ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ ចូលជួប​សម្តែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម អ៊ឺមេ​ណេ​ហ្ស៊ីល​ដូ គុ​ប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ (​ទីម័​រខាង​កើត​) ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្ដែង​ការរីករាយ ដោយ​បាន​ទទួល​ជួប ឯកឧត្តម​អគ្គរដ្ឋទូត ទីម័​រឡេ​ស្តេ សាជាថ្មី បន្ទាប់​ពី​ជំនួប​លើក​មុន ក្រោយពេល​ដែល​អគ្គរដ្ឋទូត​បាន​ជូន​សារតាំង​ប្រមុខរដ្ឋស្តីទី​កាលពី​ឆ្នាំ​២០២០​។ សម្ដេច​តេជោ បាន​លើកឡើង​ថា សម្ដេច និង​ឯកអគ្គរដ្ឋទូត​បាន​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាងច្រើន​ជា​ពិសេស​ក្នុងពេល​ដែល​ពិភពលោក​ជួបប្រទះ​នឹង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ហើយក៏​បាន​ធ្វើការ​ជាមួយគ្នា​នៅ​ក្នុង​ការជំរុញ​ឱ្យ​ទីម័​រឡេ​ស្តេ បាន​ចូល​ជា​សមាជិក​អាស៊ាន​។ សម្តេច បាន​កោតសរសើរ​ចំពោះ​ភាព​សកម្ម​របស់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក្នុងនាម​ជា​ព្រឹទ្ធបុរស​នៃ​អង្គ​ទូត​នៅ​កម្ពុជា ហើយ​សម្ដេច​ក៏​បាន​សម្ដែង​នូវ​សេចក្ដីសង្ឃឹម​ថា នឹង​បាន​បន្ត​ធ្វើការ​ជាមួយ​គ្នា​បន្ត​ទៀត ដើម្បី​ជំរុញ​និង​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​សម្ដែង​នូវ​ការរីករាយ ដោយ​បាន​លើកឡើង​ថា គឺជា​បុព្វសិទ្ធិ​និង​កិត្តិយស​ដ៏​ធំធេង​ដែល សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឱ្យ ឯកឧត្តម​និង​សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម​នៅ​ពេល​នេះ​។ ឯកឧត្តម បាន​សម្ដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេជោ និង​បាន​រំលឹកថា​នៅ​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០ បន្ទាប់ពី​បាន​ជូន​សារតាំង​ចំពោះ​ប្រមុខរដ្ឋស្ដីទី ឯកឧត្តម​បាន​ចូលជួប​សំដែង​ការគួរសម សម្ដេច​តេជោ នៅ​វិមាន​សន្តិភាព ហើយ​បាន​រៀបរាប់​ពី​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​កំពូល​រវាង​ប្រទេស​ទាំង​ពីរ ដែល​ក្នុងនោះ​គឺ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ទៅកាន់​ទីម័​រឡេ​ស្តេ​នៅ​ឆ្នាំ​២០១៦ ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ទីម័​រឡេ​ស្តេ​។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ​របស់​ទីម័​រឡេ​ស្តេ គឺ ឯកឧត្តម Jose Manuel Ramos-Horta ប្រធានាធិបតី និង ឯកឧត្តម Kay Rala Xanana Gusmão ដែល​ជា​អតីត​ប្រធានាធិបតី និង​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​ច្រើនលើក ដែល​ទាំងអស់​នេះ​បាន​ពង្រឹង​ថែម​ទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ជា​បងប្អូន​រវាង​កម្ពុជា​និង​ទីម័​រឡេ​ស្តេ ដោយ​ប្រទេស​យើង​ទាំង​ពីរ​មាន​ប្រវត្តិសាស្ត្រ​ស្រដៀង​គ្នា ។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ឆ្នាំ​២០២៣​កន្លងទៅ ដែល​នេះ​ជា​សក្ខីភាព​នៃ​លិទ្ធិប្រជាធិបតេយ្យ​ដែ​ល​កម្ពុជា​បាន​បង្ហាញ​ទៅកាន់​ពិភពលោក​។ ឯកឧត្តម​បាន​ធ្វើ​ជា​អ្នកសង្កេតការណ៍​នៅក្នុង​ការបោះឆ្នោត​នេះ និង​បាន​ជួប​ជាមួយ​អ្នក​ទៅ​ចូលរួម​ការបោះឆ្នោត ប្រកប​ដោយ​ទឹកមុខ​រីករាយ ព្រមទាំង​បាន​សម្ដែង​ការដឹងគុណ​និង​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់ សម្ដេច​តេជោ ក្នុង​ការនាំមក​នូវ​សុខសន្តិភាព ការបង្រួបបង្រួម​ជាតិ ប្រជាជន​មាន​ការងារ​ធ្វើ មាន​ជីវភាព​រីកចម្រើន មាន​លំនៅឋាន​រស់នៅ​សមរម្យ និង​កាន់​ប្រសើរឡើង​ជា​លំដាប់​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ចាត់ទុកថា សម្ដេច​តេជោ​គឺ​មិនមែន​តែ​ជា​មេដឹកនាំ​សម្រាប់​កម្ពុជា​នោះ​ទេ ក៏ប៉ុន្តែ សម្ដេច​តេ​ជោក៏ជា​មេដឹកនាំ​សម្រាប់​តំបន់​និង​ពិភពលោក​ផងដែរ​។ ឯកឧត្តម បាន​កោតសរសើរ​ចំពោះ​ការរីកចម្រើន​របស់​កម្ពុជា ដោយ​មាន​ការអភិវឌ្ឍ​និង​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ ហើយ​ឯកឧត្តម​បាន​ធ្វើដំណើរ​ទៅ​ខេត្ត​ចំនួន​១៩ ដោយ​ក្នុង​នោះ ឯកឧត្តម​ក៏​ធ្លាប់បាន​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​កង់​៣ គឺ​បាន​ដឹង​ពី​ការរស់នៅ​យ៉ាង​ល្អប្រសើរ​ពិតប្រាកដ​របស់​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​កោតសរសើរ​នូវ​សមិទ្ធផល​យ៉ាង​ត្រចះត្រចង់​គួរ​ជាទី​មោទនៈ ក្នុងពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​កន្លងទៅ ជាពិសេស​គឺ​ការជួយជ្រោមជ្រែង​របស់​កម្ពុជា ក៏​ដូចជា​ការជួយ​សម្រប​សម្រួល​ជាមួយ​ប្រទេស​ជា​សមាជិក​៩​ផ្សេង​ទៀត​នៅក្នុង​អាស៊ាន ដើម្បី​អាច​ទទួលយក​ទីម័​រឡេ​ស្តជា​សមាជិក បន្ទាប់ពី​បាន​ដាក់សំណើ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ឯកឧត្តម ក៏​បាន​រំលឹក​ផងដែរ​ថា​ប្រជាជន​ទីម័​រឡេ​ស្តេនិ​ង​ថ្នាក់ដឹកនាំ​ទីម័​រឡេ​ស្តេ ជាពិសេស​ប្រធានាធិបតី គឺ​តែងតែ​លើកឡើង​ពី​មោទនភាព​ចំពោះ​សម្ដេច​តេជោ និង​បាន​និយាយ​ពី​ការ​ងើបឡើង​ខាង​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​មាន​ការរីក​មុខមាត់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បាន​ពាំនាំ​នូវ​ការអញ្ជើញ​ពី ឯកឧត្តម​ប្រធានាធិបតី​ទីម័​រឡេ​ស្តេ ជូន​សម្ដេច​តេជោ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ទទួល​មេដាយ​ថ្នាក់​ខ្ពស់​បំផុត​ទីម័​រឡេ​ស្តេ នាពេលខាងមុខ ដើម្បី​ជា​ការ​អរគុណ​និង​ដឹងគុណ​ចំពោះ សម្តេច ដែល​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការកសាង​និង​រក្សា​សន្តិភាព​នៅក្នុង​តំបន់ ក៏ដូចជា​ជួយ​ដល់​ប្រទេស​របស់​ឯកឧត្តម​កន្ល​ង​មក​។​

