ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាល និង​សួរសុខទុក្ខ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​

ភ្នំពេញ​៖ នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​សំណេះសំណាល និង​សួរសុខទុក្ខ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ។ ពិធី​នេះ​ដោយ​មាន​ការចូលរួម​ពី​ប្រតិភូ​អមដំណើរ នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ជាច្រើន​រូប​ផង​ដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា​៖ ថ្ងៃនេះ ខ្ញុំ​មានក្តី​សោមនស្ស​សប្បាយរីករាយ​ក្រៃលែង​ដោយ បាន​មក​សួរសុខទុក្ខ សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​បងប្អូន នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស ការជួបជុំ​គ្នា​ដ៏​ច្រើន​កុះករ នាពេលនេះ គឺ​ស្របពេល​នឹង​ការ​គម្រប់​ខួប​លើក​ទី ៤៦​ឆ្នាំ នៃ​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២៤ ។​

​ឆ្លៀត​ឱកាស​នេះ ខ្ញុំ​សូម​ពាំនាំ​បណ្តាំ​សាកសួរ​សុខទុក្ខ នឹករលឹក ពី​សំណាក់ ឯកឧត្តម អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ទាំងអស់​។ តាមរយៈ​អស់លោក​ដែល​វត្តមាន​នៅ​ទីនេះ សូម​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ចំពោះ​គ្រួសារ ដែល​មាន​ប្អូនស្រី​ជា​ភរិយា ក្មួយ​ជា​កូន ជា​ចៅ លោកឪពុក អ្នក​ម្តាយ​របស់​អស់លោក​ទាំងអស់ ជាមួយ​និង​ការ​ជូនពរ​សូម​មាន សុខភាព​ល្អ​បរិបូរណ៍ ជន្មាយុ​វែង សម្បូរ​ទ្រព្យ ចម្រើន​បញ្ញា គ្រប់​ក្រុម​គ្រួសារ​មាន​សុភមង្គល ធ្វើដំណើរ​ទៅ​ឆ្ងាយ​ជិត តាម​មធ្យោបាយ​ទឹក គោក អាកាស សូម​ប្រកបដោយ​សុវត្ថិភាព ។​

​នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ បាន​បន្តថា​៖ ជ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី​ពេញលេញ​បាន ២៦​ឆ្នាំ ៧​ខែ និង ១៦​ថ្ងៃ​ហើយ​។ បន្ទាប់​ពី​ប្រទេស​ធ្លាក់​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​នា​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ និង​របប​ប្រល័យ​ពូជសាសន៍​អស់​រយៈពេល ២៨​ឆ្នាំ ៨​ខែ និង ១១​ថ្ងៃ គិត​ត្រឹម​ថ្ងៃនេះ ពេលនេះ តែ​បើ​ក្រឡេក​ត្រឡប់​ទៅ​អាន​ប្រវត្តិសាស្ត្រ​កម្ពុជា​នោះ​នឹង​ឃើញថា នេះ​ជា​លើកដំបូង​ហើយ​ដែល​ប្រទេស និង​ប្រជាជន​កម្ពុជា ស្គាល់​ពាក្យ​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី ក្នុង​រយៈ​ជាង ៥០០​ឆ្នាំ​។ សន្តិភាព​ពិតជា​មាន​តម្លៃ​ព្រោះ​សន្តិភាព​បាន​នាំឱ្យ​យើង​ជួបជុំ​ក្រុមគ្រួសារ សប្បាយរីករាយ សន្តិភាព​ផ្តល់​ឱកាស​ឱ្យ​យើង​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍ​នោះ​ហើយ បានផ្តល់​ជីវភាព​រស់​កាន់តែ​ប្រសើរឡើង​ជា​បណ្តើរៗ​។ សន្តិភាព​នេះ គឺ​បាន​កើតឡើង​ពី​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ដឹកនាំ និង​បង្កើតឡើង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ។

