ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ពេញចិត្ត​ការរៀបចំ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​!

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបង្ហាញ​ការពេញចិត្ត​ចំពោះ​ការរៀបចំ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​។ បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត សេចក្ដីព្រាង​អនុក្រឹត្យ​នេះ មាន​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​មន្ត្រីនគរបាល​ជាតិ ឱ្យ​កាន់តែ​មាន​វិន័យ​ល្អ លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ធានា​និរន្តរភាព​ការងារ​ក្នុង​អង្គភាព​នគរបាល ដើម្បី​ឆ្លើយតប​នឹង​គោលបំណង​ពង្រឹង​ធនធាន​«​មនុស្ស​» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ឆ្លង​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា សេចក្ដីព្រាង​អនុក្រឹត្យ​ថ្មី​នេះ ក៏​អនុលោម​តាម​ព្រះរាជក្រឹត្យ​ស្ដីពី​លក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​កម្ពុ​ជា ខណៈ​បច្ចុប្បន្ន នីតិវិធី​ស្នើសុំ​និង​ការអនុញ្ញាត​ច្បាប់​ឈប់សម្រាក​របស់​មន្ត្រីនគរបាល​ជាតិ អនុវត្ត​តាម​សេចក្ដីណែនាំ​លេខ​០០១ ដែល​ទើប​ចេញ​នា​ដើមឆ្នាំ​២០២៤​។ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ ឯកឧត្តម​សន្តិ​បណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ​ទទួល​បន្ទុក និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក អគ្គនាយកដ្ឋាន​ធនធានមនុស្ស ព្រមទាំង​ក្រុម​ការងារ ដែល​ខិតខំ​រៀបចំ​សេចក្ដីព្រាង​អនុក្រឹត្យ​នេះ ប្រកប​ដោយ​ភាព​គ្រប់​ជ្រុងជ្រោយ​។​

​សូមបញ្ជាក់​ថា សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា កំណត់​អំពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា ដើម្បី​ធានា​និរន្តរភាព​ការងារ ការគ្រប់គ្រង និង​ការលើកកម្ពស់​សុខុមាល​ភាព​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​។ សេចក្ដីព្រាង​នេះ មាន ៨​ជំពូក និង ២១​មាត្រា​។ ជំពូក​ទី​១ ចែង​អំពី​បទ​ប្បញ្ញត្តិ​ទូទៅ ជំពូក​ទី​២ ចែង​អំពី​ច្បាប់ឈប់​ប្រចាំឆ្នាំ ជំពូក​ទី​៣ ចែង​អំពី​ច្បាប់ឈប់​រយៈពេល​ខ្លី ជំពូក​ទី​៤ ចែង​អំពី​ច្បាប់ឈប់​សម្រាកលំហែ​មាតុ​ភាព ជំពូក​ទី​៥ ចែង​អំពី​ច្បាប់​ឈប់​សម្រាក​ព្យាបាល​ជំងឺ ជំពូក​ទី​៦ ចែង​អំពី​ច្បាប់​ឈប់សម្រាក​ដោយមាន​កិច្ចការ​ផ្ទាល់ខ្លួន ជំពូក​ទី​៧ ចែង​អំពី​សហ​វិធាន​នៃ​ច្បាប់ឈប់​គ្រប់​ប្រភេទ និង​ជំពូក​ទី​៨ ចែង​អំពី​អវសាន​ប្បញ្ញត្តិ​៕

Leave a Reply

Your email address will not be published.