ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មាន​ភាព​សកម្ម​ផ្សព្វផ្សាយ ឆ្លើយតប និង​ពន្យល់​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ទទួលខុសត្រូវ​!

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​ប្រធាន​អង្គភាព​នានា​ចំណុះ​ក្រសួង​មហាផ្ទៃ មាន​ភាព​សកម្ម​ក្នុង​ការតាមដាន និង​ក្តាប់​ឱ្យបាន​នូវ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ដឹកនាំ និង​គ្រប់គ្រង ដោយ​ត្រូវ​សកម្ម​ផ្សព្វផ្សាយ ស្រាយ​បំភ្លឺ និង​ពន្យល់​ឱ្យបាន​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ ទៅកាន់​សាធារណជន ពិសេស​ពលរដ្ឋ​ដែល​ទទួល​សេវា​។

​ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​របៀបរ​បប​ការងារ​របស់​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​ប្រធាន​អង្គភាព​នានា​ចំណុះ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានបង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល ដើម្បី​ឱ្យ​មហាជន បាន​ជ្រួតជ្រាប​ពី​វឌ្ឍន​ការងារ​របស់​ក្រសួងមហាផ្ទៃ និង​ទទួល​យក​មតិ​រិៈគ​ន់ក្នុង​ន័យ​ស្ថាបនា សំណើ និង​សំណូមពរ​ពី​មហាជន​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និង​អង្គភាព​នានា សហការ​ជាមួយ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ ដើម្បី​ផ្សព្វផ្សាយ​អំពី​វឌ្ឍនភាព​ការងារ​របស់​អង្គភាព សម្រេច​បាន​កន្លងមក ក៏ដូចជា​បកស្រាយ​បំភ្លឺ​នូវ​រាល់​ករណី ឬ​ហេតុការណ៍​ចាំបាច់​ណាមួយ ដែល​វាយប្រហារ​ប៉ះពាល់​លើ​ការដឹកនាំ និង​គ្រប់គ្រង ដោយ​មិន​រង់ចាំ​តែ​ការបកស្រាយ​បំភ្លឺ​ពី​ក្រុម​អ្នកនាំពាក្យ​នោះឡើយ​។​

​ជាមួយ​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​ប្រធាន​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ​ការងារ​ជា​ប្រចាំ ដើម្បី​វិភាគ​កែលម្អ តម្រង់​ទិស​ការងារ ការតាក់តែង​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​គោលនយោបាយ​តាម​អង្គភាព​នី​មួយៗ​របស់ខ្លួន​៕

Leave a Reply

Your email address will not be published.