​ឆ្លៀត​ឱកាស​នេះ យើង​ទាំងអស់គ្នា​នៅ​ទីនេះ​សូម​ថ្លែងអំណរគុណ និង​សូម​ជូនពរ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សូម​សម្តេច​មាន​សុខភាព​ល្អ​បរិបូរណ៍ ជន្មាយុ​វែង​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឱ្យ​កាន់តែ​អភិវឌ្ឍ ជឿនលឿន​បន្ថែមទៀត​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​ថ្លែង​នូវ​ការអបអរសាទរ​ជាមួយ និង​សមិទ្ធផល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​រីកដុះដាល​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​។ កងយោធពល​ខេមរភូមិន្ទ​យើង​ក៏​បាន​រួមចំណែក​បង្កើត​ស្នាដៃ និង​សមិទ្ធផល​មាន​ជាអាទិ៍​៖ ការចូលរួម​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ រំដោះ​ប្រទេស សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ការទប់ស្កាត់​ការវិលត្រឡប់​មកវិញ នៃ​របប​ប្រល័យ​ពូជសាសន៍ ធ្វើ​ជា​ស្នូល​ក្នុង​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ចូលរួម​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​មាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទំនប់ ប្រឡាយ ធារាសាស្ត្រ ដោះ​ម៉ី​ន​រំដោះ​ដីស្រែ​ជូន​ប្រជាជន ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាប​បទល្មើស ការពារ ធនធានធម្មជាតិ គាំទ្រ​ស្ថាប័ន​ប្រមូល​ចំណូល​ថវិកាជាតិ​រាប់ពាន់​ម៉ឺន​លាន​ដុល្លារ សង្គ្រោះ​ប្រជាជន​ពេល​ជួប​គ្រោះមហន្តរាយ និង​ចូលរួម​ថែរក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ លើកកម្ពស់​កិត្យានុភាព​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​ល​។​

​ដោយឡែក​បញ្ជាការដ្ឋាន​ទ័ព​ពិសេស (​អតីត​កងពលតូច ៩១១ ទ័ព​ពិសេស​) ចាប់ពី​ថ្ងៃ​បង្កើត​យុទ្ធជន យុទ្ធ​នារី​ក្នុង​កងពល​បង្កើតបាន​ស្នាដៃ​សមិទ្ធផល​ជាច្រើន តាមរយៈ​ស្នាដៃ សមិទ្ធផល​នោះ​ហើយ កងពល​តូច​ពិសេស និង​ឆ័ត្រយោង ៩១១ ត្រូវបាន​ដំឡើង​កម្រិត​មក​ជា​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស​។ ដូច្នេះ​សូម​នាយទាហាន នាយទាហានរង និង​ពលទាហាន​គ្រប់រូប គ្រប់​ជំនាន់ ត្រូវ​មាន​មោទនភាព​ផង និង​មាន​ការទទួលខុសត្រូវ​ថែរក្សា​ប្រពៃណី ស្នាដៃ សមិទ្ធផល ដែល​រៀមច្បង​បាន​ធ្វើ​ពលិកម្ម​កសាង​ទុក​មក​ឱ្យ​បាន​យូរអង្វែង​សម្រាប់​ជា​ប្រយោជន៍ ក្នុង​ការការពារ​ខឿន​ឯករាជ្យ បូរ​ណ​អធិបតេយ្យ​ជាតិ និង​ជា​កម្លាំង ដ៏​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញា​ការពារ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ។ ត្រូវ​មាន​ទស្សនៈ​ត្រឹមត្រូវ គោលជំហរ រឹងមាំ អង់អាច​ក្លាហាន មាន​វិន័យ គោរព​ច្បាប់ និង​មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ គោរព​ម៉ឺងម៉ាត់​ឋានានុក្រម​កងទ័ព​។ ជាមួយ និង​ស្នាដៃ សមិទ្ធផល មោទនភាព សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដ៏​ល្អ​នេះ យើង​ក៏​ប្រឈម និង​បញ្ហា​ដែល​កើតឡើង​ថ្មីៗ​ជាច្រើន​ដែល​គម្បី​ត្រូវ​បន្ត​រួម​គ្នាស្វែងយល់ និង​មាន​ការយល់ដឹង​បាន​ត្រឹមត្រូវ មាន​សកម្មភាព​ព្រមៗ​គ្នា ។​

​នាយ​ឧត្តមសេនីយ៍សៅ សុខា កី​បាន​ថ្លែងអំណរគុណ ចំពោះ​ការរៀបចំ​បដិសណ្ឋារកិច្ច​យ៉ាង​រាក់ទាក់​កក់ក្តៅ និង​ការតាមដាន​ស្តាប់ ឯកភាព​យល់ព្រម គាំទ្រ មតិ​សំណេះសំណាល ជាមួយ​និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការលើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ទប់ស្កាត់ នូវ​រាល់​ឧបាយកល បំផ្លិចបំផ្លាញ​សន្តិភាព សន្តិសុខ ពី​មជ្ឈដ្ឋាន​ប្រតិកិរិយា​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​សូម​ជូនពរ អស់លោក លោកស្រី អ្នកនាង​កញ្ញា និង​អង្គពិធី​ទាំងមូល​សមប្រកប តែ​និង​ពុទ្ធពរ ពរ​ទាំង​ឡាយ​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

​ក្នុងឱកាស​សំណេះសំណាល​នោះ​ផង​ដែរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​នាំ​មក​ជាមួយ​នូវ​ស្រា​បៀ ចំនួន ៥០៤​កេះ និង​ថវិកា ៦០​លាន​រៀល នារី ចំនួន ១៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ៥០​ម៉ឺន​រៀល​ផងដែរ​។​

 

Leave a Reply

Your email address will not be published.