កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានលើកឡើងថា អ្វីៗដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់ ដូច្នេះការចូលរួមជីវភាពនយោបាយរបស់បងប្អូន កូនក្មួយ ជាមួយគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចដ៏ត្រឹមត្រូវបំផុត។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៥៣៩នាក់នៃសង្កាត់រការធំនិងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែងបម្រើប្រជាពលទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខរបស់ប្រជាជនជាអាទិភាព តាមរយៈការរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ វត្តអារាម, សាលារៀន និងខិតខំជួយប្រជាជនក្នុងគ្រាលំបាកដោយមិនទុកប្រជាជនណាម្នាក់ចោលនោះទេ។ ក្រៅពីនេះ ក៏មានការរៀបចំគោលនយោបាយជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក៏ដូចជាការខិតខំពង្រឹងសមត្ថភាពក្នុងការលើកកម្ពស់ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងជាទីពេញចិត្តសម្រាប់ប្រជាជន។
ឯកឧត្តមបន្ថែមថា ដោយគោលនយោបាយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជានេះហើយ ទើបប្រទេសជាតិមានការរីកចម្រើនដល់បច្បុប្បន្ន ហើយគណបក្សក៏នឹងបន្តរៀបចំ និងអនុវត្តនូវនយោបាយដែលត្រឹមត្រូវបន្តទៅមុខទៀត។ គោលនយោបាយល្អ ក៏មិនអាចជោគជ័យទាំងស្រុងនោះដែរ គឺត្រូវទាមទារឱ្យមានប្រតិបត្តិករដ៏ស្មោះត្រង់ និងមានសមត្ថភាព ទើបអាចទទួលជោគជ័យបាន។ ក្នុងន័យនេះ យុវជន គឺជាកម្លាំងប្រតិបត្តិករយ៉ាងសំខាន់ចំពោះការចូលរួមដោយផ្ទាល់ក្នុងការបម្រើប្រទេសជាតិ តាមរយៈការចូលរួមជីវភាពនយោបាយក្នុងនាមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះ យើងត្រូវបន្តរួមសាមគ្គីគ្នាឱ្យបានរឹងមាំ និងអនុវត្តគ្រប់ភារកិច្ចតាមឋានានុក្រមពីលើដល់ក្រោម ក្នុងការងារបម្រើប្រជាជន ហើយត្រូវលុបបំបាត់នូវរាល់សកម្មភាពអវិជ្ជមាន ដែលអាចបង្កការថ្នាំងថ្នាក់ដល់ប្រជាជន ដើម្បីធ្វើយ៉ាងណាធានាការការពាររាល់ផលប្រយោជន៍របស់ប្រជាជនក្នុងគ្រប់កាលៈទេសៈ។
ប្រធានគណកម្មាធិការបក្សខេត្ត ឯកឧត្តម ជាម ចន្ទ័សោភ័ណ ក៏បានគូសបញ្ជាក់បន្ថែមថា ការប្រែមុខមាត់តាមរយៈការអភិវឌ្ឍនិងគម្រោងវិនិយោគនានា ដែលបានលេចជារូបរាងជាបន្តបន្ទាប់ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពីភាពជាក់ស្តែងដែលប្រជាពលរដ្ឋទាំងក្នុងបណ្តាខេត្តក្នុងតំបន់សហប្រតិបត្តិការ និងប្រជាពលរដ្ឋទូទៅបានឃើញនិងកំពុងទទួលបាន។ ដូច្នេះការប៉ុនប៉ង បំភ្លៃ បំភ័ន្ត របស់ជនអគតិមួយចំនួនក្នុងចេតនាបង្ខូចកិត្តិយស និងការពិត នៃកិច្ចការរបស់រាជរដ្ឋាភិបាល ពិសេសគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ដែលសង្គមមិនគួរអត់ឱនឱ្យ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះអំពើញុះញង់របស់ខ្លួន។
ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានអំពាវនាវ ឱ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។យើងទាំងអស់គ្នាតោងដឹងថា គ្មាននរណាស្រលាញ់កម្ពុជា ជាងអ្នកដែលបានរួមសុខរួមទុក្ខជាមួយគ្នាចាប់តាំងពីគ្រាដ៏លំបាកបំផុត និងបានកសាងអ្វីៗទាំងអស់ចេញពីបាតដៃទទេនោះទេ។ ដូច្នេះ ក្នុងនាមជាយុវជន ដែលជាកម្លាំងស្នូលពោរពេញដោយសក្តានុពលសម្រាប់បន្តវេន ជាពិសេសក្នុងនាមជាសកម្មជនបក្ស ដែលទទួលបានទំនុកចិត្តពីបក្សត្រូវប្តេជ្ញាបន្តថែរក្សាសមិទ្ធផលសព្វថ្ងៃឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយៗទៀត ហើយចំពោះមុខនេះ គឺការចូលរួមការពារប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺនឹងត្រូវបានអនុវត្តបន្តទៅមុខ ជាប្រយោជន៍សម្រាប់ជាតិនិងប្រជាជនកម្ពុជាផងដែរ៕