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ ប្រធាន​ព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​ការលើកឡើង​របស់ ឯកអគ្គរដ្ឋទូត នូវ​ទំនាក់ទំនង​វាង​ប្រទេស​យើង​ទាំងពីរ ដោយ​សម្ដេច​បាន​ចាត់ទុក​ថា​យើង​បាន​ធ្វើការ​ជាមួយគ្នា​ដោយ​ឆ្លងកាត់​ការលំបាក​ជាច្រើន ពិសេស​ក្នុង​សម័យកាល​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ និង​បាន​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ជំរុញ​ឱ្យ​ទីម័​រឡេ​ស្តេ ចូលទៅ​ក្នុង​សហគមន៍​អាស៊ាន​។​

​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​របស់​ប្រធានាធិបតី​ទីម័​រឡេ​ស្តេ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ដោយ​សម្ដេច​តេជោ​បញ្ជាក់ថានឹ​ង​រក​ពេលវេលា​សមស្រ​ប​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីម័​រឡេ​ស្តេ​សាជាថ្មី​។​

​សម្ដេច​តេ​ជោបាន​រំលឹកថា មូលហេតុ​ដែលនាំឱ្យ​សម្ដេច​សម្រេច​ចិត្ត​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីម័​រឡេ​ស្តេ​ឆ្នាំ​២០១៦ នោះ ទី​១) គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ទីម័​រឡេ​ស្តេ និង​ទី​២) ដើម្បី​មើល​ឃើញជាក់ស្ដែង​ពី​ការអភិវឌ្ឍ​របស់​ទីម័​រឡេ​ស្តេ និង​ជា​ការបញ្ជូនសារ​ទៅកាន់​បណ្ដា​សមាជិក​អាស៊ាន​ដទៃទៀត​ពី​វឌ្ឍនភាព​ទីម័​រឡេ​ស្តេ​ដែល​អាច​ចូល​ជា​សមាជិក​សហគម​អាស៊ាន​។​

​សម្ដេច​តេជោ ក៏​បាន​រំលឹក​ផងដែរ​ថា សម្ដេច​តែងតែ​បាន​លើក​ពី​ប្រទេស​ទីម័​រឡេ​ស្តេ​រាល់ពេល​កិច្ចប្រជុំ​នានា​ជាពិសេស នៅ​ឆ្នាំ​២០១២ ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញ៉ូវ​យក សម្ដេច​តេជោ ក៏​បាន​ថ្លែង​ផងដែរ​ពី​ការជួយ​ជំរុញ​ឱ្យ​ទីម័​ឡេ​ស្តេ​បាន​ចូល​ជា​សមាជិកអា​ស៊ាន ហើយ​អង្គសន្និបាត​បាន​ទះដៃ​គាំទ្រ​យ៉ាងខ្លាំង​។​សម្ដេច​តេជោ ក៏បាន​រំលឹក​បន្ថែមទៀត​ថា​នៅ​ឆ្នាំ​២០២២ ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន សម្ដេច​បាន​ជំរុញ​ឱ្យ​ទទួលយក​ប្រទេស​ទីម័​រឡេ​ស្តេចូ​ល​ជា​ប្រទេស​សង្កេតការណ៍ ដោយ​ចូលរួម​ប្រជុំ​គ្រប់​វេទិកា​ទាំងអស់​។ ហើយ​ថ្មីៗ​នេះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង និង​ជំរុញ​ឱ្យ​ប្រទេស​ទីម័​រឡេ​ស្តេ​បាន​ចូល​ជា​សមាជិកអា​ស៊ាន​ពេញលេញ​ផងដែរ​។​

​សម្ដេច​តេជោ​បានកោតស​រសើរ និង​មាន​មោទនភាព​ចំពោះ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​និង​ទីម័​រឡេ​ស្តេ ដោយ​ទំហំ​ពាណិជ្ជកម្ម​ក៏​បាន​កើនឡើង ពិសេស​អរគុណ​ទីម័​រឡេ​ស្តេ​ដែល​បាន​នាំ​អង្ករ​ពី​កម្ពុជា ចំនួន ៤​ពាន់​តោន​នៅ​ឆ្នាំ​២០២៤​នេះ​។ សម្ដេច​តេជោ បាន​ផ្ដល់​ជា​អនុសាសន៍​ថា ដើម្បី​ធានា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់ និង​សន្តិសុខ​ស្បៀង សម្រាប់​ទីម័​រឡេ​ស្តេ ទីម័​រឡេ​ស្តេ គួរតែ​ពិចារណា​លើ​ការវិនិយោគទុន​នៅ​កម្ពុជា​ដោយ​បង្កើត​ឃ្លាំង​ស្តុក​ម៉ាស៊ីនកិនស្រូវ និង​បណ្ដាញ​ទិញ​ស្រូវ​អង្ករ​យក​មក​កិន​ហើយ​នាំ​ទៅកាន់​ប្រទេស​ទីម័​រឡេ​ស្តេ រួម​ទាំង​ផលិតផល​កសិកម្ម​ផ្សេងៗ ដើម្បី​ផ្ដល់​ក្នុង​វិស័យ​ចិញ្ចឹមសត្វ​ផងដែរ​។​

