​៖ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន ត្រូវ​ដើរតួ​ជា​ដៃគូ​អភិវឌ្ឍន៍ និង​មាន​ទំនាក់ទំនង​ល្អ សហការ​គ្នា​ទៅវិញទៅមក ដើម្បី​រួមគ្នា​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្ពស់ និង​ប្រកបដោយ​គុណធម៌ ក្រោម​គោលនយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបា​ល​អណត្តិ​ទី​៧  ​។​

​ការ​ថ្លែង​បែប​នេះ​របស់​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ដ ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល ក្នុង​ការបម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​ការចូលរួម​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​មួយ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត ទទួលបាន​ជោគជ័យ​បន្ថែមទៀត មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ត្រូវ​មាន​កិច្ច​សហការ​ឲ្យបាន​ល្អ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ ជា​ពិសេស​អាជ្ញាធរ​ដែន​ដី គ្រប់​លំដាប់ថ្នាក់ ដើម្បី​អនុវត្ត​ទិសដៅ​ផែនការ ដែល​បាន​ដាក់ចេញ ប្រកបដោយ​ប្រសិទ្ធិភាព​ឆ្ពោះទៅរក​ភាព​ជោគជ័យ ដែល​បាន​កំណត់ ជា​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង និង​លើកកម្ពស់​គុណភាព​សេវា​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​មូលដ្ឋាន ព្រមទាំង​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង និង​មាន​បច្ចេកទេស​គ្រប់គ្រាន់ ក្នុង​ការបំរើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង អនុវត្ត​ការងារ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ក្នុង​ការងារ​ផ្តល់​សេវាសាធារណៈ សេវា​សុខាភិបាល ជូន​ដល់​ប្រជាពលរដ្ឋ គ្រប់​មូលដ្ឋាន ពិសេស​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង និង​គ្រប់គ្រង​បញ្ហា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ទទួលបាន​ការកោតសរសើ​រ ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​៕
​ដោយ​៖​កឹម​ឈៅ​

 

Leave a Reply

Your email address will not be published.