​សម្ដេច​តេជោ ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា​យើង​មាន​លទ្ធភាព​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ដោយ​ទីម័​រឡេ​ស្តេ​មាន​សមត្ថភាព​និង​បទពិសោធន៍​ក្នុង​ការគ្រប់គ្រង​ថាមពល ហើយ​កម្ពុជា​មាន​ស្បៀង​ដែល​យើង​នឹង​អាច​ផ្លាស់ប្ដូរ​បទពិសោធន៍​ធ្វើ​អាជីវកម្ម​ជាមួយគ្នា ហើយ​កម្ពុជា​ត្រូវ​ការរៀនសូត្រ​ពី​ទីម័​រឡេ​ស្តេ​នូវ​ការគ្រប់គ្រង​ធនធាន​ប្រេង ដោយ​កម្ពុជា​នៅ​មិនទាន់​បាន​វិនិយោគ​ឬ​ក៏​យក​ផលប្រយោជន៍​ពី​ធនធាន​ប្រេង​ដែល​មាន​នៅក្នុង​ដែនសមុទ្រ និង​ដែនដី​គោក​នៅឡើយ​ទេ​។ ជាមួយគ្នានេះដែរ សម្ដេច​តេជោ ក៏​បាន​ជំរុញ​ឱ្យ​ទីម័​រឡេ​ស្តេ បន្ត​ធ្វើការ​ជាមួយ​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត ដើម្បី​អាច​ពន្លឿន​ដំណើរការ​ក្នុង​ការចូ​ល​ជា​សមាជិក​ពេញ​សិទ្ធិ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។ សម្តេច មាន​សុទិដ្ឋិនិយម​ក្នុង​ការចូលរួម​របស់​ទីម័​រឡេ​ស្ត​នៅក្នុង​អាស៊ាន ហើយ​ទីម័​រឡេ​ស្តេ​ផ្ទាល់​ក៏​ត្រូវ​ត្រៀមលក្ខណៈ​ជា​ប្រធាន​អាស៊ាន​នៅពេល​ណា​មួយ​ខាងមុខ រួម​ទាំង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​សមរម្យ​តាម​តម្រូវការ​ផងដែរ​។​

​សម្ដេច​តេជោក៏បាន​លើក​ឡើង ពី​ហេតុផល​ដែល​សម្ដេច​បាន​ដកខ្លួន​ពី​នាយក​រដ្ឋមន្ត្រី​ហើយ​ប្រគល់​តំណែង​និង​ផ្ទេរ​ទៅឱ្យ​អ្នកជំនាន់ក្រោយ ដែល​ការលះបង់​នេះ​គឺ​ដើម្បី​ដោះ​ដូរ​ជាមួយនឹង​សុខសន្តិភាព​យូរអង្វែង និង​ការអភិវឌ្ឍ​ជា​បន្ត​ទៅមុខ​។​

​ឯកអគ្គរដ្ឋទូត ទីម័​រឡេ​ស្តេ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ និង​ថ្លែង​បញ្ជាក់​សាជាថ្មី​ថា​នេះ​គឺជា​មោទនភាព កិត្តិយស​និង​បុព្វសិទ្ធិ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល សម្ដេច​តេជោ ជា​មេដឹកនាំ ជា​បិតា​មួយ​រូប​របស់​កម្ពុជា ជា​មេដឹកនាំ​ក្នុង​អាស៊ាន និង​ពិភពលោក បានអនុញ្ញាត​ឱ្យ ឯកឧត្តម​និង​សហការី​បាន​ចូលជួប​សំដែង​ការគួរសម​នាពេលនេះ​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ជូនពរ ឯកឧត្តម​អគ្គរដ្ឋទូត និង​សហការី​បន្ត​បំពេញការងារ​ប្រកប​ដោយ​ភាពជោគជ័យ​នៅ​កម្ពុជា​៕

Leave a Reply

Your email address will not be published.